(កណ្ដាល)៖ តុលាការខេត្តកណ្តាល នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ បានសម្រេចបង្គាប់ឱ្យឃុំខ្លួនយុវជនម្នាក់ ករណីបើករថយន្តបម្រុងបំបុកក្រុមមន្ត្រីនគរបាលខេត្ត កំពុងតែរឹតបន្តឹងច្បាប់ចរាចរណ៍ ដែលយុវជនរូបនេះ មានផ្ទុកសារធាតុញៀននៅក្នុងពេលបើកបរផងដែរ។
ករណីបើករថយន្តបម្រុងបំបុកមន្ត្រីនគរបាលចរាចរណ៍នេះ បានកើតឡើងនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នៅភូមិទួលក្រសាំង ក្រុងតាខ្មៅ ខណៈដែលនគរបាល បានរៀបចំរឹតបន្តឹងច្បាប់ចរាចរណ៍ ហើយឃាត់ឡានល្មើសជាបន្តបន្ទាប់ ប៉ុន្តែសំរាប់បុគ្គលម្នាក់នេះវិញ មិនត្រឹមតែមិនឈប់ឡានទេ ថែមទាំងបើកឡានបំរុងបុកនគរបាលថែមទៀតផង។
បើតាមមន្ត្រីនគរបាលចរាចរណ៍ខេត្តកណ្តាល បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ខេត្តកណ្ដាល ឱ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល, លោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់, លោកឧត្តមសេនីយ៍ត្រី សារុន សុវណ្ណារ៉ា ស្នងការរងទទួលការងារកិច្ចការប៉ុស្តិ៍ ព្រមទាំងលោក ឆេង សំអឿន នាយការិយាល័យចរាចរណ៍ផងដែរ។
មន្ត្រីនគរបាលដដែលបានបន្តថា យុវជនដែលបើករថយន្តបម្រុងបំបុកនគរបាលនោះមាន ឈ្មោះ ថន ដាវីត អាយុ២១ឆ្នាំ គ្មានបណ្ណបើកបរ បើករថយន្តបែនចង្កូតស្តាំ មួយគ្រឿង ពាក់ស្លាកលេខ TK-0614 បើកបរក្នុងល្បឿនលឿន, ពេលនោះសមត្ថកិច្ចក៏ធ្វើសញ្ញាបញ្ជាឱ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ ប៉ុន្តែអ្នកបើកបរខាងលើបែរជាគេចវេស ហើយបន្ថែមល្បឿនកាន់តែលឿន សំដៅមកគោលដៅឈរ ត្រួតពិនិត្យរបស់សមត្ថកិច្ច ធ្វើឱ្យសមត្ថកិច្ចគេចចេញពីមុខរថយន្ត ដើម្បីជាសវាងគ្រោះថ្នាក់។
បន្ទាប់មកសមត្ថកិច្ច បានដេញតាមចាប់រថយន្តល្មើស បានប្រមាណ២គីឡូម៉ែត្រ ពីគោលដៅត្រួតពិនិត្យទើបឃាត់បានរួចបញ្ជូនមកការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ហើយបានធ្វើការត្រួតពិនិត្យ និងធ្វើតេស្តអ្នកបើកបរ រកឃើញមានសារធាតុញៀនវិជ្ជមានផងដែរ៕