(ភ្នំពេញ)៖ ប្រជាជនភាគច្រើនតែងតែឮពាក្យថា «អាណត្តិ» និងគិតថាពាក្យនេះគេប្រើប្រាស់សម្រាប់តែក្របខណ្ឌការងាររបស់មន្ត្រីរាជការ មន្ត្រីការទូត ឬតំណាងរាស្ត្រតែប៉ុណ្ណោះ ។ ប៉ុន្តែ ក្រៅពីការប្រើប្រាស់ពាក្យក្នុងន័យខាងលើនេះហើយនោះ អាណត្តិនេះក៏ជាសកម្មភាពប្រចាំថ្ងៃមួយចំនួនរបស់ប្រជាជនផងដែរ។
ហេតុនេះ ដើម្បីយល់កាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបកស្រាយពាក់ព័ន្ធនឹងប្រធានបទ «អាណត្តិ» ជូនប្រជាពលរដ្ឋ ដូចតទៅ៖
ដោយយោងតាមក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៦៣៧ បានឲ្យនិយមន័យថា អាណត្តិ សំដៅលើកិច្ចសន្យាមួយដែលភាគីម្ខាង ហៅថា អាណត្តិទាយក (ជាអ្នកប្រគល់សិទ្ធិអំណាច) ប្រគល់សិទ្ធិអំណាចឲ្យភាគីម្ខាងទៀត ហៅថា អាណត្តិគាហក (ជាអ្នកចាត់ចែងកិច្ចការ) ធ្វើការចាត់ចែងកិច្ចការ ដើម្បីអាណត្តិទាយក។
កិច្ចសន្យាអាណត្តិនេះ ត្រូវបង្កើតឡើងដោយការព្រមព្រៀងរបស់ភាគីតែប៉ុណ្ណោះ ពោលគឺអាចបង្កើតឡើងដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរ និងអាចយកកម្រៃ ឬមិនយកកម្រៃបាន។ ទោះបីជាកិច្ចសន្យានេះស្ថិតក្នុងរូបភាពដោយយកកម្រៃ ឬមិនយកកម្រៃក្តី អ្នកចាត់ចែងកិច្ចការត្រូវចាត់ចែងកិច្ចការអាណត្តិ ដោយប្រុងប្រយ័ត្ន ក្នុងនាមជាអ្នកគ្រប់គ្រងសុចរិត ដោយផ្អែកតាមអត្ថន័យនៃអាណត្តិ។
ចំពោះការទទួលបាននូវប្រាក់ និងវត្ថុផ្សេងៗទៀតតាមការចាត់ចែងកិច្ចការអាណត្តិ អ្នកចាត់ចែងកិច្ចការត្រូវប្រគល់ប្រាក់ និងវត្ថុផ្សេងទៀតនោះឲ្យទៅអ្នកប្រគល់សិទ្ធិ។ ម៉្យាងទៀត អ្នកចាត់ចែងកិច្ចការក៏ត្រូវប្រគល់ផលដែលប្រមូលបានឲ្យទៅអ្នកប្រគល់សិទ្ធិផងដែរ។ ជាពិសេស សិទ្ធិដែលអ្នកចាត់ចែងកិច្ចការទទួលបាននៅក្នុងនាមរបស់ខ្លួនដើម្បីអ្នកប្រគល់សិទ្ធិនោះ អ្នកចាត់ចែងត្រូវផ្ទេរសិទ្ធិនោះឲ្យទៅអ្នកប្រគល់សិទ្ធិវិញ។
ដោយឡែកពាក់ព័ន្ធនឹងការទាមទារកម្រៃរបស់អ្នកចាត់ចែងកិច្ចការ គឺអ្នកចាត់ចែងកិច្ចការ ពុំអាចទាមទារកម្រៃចំពោះអាណត្តិទាយកបានឡើយ ក្នុងករណីដែលពុំបានកំណត់ជាពិសេស ក្នុងកិច្ចសន្យា។ ចំពោះកិច្ចសន្យាអាណត្តិដែលយកកម្រៃ អ្នកចាត់ចែងកិច្ចការមិនអាចទាមទារកម្រៃបានឡើយ បើមិនបានបញ្ចប់ការអនុវត្តករណីកិច្ចដែលបានកំណត់ក្នុងអាណត្តិនោះទេ ប៉ុន្តែ បើបានកំណត់កម្រៃតាមអំឡុងពេល នោះអាចទាមទារបាននៅក្រោយពេលដែលអំឡុងពេលនោះបានកន្លងផុត។
ទន្ទឹមនឹងនេះ ប្រសិនបើកិច្ចសន្យាអាណត្តិត្រូវបានបញ្ចប់ការអនុវត្តនៅពាក់កណ្តាលទី ដោយសារមូលហេតុដែលមិនមែនជាការទទួលខុសត្រូវរបស់អ្នកចាត់ចែងកិច្ចការ អ្នកចាត់ចែងកិច្ចការអាចទាមទារកម្រៃបានតាមសមាមាត្រនៃភាគដែលបានអនុវត្តរួច។ អ្នកប្រគល់សិទ្ធិបង់សោហ៊ុយជាមុន តាមការទាមទាររបស់អ្នកចាត់ចែងកិច្ចការ ក្នុងករណីមានតម្រូវការចាំបាច់លើសោហ៊ុយសម្រាប់ការចាត់ចែងកិច្ចការអាណត្តិនោះ។
