(ភ្នំពេញ)៖ ឆ្លើយតបតាមការផ្ដាំផ្ញើរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ជាដូចជា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ, លោកស្រី អាន ផល្លា ជាពិសី អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បានដឹកនាំក្រុមការងារ ក្នុងការនាំយកគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន មកឧបត្ថម្ភជូនសមាជិក ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះសម្បែង ៧គ្រួសារ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
សកម្មភាពមនុស្សធម៌របស់ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវនេះ បានរៀបចំធ្វើឡើងក្រោមការចូលរួមពីលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងជាអភិបាលរងខណ្ឌ និងអស់លោក-លោកស្រីមន្ត្រីអាជ្ញាធរ ដែលជាសមាជិក សមាជិកាអនុសាខាកាកបាទក្រហមកម្ពុជាសង្កាត់ មួយចំនួនទៀតផងដែរ ស្ថិតនៅផ្ទះលេខ៥៨៨ ផ្លូវ៩៩R ក្រុមទី៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។
សូមជម្រាបថា ចំពោះអំណោយមនុស្សធម៌ ដែលក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បាននាំយកមកឧបត្ថម្ភជូនសមាជិក ប្រជាពលរដ្ឋរងគ្រោះ ដោយសារអគ្គិភ័យឆាបឆេះផ្ទះសម្បែង នាពេលនេះ ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ៣០គីឡូក្រាម, ភេសជ្ជ១កេស, អំបិល១គីឡូក្រាម, ទឹកស៉ីអ៉ីវ២យួរ, ទឹកត្រី២យួរ, ចានដែក១, ខ្ទះឆា១, វែកឆា១, ធុងទឹកកក១, និងថវិកា ចំនួន១០ម៉ឺនរៀល។
មុនឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន, លោកស្រី អាន ផល្លា ជា ពិសី បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមសោកស្ដាយយ៉ាងក្រៃលែង ពីប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសាររងគ្រោះ ដោយសារអគ្គិភ័យឆេះផ្ទះ ប្រកបដោយក្តីអាណិតអាសូរជាពន់ពេក។
ទន្ទឹមនេះ លោកស្រី អាន ផល្លា ជា ពិសី បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ មានការយកចិត្តទុកដាក់ខ្ពស់ជានិច្ច ចំពោះការប្រើប្រាស់ភ្លើង ធូប ទាន ចង្ក្រាន ហ្គាស និងវត្ថុផ្សេងៗ ដែលងាយនឹងឆាបឆេះបំផុត ប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ន។
លោកស្រី អាន ផល្លា បានរំលឹកដោយគូសបញ្ជាក់ថា ក្រៅពីការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់វត្ថុផ្សេងៗ ដែលងាយនិងឆាបឆេះ សំខាន់ជាងនេះ គឺការតបណ្តាញអគ្គិសនីប្រើប្រាស់ ត្រូវរកអ្នកជំនាញបច្ចេកទេសមកតឲ្យបានត្រឹមត្រូវ ក្នុងការចៀសវាងបាននូវគ្រោះអគ្គិភ័យ ដែលអាចកើតមានឡើងជាយថាហេតុ គួបផ្សំ និងការថែទាំសុខភាពឲ្យបានល្អ មានអនាម័យជានិច្ច ដើម្បីជៀសវាងពីហានិភ័យនៃការឆ្លងជំងឺ COVID-19។
សូមរំលឹកថា កាលម៉ោង០៥៖០៥នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើង ដែលបានឆេះផ្ទះប្រជាពលរដ្ឋ ចំនួន១ខ្នង ស្ថិតនៅផ្ទះលេខ៥៨៨ ផ្លូវ៩៩R ក្រុមទី០៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មានម្ចាស់ផ្ទះឈ្មោះ គួច ហុច ភេទប្រុស អាយុ៧៦ឆ្នាំ។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យដ៍គួរឲ្យរន្ធត់នេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ ដែលមូលហេតុបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។ នេះបើតាមការបញ្ជាក់របស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានប្រាប់អ្នកយកព័ត៌មាន Fresh News។
លោក ជា ពិសី បញ្ជាក់ថា បន្ទាប់ពីកើតមានករណីឆេះផ្ទះភ្លាមៗ មានការជួយអន្តរាគមន៍ ពីអាជ្ញាធរ និងសមត្ថកិច្ចពន្លត់អគ្គិភ័យចំនួន១៦គ្រឿង ដែលចេញមកជាបន្តបន្ទាប់ ពីអង្គភាពផ្សេងៗគ្នា ដើម្បីជួយអន្តរាគមន៍ទាន់ពេលវេលា មិនបណ្ដាលឲ្យឆេះរាលដាលឆ្លងទៅផ្ទះប្រជាពលរដ្ឋដ៍ទៃទៀតឡើយ ហើយគ្រប់គ្រងបាន និងរលត់ទៅវិញទាំងស្រុង ត្រឹម៤០នាទីក្រោយប៉ុណ្ណោះ ដោយប្រើប្រាស់ទឹកអស់១២គ្រឿង៕