(បន្ទាយមានជ័យ)៖ លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយក្រុងប៉ោយប៉ែត នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ បានចុះសំណេះសំណាល សួរសុខទុក្ខអាជីវករលក់ដូរនៅផ្សារថ្មីប៉ោយប៉ែត (ផ្សារអគ្គ) ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសមាជិកសមាជិកាទូទាំង ៣សង្កាត់ ក្នុងក្រុងប៉ោយប៉ែតផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក គឹង វណ្ណៈ បានក្រើនរំលឹក និងណែនាំឲ្យប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរ នៅផ្សារអគ្គទាំងអស់ ត្រូវរក្សាអនាម័យឲ្យបានខ្ពស់ ក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ខណៈជំងឺនេះ កំពុងតែរីករាលដាលទូទាំងពិភពលោក ក្នុងនោះកម្ពុជា ក៏ទទួលរងផលប៉ះពាល់ផងដែរ។
អភិបាលរងខេត្តបន្ទាយមានជ័យរូបនេះ បានគូសបញ្ជាក់ទៀតថា បើទោះបីពេលបច្ចុប្បន្ននេះ ប្រទេសថៃ បានបិទព្រំដែនបណ្ដោះអាសន្នជាមួយកម្ពុជា ក៏ពិតមែន ប៉ុន្ដែមិនមែនបិទរហូតនោះទេ ពោលគ្រាន់តែជាវិធានការបន្ទាន់ដើម្បីការពារប្រជាជននៃប្រទេសទាំងសងខាង ពីជំងឺដ៏សាហាវមួយនេះ ព្រោះថាពេលនេះប្រជាជនថៃ បានឆ្លងនៅមេរោគនេះជាបន្ដបន្ទាប់។
គួរជម្រាបថា ប្រទេសថៃ បានប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយប្រទេសកម្ពុជា នៅក្នុងខេត្ដបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន និងខេត្តកោះកុង ចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ដោយពួកគេអះអាងថា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19 ប៉ុន្តែសម្រាប់រថយន្តដឹកទំនិញចេញចូលនៅបន្តធម្មតា ក្រោមលក្ខខណ្ឌរឹតបន្តឹងខ្លាំង។
សេចក្ដីជូនដំណឹងរបស់អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ប្រទេសថៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ បញ្ជាក់ថា ចាប់ពីថ្ងៃស្អែកទៅ រហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ពោលរយៈពេល ១៤ថ្ងៃ ប្រទេសថៃ នឹងសម្រេចបិទជាបណ្ដោះអាសន្ន នៅច្រកព្រំដែនកម្ពុជា-ថៃ គ្រប់កម្រិតដែលស្ថិតនៅក្នុងខេត្តសាកែវ៕