(ភ្នំពេញ)៖ ស្ថានទូតខ្មែរប្រចាំប្រទេសស្វីស បានអំពាវនាវដល់ប្រជាពលរដ្ឋ និស្សិតខ្មែរកំពុងរស់នៅ និងសិក្សារៀនសូត្រ ក៏ដូចជាអ្នកត្រូវធ្វើដំណើរទៅប្រទេសស្វីស ឱ្យអនុវត្តន៍តាមវិធានការទាំងឡាយ ដែលដាក់ចេញដោយរដ្ឋាភិបាលស្វីស ដើម្បីបង្ការការឆ្លងជំងឺបង្កដោយមេរោគកូវីដ១៩ (COVID-19)។
យោងតាមសេចក្តីជូនដំនឹងរបស់ស្ថានទូតខ្មែរប្រចាំនៅប្រទេសស្វីស ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា រដ្ឋាភិបាលនៃសហព័ន្ធស្វីស បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីតប់ស្កាត់ និងកាត់បន្ថយការរីករាលដាលនៃការចម្លងមេរោគកូវីដ១៩។ វិធានការដែលរដ្ឋាភិបាលប្រទេសស្វីសបានដាក់ចេញមានចំនួន៨ មានដូចជា៖ ហាមចេញពីគេហដ្ឋានបើគ្មានករណីចាំបាច់, ហាមឃាត់ការប្រារព្ធវេទិកាសាធារណៈ និងឯកជន, បិទក្លឹបកម្សាន្ត ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ, ហាមមិនឱ្យជួបជុំគ្នាលើសពី៥នាក់ និងហាមមិនឱ្យចូលប្រទេសស្វីសចំពោះអ្នកដំណើរមកពីប្រទេស ដែលពុំស្ថិតក្នុងតំបន់ Schengen និងមិនផ្តល់ទិដ្ឋាការចូលប្រទេសស្វីសជូនពលរដ្ឋនៃប្រទេសទាំងនោះចំនួន៣ខែជាដើម។
ស្ថានទូតខ្មែរនៅស្វីស ស្នើពលរដ្ឋខ្មែរនៅប្រទេសស្វីស និងធ្វើដំណើរទៅប្រទេសឱ្យគោរពតាមវិធានការដែលបានដាក់ចេញនេះ ហើយត្រូវប្រកាន់ខ្ជាប់នូវអនាម័យផ្សេងទៀតដែលរដ្ឋាភិបាលស្វីសបានណែនាំ ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងសហគមន៍ដែលកំពុងស្នាក់នៅក្នុងប្រទេសស្វីស រហូតដល់មានការជូនដំណឹងថ្មីពីអាជ្ញាធរប្រទេសស្វីស។
ទូតខ្មែរនៅស្វីស ក៏បានស្នើរដល់ពលរដ្ឋខ្មែរដែលត្រឡប់ពីបណ្តាប្រទេសនៅតំបន់អឺរ៉ុប ព្រមទាំងប្រទេសស្វីស និងប្រទេសអាមេរិក និងអ៉ីរ៉ង់ ឱ្យដាក់ខ្លួនឯងនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ស្របតាមនីតិវិធីកំណត់ដោយក្រសួងសុខាភិបាល៕