(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៨៖២២នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី៩ (GS9-F4) មូលហេតុដោយសារ មានក្រុមហ៊ុនឯកជន LOA កាយដី ដើម្បីចាក់បេតុងរៀបការ៉ូឡា ប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ ១៖ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន, ២៖ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង, ៣៖ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេស បានធ្វើការប្តូរប្រភពផ្គត់ផ្គង់ភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនមានចរន្តប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១០៖០៥នាទីព្រឹកនេះ។
អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារ នៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាល ឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