(ភ្នំពេញ)៖ ក្រុមសង្គមស៊ីវិល និងសកម្មជនដីធ្លី ប្រមាណ៥០នាក់ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦នេះ បានបរាជ័យចំពោះការរៀបចំពិធីសាសនា នៅតាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីកម្លាំងសមត្ថកិច្ចជាច្រើននាក់ បានចុះទៅទប់ស្កាត់ និងរារាំងរបស់ពួកគេ ។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងប្រាប់អង្គភាព Fresh News ថា គិតត្រឹមវេលាម៉ោង១០៖៤០នាទី ក្រុមសកម្មជនដីធ្លី និងក្រុមអង្គការសង្គមស៊ីវិល បានបំបែកអស់ហើយ ក្រោយពីកម្លាំងរបស់លោក និងអាជ្ញាធរបានចុះទៅទប់ស្កាត់សកម្មភាពពួកគេ។
លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ពេលដែលពួកគេកំពុងអុជធូបនោះ យើងក៏ទៅទប់ស្កាត់ដោយយកធូបទាំងនោះចេញ ហើយរុញពួកគេឲ្យចាកចេញពីកន្លែងប្រារព្ធ មូលហេតុដោយសារតែសាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យមានការរៀបចំពិធីសាសនាមួយនេះ ។ យ៉ាងណាក៏ដោយ ចំពោះសកម្មភាពបំបែកនេះ មិនបណ្តាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់ និងរងរបួសនោះឡើយ។
សូមបញ្ជាក់ថា នៅព្រលប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ បានសេចក្តីប្រកាសជំរាបជូន អភិបាលខណ្ឌពោធិ៍សែនជ័យ និងអភិបាលខណ្ឌមានជ័យថា សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យមានការជួបជុំ រៀបចំពិធីណាមួយ នៅផ្លូវវេងស្រេង នាព្រឹកស្អែកនោះទេ។
ការសេចក្តីប្រកាសជំរាបជូន អភិបាលខណ្ឌពោធិ៍សែនជ័យ និងអភិបាលខណ្ឌមានជ័យ ស្តីពីការហាមឃាត់នេះ ធ្វើឡើងបន្ទាប់ពីមាន សមាគម និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនមានគម្រោងរៀបចំ ការជួបជុំប្រារព្ធពិធីឧទ្ធិសកុសល ជូនដល់វិញ្ញាណក្ខន្ធ អ្នកបាត់បង់ជីវិត ក្នុងព្រឹត្តិការណ៍តាមបណ្តោយផ្លូវចោមចៅ (ផ្លូវវេងស្រេង) ដើម្បីទាមទារ ឮការដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ កាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៤៕