(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានក្រើនរំលឹកជាថ្មីម្ដងទៀត ឲ្យមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរសង្កាត់ទាំង៧ លើការពង្រឹងគ្រប់គ្រងរដ្ឋបាលសន្តិសុខ ពិសេសការបង្ការទប់ស្កាត់ការរីករាលដាលដោយជំងឺវីរុស Covid-19 ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។
ការក្រើនរំលឹករបស់លោក ជា ពិសី បានធ្វើឡើងក្នុងពេលលោកដឹកនាំមន្ត្រីក្រោមឱវាទ ចុះជួបសំណេះសំណាល និងផ្តល់អំណោយជូនមន្ត្រីរាជការ នៃរដ្ឋបាលសង្កាត់ទួលសង្កែ១ មានមេភូមិ អនុភូមិ សមាជិកភូមិ និងកម្លាំងប្រជាការពារ សរុបចំនួន ១៧០នាក់ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។
សូមបញ្ជាក់ថា សម្រាប់ខណ្ឌឬស្សីកែវ មានបងប្អូនខ្មែរ ៣នាក់ (២នាក់មកពីប្រទេសម៉ាឡេស៊ី ក្នុងចំណោម ៧៩នាក់) បានកើត COVID-19 ស្ថិតនៅសង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ ហើយមនុស្សចំ នួន ៤០នាក់ទៀត ត្រូវបានអាជ្ញាធរ និងមន្រ្តីសុខាភិបាលយកសំណាកទៅពិនិត្យ ប៉ុន្តែលទ្ធផលអវិជ្ជមាន COVID-19។
លោក ជា ពិសី បញ្ជាក់ថា ចំពោះអំណោយ ដែលបាននាំយកមកឧបត្ថម្ភជូនមន្ត្រីរាជការ នៃរដ្ឋបាលសង្កាត់ទួលសង្កែ១ នាពេលនេះ គឺក្រោមការយកចិត្តទុកដាក់ឧបត្ថម្ភដោយឧត្តមសេនីយ៍ឯក យឹម លាង នាយករងខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជានាយសេនាធិការចម្រុះ នៃក្រសួងការពារជាតិ ហើយក៍ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌប្ញស្សីកែវ ផងដែរ ដើម្បីលើកទឹកចិត្ត ដែលបានខិតខំបំពេញភារកិច្ចជូនដល់មូលដ្ឋាន ក៏ដូចជាការផ្តល់ជូនសំរាប់ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។
លោកអភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតក្នុងឱកាស ផ្តាំផ្ញើដល់មន្ត្រីរាជការ និងកងកម្លាំងទាំងអស់ ផ្ដោតសំខាន់នាពេលបច្ចុប្បន្ន កំពុងតែមានជំងឺកូវីដ-១៩ កើតឡើង ត្រូវថែទាំសុខភាពឲ្យបានល្អ និងមានអនាម័យជានិច្ច ហើយក្នុងករណីសង្ស័យ ត្រូវតែទៅពិនិត្យព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិត និងតាមដានព័ត៌មានផ្សេងៗ ពីវិធីបង្ការ និងការការពារពីជំងឺកូវីដ-១៩ ដែលណែនាំដោយក្រសួងសុខាភិបាល ជៀសវាងព័ត៌មានបំភ្លៃការពិត។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានជំរុញឲ្យមន្ត្រីកងកម្លាំងពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់តាមដានរាល់សកម្មភាពទាំងឡាយ ដូចជាកន្លែងកំសាន្តនានា KTV, រង្គសាល, ក្លឹបកំសាន្ដ បើមានបើកឡើងវិញ ត្រូវតែមានវិធានការជាបន្ទាន់ ដើម្បីរង់ចាំការសម្រេចចេញសេចក្ដីណែនាំជាថ្មីជាមុនសិន ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន៕