(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានបញ្ជាក់យ៉ាងដូច្នេះក្នុងកិច្ចប្រជុំនោះថា លោកចង់ឲ្យសមាជិកទាំងអស់ពិនិត្យ និងពិភាក្សាព្រមទាំងចូលរួមជួយផ្តល់មតិយោបល់បំពេញបន្ថែមកែសម្រួលរាល់ខ្លឹមសារ និងសកម្មភាពមួយចំនួន ដែលនៅមានចំណុចខ្វះចន្លោះ ដើម្បីដាក់បញ្ចូលទៅក្នុងគោលដៅសកម្មភាព សម្រាប់ធ្វើជារបាយការណ៍ ក្នុងការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ២០២០នេះ ឲ្យមានភាពត្រឹមត្រូវច្បាស់លាស់ និងតម្លាភាពផងដែរ។
ការបើកកិច្ចប្រជុំឆ្លងផែនការសកម្មភាពការងារឆ្នាំ២០២០ និងដំណើរការ និងប្រព្រឹត្តទៅរបស់ខ្លួន ក្នុងការអនុវត្តសកម្មភាពនៅឆ្នាំថ្មី ដោយកម្មវិធីនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ ក្រោមវត្តមាន លោក ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអញ្ជើញចូលរួមមាន លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា មន្ត្រី-បុគ្គលិកក្រុមប្រតិបត្តិសាខា នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង។
លោកបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងធ្វើការបង្កើតនូវអនុសាខាតាមបណ្តោយស្រុកទាំង៥ និងក្រុង១របស់ខេត្តស្ទឹងត្រែង អនុវត្តនៅសកម្មភាពមនុស្សធម៌ និងស្របតាមគោលដៅជាតិ ដែលបានផ្តល់ សាខាកាកបាទក្រហមកម្ពុជាថ្នាក់ក្រោមកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឲ្យបានកាន់តែល្អប្រសើរ នឹងត្រូវបន្តជួយដល់ជនរងគ្រោះ នៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់ និងដើម្បីធានាបាននូវសកម្មភាពមនុស្សធម៌ ក្នុងនាមកាកបាទក្រហមកម្ពុជា ដោយមិនត្រូវប្រកាន់ពូជសាសន៍ ឬទិន្នការនយោបាយឡើយ៕