(ឧត្តរមានជ័យ)៖ ស្ថានភាពច្រកព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ គឺច្រកតំបន់ជប់គគីរក្នុងស្រុកបន្ទាយអំពិល និងច្រកអន្តរជាតិអូរស្មាច់ ក្រុងសំរោង បានបិទជាបណ្តោះអាសន្នហើយ។ ដោយឡែកច្រកអន្តរជាតិជាំ ក្នុងស្រុកអន្លង់វែង នៅបើកដំណើរការជាប្រក្រតី ប្រជាពលរដ្ឋដែលប្រើប្រាស់លិខិតឆ្លងដែន ឬបណ្ណព្រំដែន អាចឆ្លងចេញចូលបានធម្មតា។
តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ គឺយោងតាមស្ថានភាពជាក់ស្តែង និងស្ថិតក្នុងស្ថានភាពជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសកល និងផ្អែកតាមការជូនដំណឹងរបស់ភាគីថៃ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ នៅទូទាំងពិភពលោកនោះ រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា៖
*ទី១៖ ច្រកព្រំដែនជប់គគីរស្ថិតក្នុងស្រុកបន្ទាយអំពិល (ច្រកសាយតាគូ ស្រុកបានគ្រួត ខេត្តបុរីរ៉ាំ) នឹងបិទជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
*ទី២៖ ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងក្រុងសំរោង (ច្រកទ្វារអន្តរជាតិឆងចម ស្រុកកាប់ជើង ខេត្តសុរិន្ទ) បិទជាបណ្តោះអាសន្នចាប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះតទៅ ដោយមិនអនុញ្ញាតិឲ្យមនុស្ស យានជំនិះ និងទំនិញឆ្លងកាត់ចេញចូលជាបណ្តោះអាសន្ន រហូតមានការជូនដំណឹងជាថ្មី លើកលែងទំនិញមានលក្ខណៈពាណិជ្ជកម្ម និងស្របតាមបទដ្ឋានបច្ចេកទេសនៃប្រទេសទាំង២។
បើតាមសេចក្តីជូនដំណឹងដដែល ចំពោះច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង (ច្រកទ្វារព្រំដែនអន្តរជាតិសាង៉ាំ ស្រុកភូស៉ីង ខេត្តស៉ីសាកេត) គឺនៅដំណើរការជាប្រក្រតី ប្រជាពលរដ្ឋដែលប្រើប្រាស់លិខិតឆ្លងដែនឫបណ្ណព្រំដែនអាចឆ្លងចេញចូលបានធម្មតា តែមានការរឹតបណ្តឹងផ្នែកសុខភាពអនាម័យ។ ប៉ុន្តែផ្សារមឿងម៉ៃ ផ្សារព្រំដែនក្នុងទឹកដីថៃ ដែលបើកលក់រៀងរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃអាទិត្យ នឹងបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០ស្អែកនេះតទៅ ហើយការឆ្លងដែនចូលទៅរកសេវាពិនិត្យ ពិគ្រោះ និងព្យាបាលសុខភាពនៅមន្ទីរពេទ្យ អ៊ូ ប៊ុន និងមន្ទីរពេទ្យសាប់ផាស៉ីត ក្នុងខេត្តអ៊ូប៊ុនរាជធានី ក៏ភាគីថៃបានផ្អាកជាបណ្តោះអាសន្នដែរ៕
សូមអានសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ខាងក្រោមនេះ៖