(កណ្ដាល)៖ ស្នងការនគរបាលខេត្ដកណ្ដាល លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ បានដឹកនាំស្នងការរង, តំណាងអធិការនគរបាលស្រុកកោះធំ, គណៈកម្មការព្រំដែនអន្តរជាតិជ្រៃធំ, ច្រកទ្វារព្រែកជ្រៃ និងខ្នារតាំងយូ រួមទាំងមន្ត្រីពាក់ព័ន្ធព្រំដែនជាច្រើនរូប ចុះពិនិត្យសភាពការណ៍តាមបណ្ដោយតំបន់ព្រំដែន ច្រកទ្វារអន្ដរជាតិជ្រៃធំ, ច្រកទ្វារព្រែកជ្រៃ និងច្រកទ្វារខ្នារតាំងយូ ក្នុងភូមិសាស្ដ្រខេត្ដកណ្ដាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលវីរុស COVID-19។
លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ បានឲ្យដឹងថា ក្នុងនាមលោកជាអនុប្រធានគណៈកម្មការខេត្ដ ក្នុងការប្រយុទ្ធនឹងជំងឺ COVID-19 ក្រោមការបង្កើតឡើងដោយលោក គង់ សោភ័ណ្ឌ អភិបាលខេត្ដកណ្ដាល ជាប្រធាន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ លោកក៏ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យសភាពការណ៍តាមបណ្ដោយតំបន់ព្រំដែន ច្រកទ្វារអន្ដរជាតិជ្រៃធំ និងច្រកទ្វារព្រែកជ្រៃ និងច្រកទ្វារខ្នារតាំងយូ ក្នុងភូមិសាស្ដ្រខេត្ដកណ្ដាល។
បន្ទាប់ពីពិនិត្យសភាពការណ៍តាមបណ្ដោយព្រំដែនចប់ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ បានបន្តចុះពិនិត្យ ការដ្ឋានសាងសង់ប៉ុស្តិ៍ជ្រៃធំ ចំណុះឲ្យទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០៥ផងដែរ។
គួរជម្រាបថា ប៉ុស្តិ៍ជ្រៃធំនេះ ចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមជំនួយឧបត្ថម្ភថវិកាផ្ទាល់របស់អភិបាលខេត្ដកណ្ដាល ដែលមានទំហំ១០ម៉ែត្រគុណ២១ម៉ែត្រ តាមស្តង់ដាររបស់ក្រសួងដែលបានកំណត់ រហូតមកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ បានសាងសង់ប្រមាណ៤០ភាគរយ៕