(ភ្នំពេញ)៖ អ្នកឧកញ៉ា ហុង ពីវ និងអតិថិជនទាំងអស់នៃបុរីពិភពថ្មី សូមជួយចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន២លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ សម្រាប់សកម្មភាពប្រយុទ្ធប្រឆាំង និងការរាតត្បាតជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានកំណត់យកទីតាំងចំនួន២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជន ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងនោះមាន៖
* កន្លែងទី១៖ គឺគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានសម្តេចជាប្រធាន ហើយមានអាស័យដ្ឋាននៅក្រសួងសុខាភិបាល និងមានឈ្មោះមន្ត្រី និងលេខទូរស័ព្ទ អ្នកចាំទទួល៖ ០១២ ៨៤២ ៩៦៦, ០១២ ៨៣៨ ៨៨៥, ០១២ ៧៣១ ៨៨៨, ០១២ ៧៧៦ ៥៧៨។
* កន្លែងទី២៖ គឺខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមានលោក សេង ទៀង នាយករងខុទ្ទកាល័យ ០១២ ៩៦១ ៩៧១ និងមន្ត្រីមួយចំនួនទៀត ជាអ្នករង់ចាំទទួល។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងតាមរយៈសារលិខិតរបស់សម្តេចថា ជំនួយដែលនឹងត្រូវបានផ្តល់, រាជរដ្ឋាភិបាលនឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះ និងការពារជីវិតរបស់ប្រជាជនកម្ពុជានៃយើង។ សម្តេចក៏សូមជូនពរដល់ជូនរួមជាតិ សូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយនឹងជៀសផុតអំពីជំងឺដ៏កាចសាហាវដែលកំពុង តែគំរាមកំហែងទូទាំងពិភពលោកនេះ៕