(បន្ទាយមានជ័យ)៖ គណះកម្មការអន្តរក្រសួង នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យ និងសម្របសម្រួលការធ្វើដំណើរ ដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៏ និងជាប្រធានគណះកម្មការអន្តរក្រសួង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើនផ្សេងទៀត។
របាយការណ៍សង្ខេប ឆ្នាំ២០១៥ បានលើកឡើងនៅក្នុងកិច្ចប្រជុំនោះថាសរុបភ្ញៀវអន្តរជាតិចូលតាមច្រកទ្វារប៉ោយប៉ែត មានចំនួន ៣៩១៧៤៩នាក់ ដែលមាន ១១២ សញ្ជាតិ គឺថយចុះ១៣,៨១% ប្រៀបធៀប២០១៤ ។
ភ្ញៀវចូលលេងកាសុីណូ ៩៣៦៤៥៨នាក់ មានការថយចុះ ២៨,៤២% ។ សម្រាប់ចំណាត់ថ្នាក់ លេខរឿងទី១ គឺ ថៃ ៩៥៣២៤នាក់, ទី២ រុស្ស៊ី ៦០៥៤៣នាក់, ទី៣ ចិន ១៨០៣៩នាក់, ទី៤ អង់គ្លេស ១៧៩៨៧នាក់, ទី៥ ឥណ្ឌូនេស៊ី ១៤២៩១នាក់, ទី៦ អាមេរិក ១២១៨៦នាក់, ទី៧ បារាំង ១២១៨៦នាក់, ទី៨ កូរ៉េខាងត្បូង ១២០៩១, ទី៩ អាល្លឺម៉ង់ ១១២៨៩នាក់, ទី១០ ជប៉ុន ១០១៣០នាក់ ។
ជាមធ្យមភ្ញៀវអន្តរជាតិចូលតាមច្រកអន្តរជាតិ ប៉ោយប៉ែត ១០០០នាក់ក្នុងមួយថ្ងៃ ។ បើពិនិត្យជារួម ក្នុងខែធ្នូ ឆ្នាំ២០១៥កន្លងទៅនេះ មានចំនួន ៣៧៣៤៣នាក់ គឺកើន ២៤,៩៧% បើប្រៀបធៀបនឹងខែវិចិ្ឆកា ឆ្នាំ២០១៥ ( ២៩៨៨១នាក់) ។
ចំពោះ ការដឹកជញ្ជូនទេសចរណ៏ផ្លូវត្រង់ឆ្លងកាត់ព្រំដែន កម្ពុជា ថៃ មាន១៣ក្រុមហ៊ុន ដែលបានចុះកិច្ចព្រមព្រៀងដឹកជញ្ជូន មានរថយន្តចំនួន ១៦៩០គ្រឿង មានមនុស្សចំនួន ៣៣០៦០នាក់:
ពីទីក្រុងបាងកក ទៅ សៀមរាប មានចំនួនរថយន្ត ៥៧៨គ្រឿង មានភ្ញៀវ ចំនួន ១៦៤៤២នាក់ និងពីសៀមរាប ទៅបាងកក ៥៦៩គ្រឿង ១១៩៥០នាក់។ បាងកក ទៅ ភ្នំពេញ ២៨៨គ្រឿង ៣៥៥៨នាក់ ហើយពី ភ្នំពេញ ទៅ បាងកក ២៥៨គ្រឿង ១១១៨នាក់ ៕