(សេអ៊ូល,កូរ៉េ)៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះថា បងប្អូនជនជាតិខ្មែរ យើងចំនួន៣នាក់ ដែលឆ្លង COVID-19 នៅកូរ៉េមានសុខភាពល្អធម្មតា និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
សូមបញ្ជាក់ថា ជនជាតិខ្មែរទាំង ៣នាក់ ដែលឆ្លង COVID-19 គឺជាស្រ្តីខ្មែររៀបការស្វាមីកូរ៉េ អាយុ២៣ឆ្នាំ និងម្តាយរបស់គាត់អាយុ៤៦ឆ្នាំ រួមជាមួយនឹងកូនប្រុសអាយុទើប ៣ខែ នៅទីក្រុងប៊ូឆុន។ ពួកគេបានឆ្លង COVID-19 ពីប្តីជនជាតិកូរ៉េ ប៉ុន្តែក្រោយការសួរនាំគឺមានសុខភាពល្អធម្មតា ខណៈកំដៅត្រឹមតែ ៣៦អង្សា។
ក្រោយឆ្លើយឆ្លងគ្នាតាមរយៈទូរស័ព្ទជាមួយស្រ្តីជនជាតិខ្មែរដែលមានស្រុកកំណើតនៅក្រុងតាខ្មៅ ខេត្តកណ្តាល, លោក ឡុង ឌីម៉ង់ បានឱ្យដឹងថា ដំណាក់កាលដំបូង ក្រុមគ្រូពេទ្យពិនិត្យរកអត់ឃើញ មានផ្ទុកវីរុស COVID-19 នោះទេ ប៉ុន្តែរហូតបាន ២សប្តាហ៍ក្រោយមកទើបបញ្ជាក់ថា ពួកគាត់ទាំង ៣នាក់ មានផ្ទុកវីរុសនេះ។
បើតាមលោក ឌីម៉ង់ ស្រ្តីខ្មែររូបនេះមានស្មារតីរឹងមាំ មិនភិតភ័យនោះទេ ហើយបច្ចុប្បន្ន ប្តីរបស់គាត់កំពុងតែសម្រាកព្យាបាលសុខភាព ដាច់ដោយឡែកពីនាង។
ជាមួយគ្នានេះដែរលោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា «បច្ចុប្បន្ននេះជនជាតិខ្មែរទាំង ៣នាក់ខាងលើ ត្រូវបានក្រុមគ្រូពេទ្យកូរ៉េ យកចិត្តទុកដាក់ថែទាំសុខភាពរបស់យ៉ាងយកចិត្តទុកដាក់បំផុត»។ បន្ថែមពីនេះលោកក៏បានជំរុញលើកទឹកចិត្តដល់ស្ត្រីជាជនជាតិខ្មែរ សូមកុំមានការព្រួយបារម្ភឱ្យសោះ ព្រោះក្រុមគ្រូពេទ្យកំពុងតែយកចិត្តទុកដាក់លើសុខភាពរបស់ពួកគាត់។
លោកក៏បានបញ្ជាក់ទៅស្ត្រីខ្មែររូបនេះថា បើត្រូវការជំនួយអ្វីមួយពីស្ថានទូតខ្មែរប្រចាំកូរ៉េ សូមប្រាប់ លោកនឹងជួយដោះស្រាយជូនភ្លាមៗតែម្តង។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ នៅប្រទេសកូរ៉េខាងត្បូងទាំងមូលមានអ្នកឆ្លង COVID-19 ចំនួន ៨៨៩៧នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ១០៤នាក់ រីឯអ្នកជាសះស្បើយចំនួន ២៩០៩នាក់៕