(សៀមរាប)៖ ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ សត ណាឌី បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦នេះថា ជនដៃដល់ដែលកាប់សម្លាប់ក្មេងប្រុស៣នាក់ ប្លន់យកម៉ូតូនៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ម្សិលមិញ ត្រូវបានកម្លាំងនគរបាលរបស់លោក ចាប់ខ្លួនបានហើយ។
លោកឧត្តមសេនីយ៌ សត ណាឌី បានបញ្ជាក់ថា យើងតាមចាប់ខ្លួន បានហើយតាំងពីយប់មកម្ល៉េះ ហើយតែម្នាក់ឯងទេ។
សូមបញ្ជាក់ថា ក្មេងប្រុសមិនទាន់គ្រប់អាយុចំនួន៣នាក់ ត្រូវបានចោរប្លន់កាប់សម្លាប់ យ៉ាងសាហាវឃោឃៅ ដើម្បីយកម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១១ ពាក់ស្លាកលេខប៉ៃលិន 1A-6878 នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិគោកដូង ឃុំគោកដូង ស្រុកអង្គរជុំ។
ជនរងគ្រោះទាំង៣នាក់រួមមាន ទី១-ឈ្មោះ អ៊ាំង សូយ ភេទប្រុស អាយុ៨ឆ្នាំ ភូមិគោកដូងថ្មឹ ឃុំគោកដូង ស្រុកអង្គរជុំ, ២-ឈ្មោះ មាឌ យ៉ា ភេប្រុស អាយុ១៣ឆ្នាំ ភូមិគោកត្របែក ឃុំគោកដូង និង
៣-ឈ្មោះ មិច ក្អាត់ ភេទប្រុស អាយុ១៦ឆ្នាំ ភូមិគោក ត្របែកឃុំ គោកដូង៕