(ភ្នំពេញ)៖ ក្នុងក្របខ័ណ្ឌ នៃការប្រារព្ធទិវាប្រើប្រាស់ភាសាបារាំងហ្វ្រង់កូហ្វូនីលើកទី៥០ ការិយាល័យនៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ប្រចាំនៅកម្ពុជា បានរៀបចំការប្រកួតវីដេអូខ្នាតខ្លី និងការប្រកួតចំណេះលើការប្រើប្រាស់បណ្ណាល័យឌីជីថលសម្រាប់និស្សិតដែលចេះភាសាបារាំងកំពុងសិក្សានៅតាមបណ្តាសាកលវិទ្យាល័យទាំងឡាយ ជាសមាជិករបស់ AUF ។
ការប្រកួតវីដេអូខ្នាតខ្លីផ្តោតលើប្រធានបទ៖ តើហ្វ្រង់កូហ្វូនីមានន័យយ៉ាងដូចម្តេចសំរាប់ប្អូន? បានផ្តល់ឱកាសដល់ប្អូនៗនិស្សិតបញ្ចេញមតិស្តីអំពីទស្សនៈរបស់ខ្លួន ចំពោះការប្រើប្រាស់ភាសាបារាំងសព្វថ្ងៃ នាឱកាសប្រារព្វពិធីលើកទី៥០ឆ្នាំ នៃការបង្កើតអង្គការអន្តរជាតិនៃបណ្តាប្រទេសនិយមភាសាបារាំង (OIF)។
ដើម្បីចូលរួមក្នុងការប្រកួតនេះ និស្សិតត្រូវបង្កើតវីដេអូដោយថតខ្លួនឯងតាមរយៈទូរស័ព្ទដៃ ឬតាប្លេត ជាភាសាបារាំងក្នុងរយៈពេល០១នាទី និងមិនត្រូវធ្វើការកាត់តជាពិសេសអ្វីឡើយ។ បន្ទាប់មកនិស្សិតត្រូវផ្សព្វផ្សាយវីដេអូរបស់ខ្លួនលើគេហទំព័រនៃការប្រកួតវីដេអូខ្នាតខ្លីដែលបង្កើតឡើងដោយ AUF។
និស្សិតចំនួន៤២នាក់ បានចុះឈ្មោះប្រកួតមកពីសាកលវិទ្យាល័យផ្សេងៗគ្នារួមមាន៖ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, និងវិទ្យាស្ថានជាតិអប់រំ។ ក្នុងចំណោមអ្នកចុះឈ្មោះប្រកួតទាំងអស់ មានតែ៣១នាក់ប៉ុណ្ណោះ ដែលបានថតនិងផ្សព្វផ្សាយវីដេអូរបស់ខ្លួនលើទំព័រហ្វេសប៊ុក។
គណៈមេប្រយោគរបស់ AUF បានជ្រើសរើសវីដេអូឆ្នើមចំនួន១៣ ដោយឈរលើមូលដ្ឋានបច្ចេកទេសត្រឹមត្រូវរួមមានលក្ខណៈដើម និងការច្នៃប្រឌិត ការគោរពប្រធានបទ និងភាពត្រឹមត្រូវនៃខ្លឹមសារ គុណភាពរូបភាពនិងសម្លេង និងភាពទាក់ទាញតាមចំនួនអ្នកទស្សនាលើទំព័រហ្វេសប៊ុក។
និស្សិត Sok Heangmean និង Nong Molika មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញទទួលបានជ័យលាភីទី១ និងទី២ រីឯនិស្សិត Vuthy Narika មកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលទទួលជ័យលាភីទី៣។ ចំណែកឯនិស្សិត១០នាក់ផ្សេងទៀត ទទួលរង្វាន់លើកទឹកចិត្តពី AUF។
ចំណែកឯការប្រកួតចំណេះដឹងលើការប្រើប្រាស់បណ្ណាល័យឌីជីថល ធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តនិស្សិតទាំងឡាយ ឲ្យចេះស្រាវជ្រាវព័ត៌មាននិងទិន្នន័យលើគេហទំព័រ BNEUF https://bneuf.auf.org ដែលជាប្រភេទបណ្ណាល័យឌីជីថលបង្កើតឡើយងដោយ AUF និងជំរុញឲ្យចេះប្រើប្រាស់ឧបករណ៍ឌីជីថលប្រកបដោយនវានុវត្តន៍មួយនេះ។
និស្សិតចំនួន២៣នាក់ដែលបានចុះឈ្មោះប្រកួតមកពី៖ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច, និងវិទ្យាស្ថានជាតិអប់រំ។
យោងតាមវិធានការណ៍របស់ក្រសួងអប់រំយុវជននិងកីឡា ក្នុងការបង្ការចំពោះការឆ្លងវីរុស COVID-19 បេក្ខជនទាំងអស់ត្រូវធ្វើការប្រកួតពីចម្ងាយ តាមរយៈមធ្យោបាយរបស់ខ្លួននៅគេហដ្ឋាន។ ការប្រកួតនេះប្រព្រឹត្តិទៅលើគេហទំព័រ ដែលបង្កើតឡើងសម្រាប់ការប្រកួតនេះក្នុងរយៈពេល៣០នាទី ដោយឆ្លើយសំណួរដែលពាក់ព័ន្ធនឹងការស្រាវជ្រាវឯកសារលើបណ្ណាល័យឌីជីថល (BNEUF) របស់ AUF។
គណៈកម្មការមេប្រយោគរបស់ AUF បានជ្រើសរើសបេក្ខជនឆ្នើមចំនួន៣រូប ដោយឈរលើចំនួនចម្លើយត្រឹមត្រូវ និងរយៈពេលសរុបនៃចម្លើយទាំងអស់។ និស្សិតដែលទទួលបានជ័យលាភីទាំង៣រូប សុទ្ធតែជានិស្សិតមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល៖ Has Chanleakhena ជ័យលាភីទី១ Oung Monyreasey ជ័យលាភីទី២ និង Heng Sovansaksith ជ័យលាភីទី៣។
សូមបញ្ជាក់ថា ក្នុងចំណោមនិស្សិត២៣នាក់ ដែលបានចុះឈ្មោះមានតែនិស្សិត១៦នាក់ប៉ុណ្ណោះ ដែលបានប្រកួតពិតប្រាកដពីចម្ងាយ ដោយសារកង្វះមធ្យោបាយ និងកង្វះ ឬប្រព័ន្ធអ៊ីនធឺណែតខ្សោយនៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា។ ប្រឈមនឹងការរីករាលដាលនៃមេរោគ COVID-19 រាល់ការជួបជុំទាំងឡាយដែលបានគ្រោងទុកសម្រាប់ការប្រារព្វពីធីហ្វ្រង់កូហ្វូនីនៅកម្ពុជាត្រូវបានលុបចោល។ ប៉ុន្តែស្ថាប័នខ្លះបានរៀបចំពីបុណ្យនេះតាមរបៀបរបស់ខ្លួនពីចម្ងាយ៕
ជ័យលាភីលេខ១
ជ័យលាភីលេខ២
ជ័យលាភីលេខ៣