(ភ្នំពេញ)៖ តម្លៃភាគហ៊ុនរបស់ធនាគារអេស៊ីលីដា ត្រូវបានគណៈកម្មការមូលបត្រកម្ពុជាអនុម័តហើយ គឺមានតម្លៃ១៦២០០រៀល ក្នុង១ភាគហ៊ុន។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា ប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ។
តម្លៃភាគហ៊ុនចុងក្រោយ ដែលបានកំណត់នេះ អនុលោកតាមនីតិវិធីស្ដីពីការធ្វើប៊ុកបៀឌីង និងការធ្វើបវិសកម្ម។
បន្ទាប់ពីបញ្ចប់ដំណើរការ កំណត់ថ្លៃភាគហ៊ុនរបស់ធនាគារ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០កន្លងទៅ មានវិនិយោគិនចូលរួម២១៨០នាក់ ក្នុងនោះមានវិនិយោគិន ក្នុងស្រុក៩៥.៥៥ភាគរយ និងវិនិយោគិនបរទេស៤.៤៥ភាគរយ។ តម្រូវការចូលរួមដាក់សំណើទិញ និងកំណត់ថ្លៃមានចំនួនច្រើនគួរឲ្យកត់សំគាល់ ដោយតម្រូវការសរុបមានចំនួន៣ដង លើចំនួនភាគហ៊ុន ដែលបានលៃបម្រុងទុក ក្នុងដំណាក់កាលប៊ុកបៀលឌីង។
ជាមួយគ្នានេះ ធនាគារអេស៊ីលីដា ក៏អញ្ជើញវិនិយោគិន ដែលទទួលបានជោគជ័យ និងវិនិយោគិន ដែលមិនទទួលបានជោគជ័យក្នុងប៊ុកបៀឌីង និងវិនិយោគិនដែលមិនបានចូលរួម ក្នុងដំណាក់កាលប៊ុកបៀលឌីងទាំងអស់ សូមចូលរួមក្នុងដំណាក់កាលបវិសកម្មបន្ដទៀត ដើម្បីបញ្ចប់ដំណើរការទិញភាគហ៊ុនរបស់ធនាគារ។
វិនិយោគិនដែល ទទួលបានជោគជ័យ និងវិនិយោគិនដែលមិនទទួលបានជោគជ័យ នៅតែអាចទិញភាគហ៊ុនរបស់ធនាគារបន្ថែមទៀត បាននៅក្នុងដំណាក់កាលបរិវិសកម្ម។ នៅក្នុងដំណាក់កាលបរិវិសកម្ម មានភាគហ៊ុនសរុបរហូតដល់ ២១,៨៧៨,៤៧៧ ភាគហ៊ុន។ ដំណាក់កាលបរិវិសកម្ម គ្រោងនឹងចាប់ផ្តើម នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។
ដើម្បីគោរពតាមគោលការណែនាំ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទប់ស្កាត់ ការរីករាលដាលនៃវីរុស Covid-19 ធនាគារអេស៊ីលីដា បានសម្រេចបន្ថែមរយៈពេល នៃការធ្វើបវិសកម្ម និងបន្ថែមនូវជម្រើស ក្នុងការដាក់ដំណើទិញតាមប្រព័ន្ធអនឡាញ ដើម្បីសុវត្ថិភាព និងភាពងាយស្រួលរបស់វិនិយោគិនសាធារណៈ តាមរយៈគេហទំព័រ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី www.acledabank.com.kh ឬ www.acledasecurities.com.kh ដោយស្វែងរកពាក្យ «សំណើទិញភាគហ៊ុន»៕