(ត្បូងឃ្មុំ)៖ រយៈពេល៦ថ្ងៃ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ យកសំណាកអ្នកសង្ស័យឆ្លង COVID-19 ចំនួន ១៨២នាក់ ទៅពិនិត្យដោយរកឃើញវិជ្ជមាន០៤នាក់ ដែលក្រសួងសុខាភិបាលបានប្រកាសរួចហើយ (៤នាក់នេះស្ថិតក្នុងចំណោមអ្នកផ្ទុកកូវីដ៥៣នាក់) និងអ្នកផ្សេងកំពុងរង់ចាំលទ្ធផលពិនិត្យជាបន្ត ដែលក្នុងនោះក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ ហើយមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានអំពាវនាវបន្តឲ្យពលរដ្ឋរក្សាអនាម័យជាប់ជាប្រចាំ លាងដៃនឹងសាប៊ូ ឫអាល់កុល ហើយបើមានជំងឺផ្តាសាយ ឫសង្ស័យមានរោគសញ្ញាសូមពាក់ម៉ាស់ការពារ និងសូមកុំធ្វើការជួបជុំគ្នាក្នុងដំណាក់កាលនេះផងដែរ។
រយៈពេល៦ថ្ងៃ ក្រុមការងារស្រាវជ្រាវ នៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក កែវ វណ្ណៈ ប្រធានមន្ទីរបានចាប់ផ្ដើមស្រាវជ្រាវពិនិត្យយកកំហាកអ្នកប៉ះផ្ទាល់ និងដោយប្រយោលជាមួយ អ្នកផ្ទុកវីរុស COVID-19 ទាំងយប់ទាំងថ្ងៃ យកទៅកាន់វិទ្យាស្ថានប៉ាស្ទ័ររាជធានីភ្នំពេញ ដើម្បីពិនិត្យបន្តផងដែរ។
លោក កែវ វណ្ណៈ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា សម្រាប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ក្រុមស្រាវជ្រាវ បានបន្តពិនិត្យយកសំណាកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោល ៦៧នាក់ ទៅពិនិត្យរកវីរុស COVID-19 ជាបន្ត ក្នុងនោះនៅស្រុកក្រូចឆ្មារ ៤៤នាក់ ស្រុកមេមត់ ១៧នាក់ និងនៅពញាក្រែក០៦នាក់ ហើយនៅថ្ងៃនេះបន្តធ្វើនៅស្រុកតំបែរជាបន្តទៀត។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន ២នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់ ៥៣នាក់ហើយ នៅក្នុងនោះមានជនជាតិខ្មែរ ៤នាក់ នៅខេត្តត្បូងឃ្មុំ បានឆ្លង COVID-19៕