(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នាពេលថ្មីកន្លងទៅនេះ បានចាប់ដៃជាមួយក្រសួងវប្បធម៌វិចិត្រសិល្បៈរៀបចំ ការប្រគំតន្រ្តីមួយក្រោមប្រធានបទ «ពេលវេលាដែលត្រូវតបស្នង-វិភាគទានចំពោះ អធិរាជសម្លេងមាសកម្ពុជា-លោក ស៊ីន ស៊ីសាមុត» ក្នុងបំណងស្វែងរកវិភាគទាន ជូនដល់ក្រុមគ្រួសារលោក ស៊ីន ស៊ីសាមុត និងក្រុមគ្រួសារអ្នកស្រី រស់ សេរីសុទ្ធា ហើយក៏ជាការលើក តម្កើងតម្លៃសិល្បៈចម្រៀងរបស់អ្នកចម្រៀងសម័យដើមផងដែរ។ (ចាក់ផ្សាយតាមរយៈ Fresh News TV នៅវេលាម៉ោង១៤៖០០នាទី)
ការប្រគំតន្រ្តីនេះ មិនត្រឹមតែ ដើម្បីរៃអង្គាសថវិកាឧបត្ថម្ភដល់លោកស្រី ខាវ ថងញ៉ុត ភរិយារបស់លោក ស៊ីន ស៊ីសាមុត, លោកស្រី រស់ សាបឿន បងស្រីរបស់លោកស្រី រស់ សេរីសុទ្ធានោះទេ តែក៏បានប្រមូលថវិកាមួយចំនួនជូន សមាគមន៍សិល្បករសិល្បការិនីសម័យ ដើម, មន្ទីរពេទ្យគន្ធាបុប្ជា និង មន្ទីរពេទ្យព្រះអង្គឌួងផងដែរ។
ការប្រគំតន្រ្តីក្រោមប្រធានបទ «ពេលវេលាដែលត្រូវតបស្នង-វិភាគទានចំពោះ អធិរាជសម្លេងមាសកម្ពុជា-លោក ស៊ីន ស៊ីសាមុត» មាន ការអញ្ជើញចូលរួមពីតារាចម្រៀងជើងចាស់ជាច្រើនរូប រួមទាំងមានលោក នី រតនា តារាចម្រៀងម្ចាស់ពាន Cambodian Idol ផងដែរ។ ការប្រគំតន្រ្តីនេះ បានរំលេចឡើងវិញ នូវផ្ទាំងទស្សនីយភាពសិល្បៈក្នុងអំឡុងទសវត្សរ៍ឆ្នាំ៦០ និង ៧០ ដែលជាឆ្នាំមួយត្រូវបានគេមើល ឃើញថា សិល្បៈរបស់ខ្មែរមានការរីកចម្រើនខ្លាំង។
ការប្រគំតន្រ្តីកាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៥កន្លងទៅនេះ ទទួលបានថវិកាសប្បុរសធម៌សរុប ១០៧,៣៥៥.៤៥ដុល្លារ។ ទឹក ប្រាក់នេះ បានបែងចែកជា៥ចំណែក រួមមាន គ្រួសារលោក ស៊ីន ស៊ីសាមុត ទទួលបានទឹកប្រាក់ ៥៣,៦៧៧. ៧៣ដុល្លារ, តំណាងមន្ទីរ ពេទ្យគន្ធបុប្ផា ទទួលបាន ២១,៤៧១.០៩ដុល្លារ, មន្ទីរអង្គឌួងទទួលបាន ១០,៧៣៥.៥៥ដុល្លារ, គ្រួសារលោកស្រី រស់ សេរីសុទ្ធា ទទួលបាន ៥,៣៦៧.៧៧ដុល្លារ និងសមាគមសិល្បករ សិល្បការិនីជំនាន់ដើម ទទួលបាន ១៦,១០៣.៣២ដុល្លារ។
សូមចូលទស្សនាការផ្សាយឡើងវិញ នូវទិដ្ឋភាពទាំងស្រុង នៃការប្រគំតន្រ្តី «ពេលវេលាដែលត្រូវតបស្នង» ជាមួយ Fresh News TV នៅវេលាម៉ោង១៤៖០០នាទី៖