(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសសិង្ហបុរី បានអះអាងថា រដ្ឋាភិបាលសិង្ហបុរី ទើបនឹងដាក់ចេញនូវវិធានការបង្ការបន្ថែមទៀត ដើម្បីកាត់បន្ថយហានិភ័យ នៃការនាំចូលការឆ្លងវីរុសកូវីដ១៩ ទៅកាន់សិង្ហបុរី។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
វិធានការរបស់សិង្ហបុរីនេះ រួមមានដូចតទៅ៖
* អ្នកដំណើរទាំងអស់ដែលចូលសិង្ហបុរី (រួមមានអ្នកមានទីលំនៅនៅសិង្ហបុរី អ្នកមានបណ្ណស្នាក់នៅរយៈបេលវែង និងអ្នកដំណើរមករយៈពេលខ្លី) ដែលធ្លាប់មានប្រវត្តិទៅ/នៅបណ្តាប្រទេសសមាជិកអាស៊ាន (រួមទាំងកម្ពុជាផងដែរ) ជប៉ុន ស្វីស និងចក្រភពអង់គ្លេស ក្នុងអំឡុងពេល ១៤ថ្ងៃចុងក្រោយ នឹងត្រូវកំណត់ឱ្យស្នាក់នៅផ្ទះរយៈពេល១៤ថ្ងៃ។ បន្ថែមពីនេះ ពួកគេនឹងតម្រូវឱ្យបញ្ជាក់ពីទីកន្លែងដែលត្រូវអនុវត្តការស្នាក់នៅផ្ទះរយៈពេល១៤ថ្ងៃនេះ និងអាចត្រូវយកសំណាកទៅពិនិត្យរក Covid-19 ទោះបីជាមិនមានរោគសញ្ញាក៏ដោយ។
* បន្ថែមពីលក្ខខណ្ឌស្នាក់នៅផ្ទះ រយៈពេល១៤ថ្ងៃ អ្នកដំណើរជាជនជាតិ នៃបណ្តាប្រទេសសមាជិកអាស៊ានណាមួយ ដែលចូលសិង្ហបុរីក្នុងរយៈពេលខ្លី ត្រូវដាក់សុំការពិនិត្យនូវព័ត៌មានចាំបាច់ ស្តីពីសុខភាពរបស់ពួកគេទៅស្ថានទូតសិង្ហបុរី ប្រចាំប្រទេសអាស៊ាននោះ មុនថ្ងៃដែលពួកគេទៅសិង្ហបុរី។ ការដាក់ស្នើពិនិត្យនេះ នឹងត្រូវយល់ព្រមដោយក្រសួងសុខាភិបាលសិង្ហបុរី ហើយផ្ទៀងផ្ទាត់ឡើងវិញម្តងទៀតដោយមន្រ្តីអន្តោប្រវេសន៍ នៅប៉ុស្តិ៍ត្រួតពិនិត្យនៅសិង្ហបុរី។ អ្នកដំណើរចូលសិង្ហបុរីរយៈពេលខ្លី ដែលមិនមានការយល់ព្រមពីក្រសួងសុខាភិបាលសិង្ហបុរី និងមិនអនុញ្ញាតឱ្យចូលសិង្ហបុរីនោះទេ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងទាំងស្រុងរបស់ ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសសិង្ហបុរី៖