(គូវ៉ែត)៖ ស្ថានទូតកម្ពុជាប្រចាំរដ្ឋគូវ៉ែត នាថ្ងៃទី២១ ខែមីនានេះ បានចេញសេចក្ដីជូនដំណឹងផ្សព្វផ្សាយពីវិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺ Covid-19 ចំនួន ៩ចំណុច ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកន្លងមក ទៅដល់ប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងរស់នៅក្នុងរដ្ឋមួយនេះ។

វិធានការទាំង៩ចំណុចនោះ រួមមាន៖

ទី១៖ ត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ចំពោះអ្នកដែលបានធ្វើដំណើរមកពីបណ្ដាប្រទេស និងដែនដីមួយចំនួន ដូចជា ហុងកុង ចិន អេហ្ស៉ីប កូរ៉េខាងត្បូង អ៉ីតាលី អ៉ីរ៉ង់ អ៉ីរ៉ាក់ អង់គ្លេស អាល្លឺម៉ង់ បារាំង អេស្ប៉ាញ និងសហរដ្ឋអាមេរិក។

ទី២៖ រាល់អ្នកដំណើរមកពីបណ្ដាប្រទេសក្រៅពីប្រទេសខាងលើ ត្រូវស្នាក់នៅក្នុងផ្ទះរយៈពេល ១៤ថ្ងៃ ដូចគ្នាដែរ។

ទី៣៖ ផ្អាករាល់ការធ្វើដំណើរតាមផ្លូវអាកាសទៅមកគូវ៉ែតទាំងអស់។

ទី៤៖ ស្ថានទូតណាដែលមានបំណងចង់ជម្លៀសប្រជាពលរដ្ឋខ្លួនចាកចេញពីរដ្ឋគូវ៉ែត ត្រូវបំពេញទៅតាមលក្ខខណ្ឌមួយចំនួនដូចខាងក្រោម៖
* បញ្ជូនឈ្មោះ និងលេខលិខិតឆ្លងដែន
* របាយការណ៍លម្អិតអំពីជើងហោះហើរ និងការធ្វើដំណើរ
* ស្នើសុំទៅកាន់នាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេសគូវ៉ែតឱ្យបានមុន ៧២ម៉ោង។

ទី៥៖ ហាមមិនឱ្យមានការជួបជុំគ្នា។

ទី៦៖ រាល់ក្រសួង-ស្ថាប័នរបស់រដ្ឋ វិស័យឯកជនទាំងអស់ ភោជនីយដ្ឋាន ហាងលក់ទំនិញធំៗ ត្រូវផ្អាកដំណើរការចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ឬរហូតដល់មនការជូនដំណឹងថ្មី។

ទី៧៖ នៅកំលុងពេលនៃការឈប់សម្រាកខាងលើ ក្រសួងការបរទេសគូវ៉ែត នៅតែប ន្តធ្វើការតាមនាយកដ្ឋានមួយចំនួន ដោយគ្រាន់តែមានការកាត់បន្ថយពេលវេលាធ្វើការ និងបុគ្គលិកធ្វើការមួយចំនួនដែលមិនចាំបាច់។

ទី៨៖ រាល់ទិដ្ឋការចូលគូវ៉ែតត្រូវបានផ្អាកទាំងអស់ លើកលែងតែ២ករណីគត់ គឺគណៈប្រតិភូផ្លូវការ និងទិដ្ឋការបន្ទាន់ ដែលចេញដោយស្ថានទូតគូវ៉ែតប្រចាំនៅប្រទេសទាំងនោះ។ ទោះបីជាបណ្ដាប្រទេសដែលលើកលែងទិដ្ឋការក៏ដោយ ក៏តម្រូវឱ្យមានទិដ្ឋការចេញពីស្ថានទូតគូវ៉ែតប្រចាំនៅទីនោះដែរ។

ទី៩៖ ក្រសួងការបរទេសគូវ៉ែតបានដាក់បុគ្គលិកមួយចំនួនប្រចាំការនៅតាមនាយកដ្ឋាននីមួយៗ ដោយមានវត្តមានជំនួយការរដ្ឋមន្ត្រីផងដែរ។

ខាងក្រោមជាខ្លឹមសារលម្អិតក្នុងសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំរដ្ឋគូវ៉ែត៖