(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ដំណាក់កាលធ្វើការកំណត់ថ្លៃ (ប៊ុកបៀលឌីង) ដោយរកបានតម្លៃភាគហ៊ុនរបស់ខ្លួនហើយនោះ ធនាគារ អេស៊ីលីដា ត្រូវបន្តដំណើរទៅមុខទៀត ដើម្បីសម្រេចគោលដៅឡើងផ្សារភាគហ៊ុន នៅចុងខែមេសា ឆ្នាំ២០២០ខាងមុខនេះ។
ការធ្វើ ប៊ុកបៀលឌីង ត្រូវបានកំណត់រកឃើញតម្លៃភាគហ៊ុនរបស់អេស៊ីលីដា (តម្លៃ IPO) ដែលត្រូវលក់ក្នុង១ហ៊ុន ១៦២០០រៀល។ សម្រាប់ជំហានបន្ទាប់ គឺការធ្វើបរិវិសកម្ម (ចុះឈ្មោះ ឬដាក់សំណើរទិញមូលបត្រ) ដែលត្រូវចាប់ផ្តើមពីថ្ងៃទី២៤ ខែមីនា ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ដែលរយៈពេលនេះត្រូវបាន អេស៊ីលីដា អះអាងថា បានបន្ថែមឲ្យវែងជាងការគ្រោងទុកពីមុន។
ក្រៅតែពីបន្ថែមរយៈពេលឲ្យជួយជាងមុន ធនាគារក៏បានបន្ថែមជម្រើស ជូនអ្នកវិនិយោគនូវការដាក់សំណើទិញតាមប្រព័ន្ធអនឡាញផងដែរ ដែលជាវិធានការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺ Covid-19។
ក្នុងសេចក្តីជូនដំណឹងរបស់ធនាគារ អេស៊ីលីដា បញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីគោរពតាមគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការទប់ស្កាត់ ការរីករាលដាលនៃវីរុស covid-19 ធនាគារ អេស៊ីលីដា ភីអិលស៊ី បានសម្រេចបន្ថែមរយៈពេលនៃការធ្វើបរិវិសកម្ម និងបន្ថែមនូវជម្រើសក្នុងការដាក់សំណើទិញ តាមប្រព័ន្ធអនឡាញ ដើម្បីសុវត្ថិភាព និងភាពងាយស្រួលរបស់វិនិយោគិនសាធារណៈ តាមរយៈគេហទំព័របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី www.acledabank.com.kh (http://www.acledabank.com.kh/) ឬ www.acledasecurities.com.kh (http://www.acledasecurities.com.kh/). ដោយស្វែងរកពាក្យ សំណើទិញភាគហ៊ុន»។
សូមជម្រាបថា បើគ្មានអ្វីប្រែប្រួលទេនោះ ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជដំបូងគេនៅកម្ពុជា នឹងចុះបញ្ជី (Listing) នៅក្នុងផ្សារភាគហ៊ុន នៅក្រោយបុណ្យចូលឆ្នាំខ្មែររួច។
ធនាគារនេះគ្រោងនឹងបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិថ្មីចំនួន ៨,៧៥១,៣៩១ភាគហ៊ុន និងភាគហ៊ុន ដែលមានស្រាប់រហូត ដល់១៣,១២៧,០៨៦ភាគហ៊ុន ដល់សាធារណជន។
ខាងក្រោមនេះ គឺជាព័ត៌មានលម្អិតនៃដំណើរការបរិវិសកម្ម៖
១៖ កាលបរិច្ឆេទបរិវិសកម្ម ទីតាំង និងនីតិវិធី
ក៖ កាលបរិច្ឆេទ៖ ២៤ មីនា ដល់ ២៤ មេសា ២០២០ (ម៉ោង៨៖០០ព្រឹក ដល់ម៉ោង៥៖០០ល្ងាច ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
ខ៖ ទីតាំង៖ ទីស្នាក់ការភ្នាក់ងារចែកចាយលក់
* អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី (ACS) និង បញ្ជរនៅតាមសាខារបស់ធនាគារ អេស៊ីលីដា ក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ក្រុងព្រះសីហនុ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពត ខេត្តស្វាយរៀង និង ខេត្តបន្ទាយមានជ័យ
* យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី (YSC)
* អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី (SBI)
* អ អេច ប៊ី ឥណ្ឌូឆៃណា ស៊ីឃ្យួរឹធី ម.ក (RHB)
* កម្ពុ ស៊ីឃ្យួរឹធី ភីអិលស៊ី (CAMPUSEC)
* ភ្នំពេញ ស៊ីឃ្យួរឹធី ភីអិលស៊ី (PPS)
* កាណា ស៊ីឃ្យួរឹធី អិលធីឌី (CNS)
សម្រាប់ព័ត៌មានបន្ថែមអំពីអាសយដ្ឋានរបស់ភ្នាក់ងារចែកចាយលក់ សូមមើលគេហទំព័រ៖ www.acledabank.com.kh (http://www.acledabank.com.kh/)
គ៖ នីតិវិធី
a៖ វិនិយោគិនត្រូវមានគណនីជួញដូរនៅក្រុមហ៊ុនមូលបត្រណាមួយដែលទទួលបានអាជ្ញាបណ្ណពី គ.ម.ក.។
b៖ វិនិយោគិនត្រូវបំពេញពាក្យស្នើសុំចូលរួមបរិវិសកម្ម។
c៖ វិនិយោគិនត្រូវដាក់តម្កល់ប្រាក់ចំនួន ១០០% នៃតម្លៃសរុបនៃមូលបត្រដែលមានបំណងធ្វើបរិវិសកម្មទៅក្នុងគណនីបរិវិសកម្មរបស់ធនាគារ អេស៊ីលីដា ដូចខាងក្រោម៖
* ឈ្មោះគណនី ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី - គណនីបរិវិសកម្ម
* លេខគណនី ៖ 0001-03571769-3-6 (ខ្មែររៀល)
* Swift Code ៖ ACLBKHPP
២៖ ការជូនដំណឹងអំពីលទ្ធផលបរិវិសកម្ម
ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងជូនដំណឹងអំពីលទ្ធផលបរិវិសកម្មជូនវិនិយោគិន បន្ទាប់ពីទទួលបានការអនុម័តពី គ.ម.ក.។
សម្រាប់ព័ត៌មានបន្ថែម៖
* គេហទំព័រ៖ www.acledabank.com.kh (http://www.acledabank.com.kh/)
* ទូរស័ព្ទ៖
- ACS : 012 840 125, 015 723 388, 023 723 388, 023 999 966, 023 999 977
- YSC : 023 860 801
- SBI : 023 999 595
- RHB : 023 969 161
- CAMPUSEC : 023 999 883
- PPS : 023 886 555
- CNS : 023 999 887
- សូមអាននិងទាញយកឯកសារផ្តល់ព័ត៌មានតាមរយៈ៖ https://www.acledabank.com.kh/disclosure-documents