១៖ វិបត្តិជនភៀសខ្លួននៅអឺរ៉ុប
ក្នុងឆ្នាំ២០១៥នេះ ជនភៀសខ្លួនប្រមាណជាងមួយលាននាក់បានជម្លៀសខ្លួនចេញពីប្រទេសដែលមានសង្គ្រាមរ៉ាំរ៉ៃដូចជា ប្រទេស អ៊ីរ៉ាក់ ស៊ីរី និងលីប៊ីជាដើម ដើម្បីស្វែងរកជីវិតប្រសើរជាមុននៅដែនដីអឺរ៉ុប។ ជនភៀសខ្លួនភាគច្រើនផ្សងនឹងគ្រោះថ្នាក់ដើម្បីធ្វើដំណើរឆ្លងកាត់ សមុទ្រមេឌីទែរ៉ានេ ជាមួយនឹងលក្ខខ័ណ្ឌអាកាសធាតុមិនអំណោយផល តាមទូកតូចៗដែលគ្មានសុវត្ថិភាព។ ចំណែកមួយចំនួនទៀត ធ្វើដំណើរយ៉ាងវែងឆ្ងាយដោយថ្មើរជើងនៅកាន់ទឹកដីអឺរ៉ុប ដោយក្នុងនោះភាគច្រើនធ្វើដំណើរទៅកាន់ប្រទេស អាឡឺម៉ង់។
២៖ ការវាយប្រហារពីសំណាក់ភេរវករ
កាលពីដើមឆ្នាំ២០១៥នេះ អ្នកសារព័ត៌មាន១២នាក់ ត្រូវបានក្រុមឧទ្ទាមរដ្ឋឥស្លាម បាញ់ប្រហារនៅការិយាល័យទស្សនាវដ្តី Charlie Hebdo ក្នុងប្រទេសបារាំង។ បីថ្ងៃក្រោយមក ប៉ូលីសបានបាញ់សម្លាប់ខ្មាន់កាំភ្លើងពីរនាក់ បន្ទាប់ពីពួកគេចាប់ចំណាប់ខ្មាំងនៅរោងពុម្ភមួយកន្លែង ដែលបណ្តាលឲ្យមនុស្សសរុបចំនួន១២នាក់ត្រូវស្លាប់បាត់បង់ជីវិត។ ជាថ្មីម្តងទៀតទីក្រុង ប៉ារីស បានរងការវាយប្រហារដោយភេរវករនៅថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅនេះបណ្តាលឲ្យមនុស្ស១៣០នាក់ស្លាប់ ដែលនេះជាចំនួនអ្នកស្លាប់ច្រើនបំផុតមិនធ្លាប់មានក្នុងប្រទេស បារាំង ចាប់តាំងពីសម័យសង្គ្រាមលោកលើកពីរមក។
ចំណែកព្រឹត្តិការណ៍ភេរវកម្មមួយទៀត ដែលបានកើតឡើងក្នុងឆ្នាំ២០១៥នេះផងដែរនោះគឺ បានកើតមានឡើងក្នុងប្រទេស ទុយនេស៊ី បណ្តាលឲ្យមនុស្ស៣៩នាក់ស្លាប់។ មិនតែប៉ុណ្ណោះ មនុស្ស១៤៨នាក់ក៏បានស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារយ៉ាងសាហាវនៅសកលវិទ្យាល័យ Garissa ក្នុងប្រទេស កេនយ៉ា។ បច្ចុប្បន្នបញ្ហាពួកឧទ្ទាមជ្រុលនិយម ISIS និងភេរវករ បានផ្តល់ក្តីបារម្ភជាខ្លាំងដល់ពិភពលោកទាំងមូល។
៣៖ វិបត្តិនៅមជ្ឈឹមបូព៌ា
ថ្មីៗនេះ ប្រទេស រុស្ស៊ីផ្តើមការវាយប្រហារតាមដែនអាកាសក្នុងប្រទេស ស៊ីរី ដោយបានប្រកាសថា នេះជាការវាយប្រហារដើម្បីបង្រ្កាមពួកឧទ្ទាម ISIS ប៉ុន្តែសហគមន៍អន្តរជាតិជឿជាក់ថា សកម្មភាពរបស់រដ្ឋាភិបាលក្រុង ម៉ូស្គូ គឺដើម្បីការពារដល់ការកាន់អំណាចរបស់ប្រធានាធិបតីស៊ីរី លោក បាស្សាអាល់អាស្សាដតែប៉ុណ្ណោះ។
ចំណែកប្រទេស បារាំង ក៏បានផ្តើមបង្កើនការវាយប្រហារទៅលើពួក ISIS ផងដែរ ដើម្បីជាការសងសឹកចំពោះការវាយប្រហារនៅទីក្រុង ប៉ារីស ខណៈដែលសភារបស់ចក្រភពអង់គ្លេស បោះឆ្នោតសម្រេចចូលរួមទម្លាក់គ្រាប់បែកក្នុងប្រទេស ស៊ីរី និងអ៊ីរ៉ាក់ដើម្បីបង្ក្រាបពួក ISIS ផងដែរ។
៤៖ អំពើពុករលួយ និងរឿងអាស្រូវ
