(កណ្តាល)៖ រយៈពេល ២-៣ថ្ងៃមកនេះ មានប្រជាពលរដ្ឋរស់នៅក្នុងភូមិអណ្តូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល បានផ្ទុះការតវ៉ាយ៉ាងខ្លាំង ខណៈពួកគាត់បានលក់ដីទៅឱ្យក្រុមហ៊ុន របស់លោក កែវ មុនីរតន៍ តែមិនទាន់ទទួលបានថវិកាគ្រប់ចំនួនផង តែបែរជាក្រុមហ៊ុនចង់ចាក់ដីរំលោភកិច្ចសន្យាទៅវិញ។
ប្រជាពលរដ្ឋ បានលើកឡើងទង្វើរនេះ មានការឃុបឃិតរបស់មន្ត្រីមូលដ្ឋាន និងក្រុមគួកជេដី ក្នុងចេតនារារាំង ដោយមិនអនុវត្តតួនាទីរបស់ខ្លួន ជាអាជ្ញាធរមានសមត្ថកិច្ចបម្រើរាស្ត្រឡើយ។
ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដែលគ្រោងដាក់ប្តឹងទៅកាន់តុលាការខេត្តកណ្តាល បានឱ្យដឹងថា ក្នុងកំឡុងខែកុម្ភៈ ឆ្នាំ២០២០ បានទទួលដំណឹងអំពីការទួទាត់ថ្លៃដីចុងក្រោយ ដែលដីនោះប្រជាជនបានលក់ទៅឱ្យឈ្មោះ កែវ មុនីរតន៍ ក្នុងតម្លៃទៅតាមក្បាលដីនីមួយៗ ដោយក្នុងនោះលក់ក្នុងតម្លៃចាប់ពី ១៦ដុល្លារ ក្នុង១ ម៉ែត្រការ៉េ រហូតដល់ ៥៣ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
តាមរយៈលិខិតជូនដំណឹង បានបញ្ជាក់យ៉ាងច្បាស់ ចំពោះប្រជាពលរដ្ឋទាំងអស់ ឱ្យមកសាលាឃុំលំហាច ដើម្បីទទួលប្រាក់ថ្លៃដីរៀងៗខ្លួន ពីលោក ជៃ ហួម៉ីង តាមកំណត់របស់លោកមេឃុំលំហាច និងមេធាវីការពារលោក ជៃ ហួម៉ីង ផងដែរ។ ប៉ុន្តែការទូទាត់ប្រាក់ត្រូវបានខកខាន និងពន្យាពេលវេលា អូសបន្លាយជាងមួយឆ្នាំ ដោយតែលោក កែវ មុនីរតន៍ តែងតែភូតកុហកម្តងហើយម្តងទៀត ដោយប្រើលេសគ្រប់បែបយ៉ាង ជាមួយមន្ត្រីមូលដ្ឋានមួយចំនួន នៅពីក្រោយខ្លួនដែរ ក្នុងពេលដែលដីទាំងអស់ បានផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមិនទាន់ចុះបញ្ជីទៅឱ្យលោក កែវ មុនីរតន៍ រួចហើយដែរ ដោយគ្រាន់តែមិនទាន់ទូទាត់ថ្លៃដីចុងក្រោយមកឱ្យម្ចាស់ដីតែប៉ុណ្ណោះ។
លោក ជីប ចណ្ណរិទ្ធ មេធាវីតំណាងឱ្យលោក ជៃ ហួម៉ីង បានឱ្យដឹងថា ដីខាងលើនេះ គឺជាដីដែលត្រូវកាត់ដីពីលោក កែវ មុនីរតន៍ តាមរយៈកិច្ចព្រមព្រៀងបញ្ចប់វិវាទដែលលោក កែវ មុនីរតន៍ បានបោកប្រាស់លក់ដីខ្យល់តម្លៃជាង ២លានដុល្លារ ទៅឱ្យកូនក្តីលោកនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ចំណែកប្រាក់ដែលត្រូវបង់ផ្តាច់ជាតួនាទីរបស់កូនក្តីលោក គឺលោក ជៃ ហួម៉ីង តែត្រូវទូទាត់គ្នាតាមតម្លៃទីផ្សាររបស់ប្រជាពលរដ្ឋជាក់ស្តែង។ ប៉ុន្តែក្រោយពីស្រាវជ្រាវជាក់ស្តែង ឃើញថា តារាងតម្លៃដី ដែលបានបង្ហាញនោះ មកព្រៀបធៀបគ្នា មានការក្លែងបន្លំតម្លៃដីខុសការពិតជាច្រើន ក្នុងទឹកប្រាក់ជាច្រើនសន្ធឹកសន្ធាប់ ដែលទង្វើរនេះលោកមេធាវី បានបញ្ជាក់ថា កាន់តែធ្វើឱ្យបាត់បង់ខូចខាតធ្ងន់ធ្ងរ ដល់កូនក្តីលោកបន្ថែមទៀត ទើបការផ្តល់ប្រាក់បន្ថែមជូនប្រជាពលរដ្ឋត្រូវពន្យាពេលជាយូរបែបនេះ។
ការខកខានទូទាត់ប្រាក់ម្តងជាពីរដងរហូតជាងមួយឆ្នាំកន្លងមកនេះ ត្រូវបានប្រជាពលរដ្ឋជាម្ចាស់ដីលើកឡើងថា មានមន្ត្រីមូលដ្ឋានមួយចំនួន មិនបម្រើរាស្ត្រទេ តែចង់បានតែផលប្រយោជន៍ពីពួកគាត់ ដែលកត្តានេះ បានបន្លាយពេលទូទាត់ប្រាក់ ពួកគាត់រហូតជាងមួយឆ្នាំបែបនេះ។
ពួកគាត់បានទទូចទៅកាន់លោកអភិបាលស្រុកអង្គស្នួល និងអភិបាលខេត្តកណ្តាល ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ចុះមកជួយមើល និងដោះស្រាយបញ្ហានេះផង កុំឱ្យមន្ត្រីខិលខូចមួយចំនួនធ្វើបាបពូកគាត់ ដោយសារតែចង់បានប្រាក់ភាគរយខ្លួនច្រើន តែបង្កកលុយប្រជាពលរដ្ឋរាប់ឆ្នាំបែបនេះ៕
លោក កែវ មុនីរតន៍