(ភ្នំពេញ)៖ «ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា និងក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែបានផ្តល់ទីតាំងសណ្ឋាគារ Great Duk (អតីតសណ្ឋាគាអាំងទែកុងទីណង់តាល់) ជូនក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាទីកន្លែងពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកីវីដ១៩(COVID-19)»។ នេះជាលិខិតថ្លែងអំណរគុណរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលផ្ញើជូនលោកឧកញ៉ា ខូវ សម្បត្តិ អគ្គនាយកក្រុមហ៊ុន ថៃ ប៊ុនរ៉ុង។
លោក ឃួង ស្រេង បានចាត់ទុកថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ លោកឧកញ៉ា ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃ Covid-19 នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា បានទាន់ពេលវេលា។
លោកបន្តថា «ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រឡាញ់ចំពោះជនរួមឈាម ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា ក្នុងកាលៈទេសៈដែល ប្រទេសជាតិ បាននិងកំពុងជួបប្រទះ នៃការរាតត្បាតពីមេរោគកូវីដ១៩ (Covid-19)។ សមានចិត្តរបស់លោកឧកញ៉ា នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល និងរដ្ឋបាល រាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានសម្រេចប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩។
ក្រសួងក៏បានប្រកាសដែលថា បើទោះបីជំងឺកូវីត១៩នេះរាតត្បាតជាសកល ប៉ុន្តែក្នុងពេលនេះ កម្ពុជាមិនទាន់មានការរាតត្បាតក្នុងសហគមន៍របស់យើងនៅឡើយទេ។ ករណីទាំងអស់សុទ្ធជាករណីនាំចូលពីក្រៅប្រទេស។
ដើម្បីបញ្ចៀសនូវការចម្លងក្នុងសហគមន៍ជាយថាហេតុ រាជរដ្ឋាភិបាលបានឲ្យក្រសួងសុខាភិបាលសហការជាមួយកងកម្លាំងសុខាភិបាល នៃកងយោធពលខេមរភូមិន្ទរបស់ក្រសួងការពារជាតិ និងកងកម្លាំសុខាភិបាលនៃនគរបាលជាតិរបស់ក្រសួងមហាផ្ទៃ ដើម្បីរួមសហការគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធិភាព។ គិតត្រឹមព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ នៅប្រទេសកម្ពុជា មានអ្នកឆ្លង COVID-19 ចំនួន ៥៣នាក់ ក្នុងនោះមានជាសះស្បើយមានចំនួន ២នាក់ គឺបុរសជនជាតិចិននៅខេត្តព្រះសីហនុ និងស្រ្តីជនជាតិអង់គ្លេសដែលឆ្លង នៅខេត្តកំពង់ចាម៕