(ភ្នំពេញ)៖ ផ្សារនៅក្នុងរាជធានីភ្នំពេញ ក្រុមអាជីវករលក់ដូរជាធម្មតា ហើយនៅតាមបណ្តាផ្សារទាំងនោះ ក៏បានរៀបចំវិធីសាស្ត្រក្នុងបង្ការ និងទប់ស្កាត់ជំងឺ COVID-19 ផងដែរនាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ។
ជាក់ស្តែងនៅក្នុងច្បារអំពៅផ្សារបន្លែ ផ្សារបឹងកេងកង ផ្សារដើមគរ ផ្សារចាក់អង្រែ ផ្សារថ្មី ផ្សារអូឡាំពិក...ប្រជាពលរដ្ឋក៏ដូចជាអាជីវករទិញ លក់ ដូរជាធម្មតា។ ជាមួយគ្នានោះក្រុមអាជ្ញាធរ ក៏ដូចជាគណៈកម្មការផ្សារ បានរៀបចំពិធីសាស្ត្រក្នុងបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លោក គួច ចំណាន ប្រធានផ្សារច្បារអំពៅ បានឲ្យដឹងនាព្រឹកថ្ងៃទី២១ ខែមីនានេះថា ផ្សារច្បារអំពៅ គឺជាផ្សារមួយលក់ដូរឥវ៉ាន់ចាប់ហួយ និងគ្រឿងហូបចុក ហើយខណៈដែលមានការផ្ទុះ COVID-19 ដែលបានធ្វើឲ្យមានការភ្ញាក់ផ្អើលទូទាំងពិភពលោក ដូចជានៅកម្ពុជាផងដែរ សម្រាប់ផ្សារច្បារអំពៅ គឺមានអាជីវករលក់ដូរជាធម្មតាទេ។
ដោយឡែកសម្រាប់គណៈកម្មការផ្សារ ក៏បានរៀបចំវិធីក្នុងការបង្ការទប់ស្កាត់ វីរុសកូវីដ ១៩ (COVID-19) ផងដែរ ដោយក្នុងមួយសប្តាហ៍ក្រុមការងារផ្សារបានលាងសំអាតផ្សារម្តង ហើយបើក្តៅខ្លាំងយើងបាញ់សំអាតរហូតដល់ ២ដង។ យើងក៏បានដាក់អាល់កុលនៅតាមច្រកចេញចូលផ្សារ ដើម្បីឲ្យប្រជាពលរដ្ឋក៏ដូចជាអាជីវករបានលាងដៃ ជាមួយគ្នានេះដែរ យើងក៏បានធ្វើការណែនាំបងប្អូនប្រជាពលរដ្ឋអោយចេះពីវិធី នៃការបង្ការទប់ស្កាត់ វីរុសកូវីដ ១៩ (COVID-19) នេះផងដែរ។
ដោយឡែក ក្រុមអាជីវករលក់សាច់បន្លែគ្រឿងទេស និងអង្ករ ក្នុងផ្សារបានលើកឡើងថា ការប្រកបរបរទទួលទានរបស់ពួកគាត់ មានភ្ញៀវមកទិញជាធម្មតា ខណៈលោកប្រធានផ្សារថា ឥវ៉ាន់ផ្សេងៗមានការថយចុះ មិនសូវមានអ្នកទិញ និងបានសំណូមពរឲ្យម្ចាស់តូបជួលជួយសំរួលតម្លៃដល់អ្នកលក់កុំមានការដំឡើងថ្លៃក្នុងលក្ខខណ្ឌមនោសញ្ចេតនា។
យ៉ាងណាៗពាក់ព័ន្ធជាមួយ និងបញ្ហាអនាម័យខាងគណៈកម្មការផ្សារ ក្រៅពីណែនាំឲ្យមានទឹកអាកុលលាងដៃនៅតាមតូបនីមួយៗ ថែមទាំងបានដាក់អាល់កុលសំរាប់លាងដៃ នៅតាមច្រកចេញចូលផ្សារ និងធ្វើអនាម័យជាប្រចាំ៕