(កំពង់ចាម)៖ លោក មួន វាសនា ទីប្រឹក្សាសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យ UME សាខាខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ បានសម្ដែងនូវការគាំទ្រ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ ដែលកំពុងបើកប្រតិបត្តិការប្រយុទ្ធប្រឆាំងទៅនឹងជំងឺ COVID-19 នៅកម្ពុជា និងជាពិសេសនៅខេត្តកំពង់ចាម។
លោក មួន វាសនា បានថ្លែងថា ក្នុងនាមសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្តកំពង់ចាម គណៈគ្រប់គ្រងសាស្រ្តាចារ្យបុគ្គលិក និងនិស្សិតទាំងអស់ សូមលើកទឹកចិត្តផ្តល់កម្លាំងចិត្ត និងមានមោទនភាពជាមួយលោកគ្រូពេទ្យ អ្នកគ្រូពេទ្យដែលកំពុងបំពេញបេសកកម្ម ដ៏ឧត្តុងឧត្តមនេះ និងតួនាទីជាគ្រូពេទ្យពិនិត្យព្យាបាលអ្នកជំងឺនៅតាមមន្ទីរពេទ្យទាំងយប់ទាំងថ្ងៃ សូមគាំទ្រ ចំណាត់ការ និងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។
លោក មួន វាសនា បានបន្តថា ជាមួយគ្នានេះ បុគ្គលិកទាំងអស់ សូមចូលរួមធ្វើអនាម័យ អនុវត្តន៍ក្នុការទប់ស្កាត់បង្ការ និងព្យាបាលប្រឆាំងនឹងជំងឺ COVID-19 ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំដោយ ចាប់ផ្តើមអនុវត្តន៍ទាំអស់គ្នា ដើម្បីសម្រេចគោលដៅសកម្មភាពការពារពីបុគ្គលខ្លួនយើងម្នាក់ៗ ការពារមនុស្ស ជាទីស្រឡាញ់តាមក្រុមគ្រួសារនីមួយៗ ការពារសហគមន៍របស់យើង ក្នុងសង្គមជាតិខ្មែរយើង និងពិភពលោកទាំងមូលផងដែរ។
ទន្ទឹមនឹងនេះដែរលោក មួន វាសនា ក៏បានបួងសួងសូមឲ្យមានសុវត្ថិភាព និងចៀសវាងផុតពីជំងឺ COVID-19 និងឱ្យសូមប្រជាជនខ្មែរ រួមគ្នាសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីតស៊ូប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 រហូតដល់បានជោគជ័យ សម្រាប់មនុស្សជាតិលើភពផែនដីគ្រប់ៗគ្នា៕