(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជួបសំណេះសំណាល ជាមួយពលទាហានថ្មី ដែលទើបជ្រើសរើសបំពេញក្របខ័ណ្ឌ ឲ្យកងទ័ពជើងគោកឆ្នាំ២០២០ ក្នុងឱកាសនៃដំណើរទស្សនកិច្ច នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតកតេជោសែន ភ្នំវាលចាប (ខេត្តបាត់ដំបង) និងនៅសាលាពលទាហានយោធភូមិភាគពិសេស (ខេត្តកំពង់ឆ្នាំង)។
ថ្លែងក្នុងពិធីនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការទទួលបានការជ្រើសរើស ឲ្យចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឲ្យកងទ័ពជើងគោកឆ្នាំ២០២០នេះ ហើយក៏កំពុងឆ្លងវគ្គហ្វឹកហ្វឺន នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត មរតកតេជោសែន ភ្នំវាលចាប (ខេត្តបាត់ដំបង) និងនៅសាលាពលទាហានយោធភូមិភាគពិសេស (ខេត្តកំពង់ឆ្នាំង)។
លោក ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ ដែលបានសម្រេចចិត្តជ្រើសរើសអាជីពជាយោធិន និងបានខិតខំប្រឹងប្រែងតស៊ូព្យាយាមហ្វឹកហ្វឺនរៀនសូត្រ មកទល់ពេលនេះ ដោយឆ្លងកាត់ការលត់ដំពុះពារការលំបាក នៅក្នុងកាលៈទេសៈ នៃការផ្លាស់ប្តូរជីវភាពពីជនស៊ីវិលមកជាយោធិន។ ស្របពេលដែលមាន យុវជនស្ម័គ្រចិត្តរាប់ពាន់នាក់ផ្សេងទៀត កំពុងរង់ចាំទន្ទឹងចង់បានឱកាសដូចគ្នានេះ នេះក៏អាចចាត់ទុកជាឱកាសមាសមួយផងដែរ ដែលជាជោគជ័យ និងជាមោទនភាពមួយរបស់សាមីខ្លួនផ្ទាល់, របស់ក្រុមគ្រួសារ និងរបស់កងទ័ពយើង។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការហ្វឹកហ្វឺនរយៈពេល០៣ខែនេះ គឺជាការហ្វឹកហ្វឺនដែលផ្តល់នូវមូលដ្ឋានមួយចំនួន សម្រាប់ការបំពេញភារកិច្ច ក្នុងនាមជាសមាជិក នៃកងយោធពលខេមរភូមិន្ទ ដែលជាចំណេះដឹងមិនអាចផ្តល់ដោយ ស្ថាប័នគ្រឹះស្ថានអប់រំស៊ីវិល ដូច្នេះសូមពលទាហានថ្មីរបស់យើង ចាប់យកឱកាសនេះ និងយកចិត្តទុកដាក់ខិតខំរៀនសូត្រក្តាប់ឲ្យជាប់នូវការយល់ដឹង។
លោកថា ទី១៖ អំពីជីវិតកងទ័ព របៀបរបបការងារកងទ័ព សំដៅដល់ការរស់នៅជាមួយគ្នា, ហ្វឹកហ្វឺនរួមគ្នា, សហការសាមគ្គីជួយគ្នា ដើម្បីសម្រេចភារកិច្ចរួម, ទី២៖ អំពីតួនាទីភារកិច្ចកងទ័ព, សណ្តាប់ធ្នាប់វិន័យជួរទ័ព និងការអនុវត្តក្រឹត្យក្រមបទបញ្ជាដ៏ម៉ឺងម៉ាត់ ដើម្បីជាការលត់ដំឲ្យម្នាក់ៗ ក្លាយជាយោធិនពេញលក្ខណៈ មានស្មារតីភ្ញាក់រលឹកម្ចាស់ការលើកការគោរពវិន័យ, ការបំពេញភារកិច្ច និងការទទទួលខុសត្រូវក្នុងនាមបុគ្គលម្នាក់ៗ, ក្នុងនាមក្រុម ក៏ដូចជាក្នុងនាមកងទ័ពទាំងមូល, ទី៣៖ អំពីជំនាញចំណេះដឹងយោធា, ឋានលេខា និងយុទ្ធវិធីផ្សេងៗ ដែលត្រូវទទួលបានតាមរយៈការហ្វឹកហ្វឹនច្បាស់លាស់ មានវិធីសាស្ត្រច្បាស់លាស់ រួមទាំងការហ្វឹកហ្វឺនផ្នែកកាយសម្បទាផងដែរ។
បើតាមលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ការហ្វឹកហ្វឺនពលទាហានថ្មីនេះ លោកសូមអរគុណប្រមុខរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួងការពារជាតិ, ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន, និងថ្នាក់ដឹកនាំកងទ័ពជើងគោក ក៏ដូចជាថ្នាក់ដឹកនាំបណ្តាយោធភូមិភាគ, គណៈគ្រប់គ្រងវគ្គ, និងយោធាចារ្យ បានខិតខំណាស់ ដើម្បីធានា និងសម្របសម្រួលដំណើរការ នៃការហ្វឹកហ្វឺនឲ្យបានល្អ ក្នុងនោះរួមទាំងការស្នាក់នៅ និងហូបចុក។ បន្តទៅនេះ ដើម្បីឈានទៅបញ្ចប់វគ្គ ដោយជោគជ័យ ក្លាយខ្លួនជាយោធិនម្នាក់មានសមត្ថភាព, មានការទទួលខុសត្រូវ និងមានសុខភាពល្អ ធានាបានការបំពេញភារកិច្ចជូនជាតិមាតុភូមិ អ្វីដែលសំខាន់ គឺអាស្រ័យលើកម្រិតនៃការខិតខំព្យាយាមយកចិត្តទុកដាក់របស់សិក្ខាកាមពលទាហានយើងផ្ទាល់។
លោកបានសង្កត់ធ្ងន់ថា នៅក្នុងរយៈពេល០៣ខែ នៃការចាក់គ្រឹះមូលដ្ឋាននេះ សូមលត់ដំតស៊ូព្យាយាម និងយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ និងគោរពវិន័យសាលា, បទបញ្ជាផ្ទៃក្នុងរបស់វគ្គហ្វឹកហ្វឺន។ វិន័យជាមូលដ្ឋានសំខាន់បំផុតរបស់កងទ័ព ហើយមានគោលដៅធ្វើយ៉ាងណាឲ្យមានការឯកភាពគ្នា, គ្មានការរើសអើង, មានការអនុវត្តគ្រប់គ្នា និងដូចគ្នា ហើយក៏សូមត្រងត្រាប់ស្តាប់យោធាចារ្យឲ្យបានហ្មត់ចត់ ជាពិសេសពេលហាត់បាញ់គ្រាប់ពិត ឬនៅលើទីលាន ដើម្បីធានាបានសុវត្ថិភាព ចៀសវាងការមានគ្រោះថ្នាក់ ដោយសារការធ្វេសប្រហែសក្នុងពេលហ្វឹកហ្វឺន និងសូមយកចិត្តទុកដាក់ផងដែរ លើការថែទាំសុខភាពដោយហូបទឹកឲ្យបានច្រើន និងចេះរក្សាអនាម័យខ្លួនប្រាណឲ្យបានល្អ។
ទន្ទឹមនឹងការចេះយកឱកាស បង្កើតមិត្តភាព ក្នុងនាមជាកងយោធពលខេមរភូមិន្ទតែមួយ តស៊ូព្យាយាមកុំបោះបង់, ចេះជួយគ្នា, ឆ្លងកាត់ការលត់ដំទាំងអស់គ្នា ទោះមកពីប្រភពផ្សេងៗគ្នា ដោយបន្ទាប់ពីបញ្ចប់វគ្គហ្វឹកហ្វឺន នឹងទទួលបានការចាត់តាំងទៅតាមបណ្តាអង្គភាព អាចកៀកស្មារគ្នាក្នុងជំនាន់ និងគ្រប់ៗ ជំនាន់យូរអង្វែងតទៅ ដើម្បីបំពេញភារកិច្ចជូនជាតិមាតុភូមិ៕