(ក្រចេះ)៖ ប្រជាពលរដ្ឋ២ភូមិ មានប្រមាណជាង៣០ គ្រួសារ ស្ថិតនៅភូមិអូរឫស្សី និងភូមិក្រគរ បានគាំទ្រឲ្យមានការស្ដារបឹងធម្មជាតិ ឈ្មោះបឹងរុន ស្ថិតនៅក្នុងភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ ។ការស្តាបឹងនេះដើម្បីបានទឹកបានស្រោចស្របដីស្រែប្រមាណ២៣ហិកតា, រួមទាំងជួយសគ្រោះជម្រកត្រីពងកូនទៀតផង។
ដោយសារកន្លងមកស្ថានភាពអាកាសធាតុប្រែប្រួលធ្វើឲ្យបឹងធម្មជាតិនោះរីងស្ងួត ខ្វះទឹកប្រើប្រាស់២-៣ឆ្នាំកន្លងមកហើយ។
តំណាងប្រជាពលរដ្ឋនៅទីនោះ បានឲ្យដឹងថា ពួកគាត់ចំនួន១៦គ្រួសារ បានផ្ដិតមេដៃស្នើសុំទៅចៅសង្កាត់ក្រគរ តាមរយៈប្រធានសហគមន៍ប្រើប្រាស់ទឹក ដើម្បីស្វែងរកក្រុមហ៊ុនមកជួយជីកស្ដារបឹងធម្មជាតិនេះឲ្យបានជ្រៅ ដោយមានគ្រឿងចក្រឯកជនបានចូលកាយយកអាចម៌ដី និងលើកជាខ្នងទំនប់ព័ទ្ធជុំវិញបឹងថែមទៀតផង។ ប៉ុន្តែការស្ដារនេះត្រូវបានខកខានដោយសារតែ គណៈកម្មការចម្រុះដឹកនាំដោយលោកជា សុភក្ត្រ ព្រះរាជអាជ្ញារងខេត្តក្រចេះបានចុះហាមឃាត់ដោយសំអាងថាគ្រឿងចក្រនិងរថយន្តដឹកជញ្ជូនដីទាំងអស់នោះគ្មានច្បាប់អនុញ្ញាត។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបានចេញលិខិតចុះថ្ងៃទី២០ មិនា ឆ្នាំ២០២០ ជម្រាបជូនលោកចៅសង្កាត់ក្រគរ ដោយឯកភាពឲ្យមានការស្ដារបឹងធម្មជាតិនេះឡើងវិញ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាកសិករ។
ចំណែកមន្រ្តីជលផលខេត្តក្រចេះលោក សៀន គិន បានឲ្យដឹងថា ក្រោយពីការចុះពិនិត្យជាក់ស្ដែងចំពោះការស្ដារបឹងធម្មជាតិនេះ មិនប៉ះពាល់ដល់ធនធានធម្មជាតិឡើយ គឺអាចជួយបម្រើដល់ផលស្រែរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរថែមទៀតផង។
លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះវិញ ក៏បានគាំទ្រចំពោះចំណាត់ការស្ដារបឹងធម្មជាតិនេះដែរ ប៉ុន្តែការចុះហាមឃាត់កាលគ្រាកន្លងមក គឺដោយសារតែគ្រឿងចក្រជីកកាយ និងដឹកជញ្ជូនតម្រូវឲ្យមានច្បាប់អនុញ្ញាត។ ទោះយ៉ាងណាការចុះឃាត់គ្រឿងចក្រកាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០២០ គឺតម្រូវឲ្យម្ចាស់គ្រឿងចក្របង់ប្រាក់ពិន័យចំនួន២៤លានរៀល ទើបអាចសុំច្បាប់និងដំណើរការបានជាបន្តទៀត។ ការដ្ឋាននោះត្រូវបានផ្អាកលែងមានការជីកស្ដារបឹងនោះជាបន្តទៀតហើយ ឯប្រជាពលរដ្ឋមានដីស្រែជាង២៣ហិកតាក្បែរនោះ នឹងខ្វះខាតទឹកប្រើប្រាស់ជាច្រើនឆ្នាំបន្តទៀត ។
ចំណែកប្រជាពលរដ្ឋ១៨គ្រួសារដែល បានប្ដឹងក្រុមហ៊ុន ប៊ុន ធឿន សាងសង់លំនៅឋាន ទៅ ស្ថាប័នព្រះរាជអាជ្ញា អំពីគម្រោងស្ថាបនាផ្លូវថ្មី ពួកគាត់សម្តែងការព្រួយបារម្ភថា អាចធ្វើឲ្យស្ទះទឹកភ្លៀងជន់លិចផ្ទះសំបែង សាលារៀន និងវត្តអារាមដែលនៅចម្ងាយប្រមាណជាង១០០ម៉ែត្រ ពីគម្រោងផ្លូវថ្មីនោះ។
រីឯលោកប៊ុន ធឿន តំណាងក្រុមហ៊ុនសាងសង់លំនៅឋានបានបញ្ជាក់ថាក្រុមហ៊ុនរបស់លោកមានច្បាប់សាងសង់ត្រឹមត្រូវ ហើយផ្លូវដែលជាប់ពីមាត់បឹងនោះ ស្ថិតនៅក្នុងដីកម្មសិទ្ធិរបស់លោកមានច្បាប់សាងសង់ត្រឹមត្រូវ ដែលទទួលស្គាល់ដោយជំនាញនិងអាជ្ញាធរក្រុង។ ប្រសិនបើក្រុមហ៊ុនរបស់លោកសាងសង់ផ្លូវ ឬលំនៅឋាននៅក្នុងប្លង់កម្មសិទ្ធិនោះ ក៏មិនមាន បញ្ហាអ្វីទេ ព្រោះអភិបាលក្រុងក្រចេះ និងមន្ត្រីជំនាញក្រោមឱវាទ បានចុះពិនិត្យពីផល ប៉ះពាល់រួចរាល់អស់ហើយ។ ប៉ុន្តែប្រសិនបើមានការប្ដឹងជំទាស់ចំពោះការអភិវឌ្ឍន៍នេះ លោកនឹងអនុវត្តទៅតាមផ្លូវច្បាប់ គឺគ្រប់គ្រងដីដែលជាកម្មសិទ្ធិទាំងស្រុងរបស់លោកផ្ទាល់មិនអនុញ្ញាតិឲ្យមានការធ្វើដំណើរឆ្លងកាត់នោះឡើយ៕