(ភ្នំពេញ)៖ ក្រុមការងារគ្រូពេទ្យស័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រមាណជាជិត៤០នាក់ ដែលសុទ្ធសឹងតែគ្រូពេទ្យជំនាញៗ ទទួលបានការបណ្តុះបណ្តាលជំនាញថ្មី ដែលជាការងារមនុស្សធម៌មួយ ហើយវគ្គសិក្សានោះស្តីអំពី «ការងារចុះផ្សព្វផ្សាយអប់រំចំណេះដឹងដល់សហគមន៍ និងការងារបច្ចេកទេសក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងវ៉ីរុស COVID-19»។
ការបណ្តុះបណ្តាលស្តីអំពីការងារបច្ចេកទេសក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងវ៉ីរុស COVID-19 នេះ បានធ្វើឡើងក្រោមកិច្ចសហការជាមួយនឹងមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដែលដឹកនាំឡើងដោយលោកវេជ្ជបណ្ឌិត កែរ រដ្ឋាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងជាប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ទីតាំងនៃវគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើងនៅមន្ទីរខេត្តស្វាយរៀងផ្ទាល់តែម្តង។
ឱកាសនោះ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានឲ្យដឹងថា «ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានី ចំនួន៣៧នាក់ បានយកចិត្តទុកដាក់ប្រកបដោយវិជ្ជាជីវៈ ក្នុងការចុះអប់រំផ្សព្វផ្សាយការបង្ការ និងការទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ១៩ នេះខ្លាំងណាស់»។
ជាមួយគ្នានោះដែរ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏បានបញ្ជាក់ថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លោកស្រី ដែលជាគ្រូបង្គោល នៃមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដែលបានចំណាយពេលវេលាថ្ងៃឈប់សម្រាក ជួយបណ្ដុះបណ្ដាលស្តីអំពី ការងារបច្ចេកទេសក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងវ៉ីរុស COVID-19 ដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី យើងខ្ញុំ នាពេលនេះ»។
លោក លេង ផាលី ក៏បានបញ្ជាក់បន្ថែមទៀតថា លោកក៏បានចាត់ចែងក្រុមការងាររបស់លោកទៅតាមបណ្តាខេត្តមួយចំនួន ចុះទៅបន្តផ្សព្វផ្សាយ និងការអប់រំដល់ប្រជាពលរដ្ឋអោយបានដឹង និងយល់ច្បាស់ពីផលវិបាក និងវិធីសាស្ត្រទប់ស្កាត់ ធ្វើយ៉ាងណាមិនឲ្យមានការឆ្លងនៃវ៉ីរុសកូវីដ១៩។
សូមបញ្ជាក់ផងដែរថា ក្រុមការងារគ្រូពេទ្យស័គ្រចិត្តលោក ហ៊ុន ម៉ានី បានអនុវត្តការងារមនុស្សធម៌ ដោយចុះផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ នៃការឆ្លងរីករាលដាលរបស់វ៉ីរុសកូវីដ១៩ ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋតាមតំបន់ដាច់ស្រយ៉ាលយល់កាន់តែច្បាស់ ពីផលប៉ះពាល់ និងវិធានការទប់ស្កាត់៕