(ពោធិ៍សាត់)៖ ឆ្លងតាមការពិនិត្យយ៉ាងល្អិតល្អន់ ពីសំណាក់ក្រុមវេជ្ជបណ្ឌិត ក្នុងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ពុំបានរកឃើញមេរោគកូវីដ១៩ (COVID-19) នៅក្នុងសំណាករបស់បងប្អូនខ្មែរ រួមទាំងអ្នកបើកបរទាំង ១០នាក់នោះឡើយ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃ២១ ខែមីនា ឆ្នាំ២០២០នេះ។
លោកសូមចូលរួមអបអរសាទរ ដោយគិតត្រឹមព្រឹកនេះ ខេត្តពោធិ៍សាត់ពុំទាន់មានករណីកូវីដ១៩ នៅឡើយទេ។ តែទោះជាយ៉ាងណាក្តីទាមទារឱ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ខ្ពស់រហូតដល់មានការធូរស្រាលឡើងវិញ នៃការចម្លងមេរោគដ៏សាហាវនេះ នៅទូទាំងសកលលោក។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០កន្លងទៅ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងឃុំក្បាលត្រាច ស្រុកក្រគរ កម្លាំងសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយកម្លាំងសន្តិសុខខេត្ត កម្លាំងប៉ុស្តិ៍រដ្ឋបាលក្បាលត្រាច និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកក្រគរ បានចុះឃាត់រថយន្តមួយគ្រឿង ដែលដឹកជនជាតិខ្មែរឥស្លាម ធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺ COVID-19 នៅឯខេត្តត្បូងឃ្មុំ ហើយត្រូវបានគេសង្ស័យថា មានផ្ទុកជំងឺនេះដូចគ្នា ដើម្បីបញ្ជូនដាក់ឱ្យនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ និងយកសំណាក មកធ្វើតេស្ត ចៀសវាងមានការចម្លងដល់ពលរដ្ឋ។
ការចុះឃាត់រថយន្តនេះ ធ្វើឡើងបន្ទាប់ពីមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានផ្តល់ព័ត៌មានមកថា មានបងប្អូនជនជាតិខ្មែរឥស្លាម រស់នៅខេត្តពោធិ៍សាត់ ចំនួន ៩នាក់ ជិះរថយន្តម៉ាកសាំយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2M-7052 បើកបរដោយឈ្មោះ យូ សុះ (មិនស្គាល់ទីលំនៅ) បានចេញដំណើរពីខេត្តត្បូងឃ្មុំ វិញត្រឡប់ទៅពោធិ៍សាត់វិញ៕