បន្ថែមពីនេះ អ្នកចាត់ចែងកិច្ចការក៏អាចទាមទារចំពោះអ្នកប្រគល់សិទ្ធិឲ្យសងមកវិញនូវសោហ៊ុយ និងការប្រាក់បាន ដោយគិតចាប់ពីក្រោយថ្ងៃដែលបានចំណាយសោហ៊ុយនោះ ប្រសិនបើបានចំណាយប្រាក់ដែលទទួលស្គាល់ថា ចាំបាច់សម្រាប់ធ្វើការចាត់ចែងកិច្ចការអាណត្តិនោះ ឬអ្នកចាត់ចែងកិច្ចការអាចឲ្យអ្នកប្រគល់សិទ្ធិសងកាតព្វកិច្ចនោះជំនួសខ្លួន ប្រសិនបើបានទទួលបន្ទុកកាតព្វកិច្ចដែលទទួលស្គាល់ថាចាំបាច់សម្រាប់ធ្វើការចាត់ចែងកិច្ចការអាណត្តិ។
ម៉្យាងទៀត ប្រសិនបើទទួលបានការខូចខាតដែលមិនមែនបណ្តាលមកពីកំហុសរបស់ខ្លួន នៅក្នុងការចាត់ចែងកិច្ចការអាណត្តិទេ អ្នកចាត់ចែងកិច្ចការអាច ទាមទារសំណងនោះពីអ្នកប្រគល់សិទិ្ធបាន។ ប៉ុន្តែ ប្រសិនបើការខូចខាតនោះកើតឡើងដោយចេតនា ឬកំហុសរបស់តតិយជន អ្នកចាត់ចែងកិច្ចការអាចទាមទារសំណង ចំពោះអ្នកប្រគល់សិទ្ធិបានត្រឹមកម្រិតដែលពុំបានទទួលសំណងពីតតិយជន (ជនទី៣) នោះតែប៉ុណ្ណោះ។
ផ្ទុយទៅវិញ ក្នុងករណីអ្នកចាត់ចែងកិច្ចការធ្វើផ្ទុយនឹងករណីយកិច្ចប្រុងប្រយ័ត្នខាងលើ ដោយធ្វើឲ្យខូចខាតដល់អ្នកប្រគល់សិទ្ធិ អ្នកប្រគល់សិទ្ធិអាច ទាមទារសំណងនៃការខូចខាតនោះ ពីអ្នកចាត់ចែងកិច្ចការបាន។ ប៉ុន្តែ ចំពោះកិច្ចសន្យាអាណត្តិមិនយកកម្រៃ តុលាការអាចបន្ថយចំនួនទឹកប្រាក់សំណងនៃការខូចខាតបាន។
ភាគីនីមួយៗ អាចរំលាយកិច្ចសន្យាអាណត្តិនៅពេលណាក៏បាន។ ប៉ុន្ដែ ភាគីម្ខាងត្រូវសងសំណងនៃការខូចខាត ប្រសិនបើការរំលាយកិច្ចសន្យាអាណត្តិនៅក្នុងអំឡុងពេល ដែលធ្វើឲ្យខូចខាតដល់ផលប្រយោជន៍ចំពោះភាគីម្ខាងទៀត លើកលែងតែមានមូលហេតុដែលមិនអាចជៀសវាងបាន។
កិច្ចសន្យាអាណត្តិអាចបញ្ចប់បាន ដោយមូលហេតុដូចជា ប្រសិនបើអាណត្តិទាយក ឬអាណត្តិគាហក បានទទួលមរណភាព ឬត្រូវបានប្រកាសធនក្ស័យ ឬត្រូវបានទទួលការប្រកាស ការចាប់ផ្ដើមអាណាព្យាបាលទូទៅ ឬការប្រកាសការចាប់ផ្ដើមហិតូបត្ថម្ភ ឬជានីតិបុគ្គលត្រូវបានរលាយ ឬជានីតិបុគ្គលបានរួមបញ្ចូលជាមួយនីតិបុគ្គលផ្សេង ឬមូលហេតុផ្សេងទៀតដែលមានកំណត់តាមការព្រមព្រៀងរបស់ភាគីបានកើតឡើង។
ប៉ុន្ដែ ភាគីអាចព្រមព្រៀងអំពីការណ៍ដែលអាណត្តិមិនបញ្ចប់ ទោះបីជាមានមូលហេតុដែលបានកំណត់ខាងលើនេះបានកើតឡើងក៏ដោយ លើកលែងតែអ្នកចាត់ចែងកិច្ចការទទួលមរណភាព ការចាប់ផ្ដើមអាណាព្យាបាលទូទៅសម្រាប់អ្នកចាត់ចែងកិច្ចការ ឬការរលាយ ឬការបញ្ចូល នៃអ្នកចាត់ចែងកិច្ចការដែលជានីតិបុគ្គល។
សរុបមក អាណត្តិក្នុងន័យនេះមិនសំដៅលើសកម្មភាពរបស់មន្ត្រីរាជការសាធារណៈ ឬតំណាងរាស្ត្រទេ គឺសំដៅលើប្រភេទនៃកិច្ចសន្យាដែលមានចែងក្នុងក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា។ នៅពេលបង្កើត កិច្ចសន្យាអាណត្តិនេះ ឬកិច្ចសន្យាផ្សេងៗ បងប្អូនប្រជាពលរដ្ឋគប្បីបង្កើតឡើងជាលាយលក្ខណ៍អក្សរ ទោះបីជាច្បាប់មិនបានកំណត់ក៏ដោយ ពីព្រោះថា ការបង្កើតកិច្ចសន្យាអ្វីមួយជាលាយលក្ខណ៍អក្សរ ដើម្បីជៀសវាងបញ្ហានានា នៅថ្ងៃអនាគត ពាក់ព័ន្ធនឹងសិទ្ធិ និងកាតព្វកិច្ច ឬរយៈពេលជាអាទិ៍។
រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងកញ្ញា ថន រ៉ាវ៉ាឌី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥ អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