អង្គភាពគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានធ្លាក់ទៅក្នុងភាពច្របូកច្របល់ ដោយសារការកើតមាននូវអំពើពុករលួយ និងរឿងអាស្រូវជាច្រើន។ អាជ្ញាធរប្រទេស ស្វីស បានចាប់ខ្លួនមន្ត្រីជាន់ខ្ពស់របស់ FIFA ជាច្រើនរូប ដែលមានពាក់ព័ន្ធនឹងបញ្ហានេះ។ ជាមួយគ្នានេះដែរ លោក Sepp Blatter ប្រធានរបស់ FIFA បានលាលែងពីដំណែងដោយសាររឿងអាស្រូវនេះ ហើយក្រោយមកលោកត្រូវគេបានហាមឃាត់ មិនឲ្យចូលរួមក្នុងសកម្មភាពនានាពាក់ព័ន្ធនឹងវិស័យបាល់ទាត់រយៈពេល៨ឆ្នាំ។
ដោយឡែកក្រុមហ៊ុនផលិតរថយន្ត Volkswagen ដ៏ល្បីល្បាញប្រចាំប្រទេស អាឡឺម៉ង់ បានសារភាពថា ផលិតផលរបស់ខ្លួនមានបញ្ហា។ បន្ទាប់ពីមានរឿងអាស្រូវនេះ ក្រុមហ៊ុនបានប្រមូលរថយន្តទាំងនោះជាច្រើនគ្រឿងមកជួសជុលឡើងវិញ ស្របពេលដែលលោក Martin Winterkorn ដែលជា CEO របស់ក្រុមហ៊ុននេះ បានលាលែងពីដំណែង។
៥៖ ហេតុការណ៍ធ្លាក់យន្តហោះ និងគ្រោះធម្មជាតិ
ឆ្នាំ២០១៥នេះ បានក្លាយជាឆ្នាំដែលមានសោកនាដកម្មដោយសារការធ្លាក់យន្តហោះជាច្រើនលើកច្រើនសារ ដែលបណ្តាលឲ្យមនុស្ស ស្លាប់អស់ជាច្រើននាក់។ ជាក់ស្តែងដូចជា ការធ្លាក់យន្តហោះ Germanwings យន្តហោះរបស់ប្រទេសរុស្ស៊ី នៅអេហ្ស៊ីប និងយន្តហោះរបស់ប្រទេស ឥណ្ឌូនេស៊ីជាដើម។
មិនតែប៉ុណ្ណោះគ្រោះរញ្ជួយដី ដែលជាផ្នែកមួយនៃគ្រោះធម្មជាតិ ក៏បានកើតឡើងជាញឹកញាប់ និងបណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់ផងដែរ។ ជាក់ស្តែងក្នុងឆ្នាំ២០១៥នេះ មានគ្រោះរញ្ជួយដីកើតឡើងសរុបរហូតដល់១៣៩១៨លើក និងបង្កឲ្យមានអ្នកស្លាប់សរុបចំនួន៩.៦៣១នាក់។
អ្វីដែលជាក្តីបារម្ភមួយទៀតផងដែរ របស់ពិភពលោក គឺបញ្ហាកំណើនកម្តៅផែនដី និងការបំពុលបរិយាកាស។ បញ្ហានេះបានជម្រុញឲ្យមាន ការរៀបចំកិច្ចប្រជុំកំពូលនៅក្នុងទីក្រុង ប៉ារីស ប្រទេស បារាំង ដើម្បីចាត់វិធានការណ៍ជាបន្ទាន់ ក្នុងគោលដៅទប់ស្កាត់បញ្ហានេះ តាមរយៈការកាត់បន្ថយការបញ្ចេញឧស្ម័នពុលទៅក្នុងបរិយាកាស។
៦៖ ការរីករាលដាលជំងឺអ៊ីបូឡា នៅអាហ្វ្រិកខាងលិច
នៅឆ្នាំ២០១៥នេះ ជំងឺអ៊ីបូឡា បានវាយប្រហារប្រទេសនៅអាហ្វ្រិកខាងលិចយ៉ាងធ្ងន់ធ្ងរ មិនធ្លាប់មានចាប់តាំងពីការកើតមាន ជាលើកដំបូងក្នុងឆ្នាំ១៩៧៥កន្លងទៅនេះ។ សូមជម្រាបថា ការរីករាលដាលនៃជំងឺនេះ ក្នុងរយៈពេល១៨ខែ បណ្តាលឲ្យមនុស្ស១១.៣០០នាក់ស្លាប់ ដោយឡែក២៨ពាន់នាក់ផ្សេងទៀតធ្លាក់ខ្លួនឈឺ នៅក្នុងប្រទេសចំនួនបីនៅអាហ្រ្វិកខាងលិច។ កិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោកពិតមានសារៈសំខាន់ក្នុងការព្យាបាល និងបញ្ឈប់ការរីករាលនៃជំងឺដ៏កាចសាហាវមួយនេះ៕