(ឧត្ដរមានជ័យ)៖ ដោយមើលឃើញការរាតត្បាតរោគឆ្លង COVID-19 ដែលបង្កឲ្យមានប៉ះពាល់យ៉ាងខ្លាំង, អភិបាលខេត្តសុរិន្ទ ប្រទេសថៃបានជូនដំណឹងអំពីការផ្អាកចេញ-ចូល នៅតាមច្រកទ្វារអន្ដរជាតិឆងចម ស្រុកកាប់ជើង ខេត្តសុរិន្ទ-អូរស្មាច់ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដើម្បីទប់ស្កាត់ការឆ្លងជំងឺ ដ៏កាចសាហាវមួយនេះ។
តាមរយៈលិខិតជូនដំណឹងចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ជូនដល់ស្ថាប័ន និងសមត្ថកិច្ចរបស់ខ្លួនដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិឆងចម (អូរស្មាច់) ដោយបានបញ្ជាក់ថានឹងបិទច្រកទ្វារព្រំដែនអន្តរជាតិឆងចម-អូរស្មាច់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០តទៅ ដោយមិនអនុញ្ញាតឱ្យមនុស្ស យានជំនិះ និងទំនិញឆ្លងកាត់ចេញចូលជាបណ្តោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី លើកលែងតែទំនិញដែលស្ថិតក្រោមច្បាប់បញ្ញត្តិស្តីពីគយ (ថៃ) នេះបើតាមលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ។
ក្នុងលិខិតបានបញ្ជាក់យ៉ាងដូច្នេះថា «ដោយមើលឃើញ ការរាតត្បាតរោគឆ្លង COVID-19 ដែលបង្កឲ្យមានប៉ះពាល់យ៉ាងខ្លាំង តាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល ស្ដីអំពីការឆ្លង របស់មេរោគ COVID-19 ដែលបង្កឲ្យមានគ្រោះថ្នាក់ នៅក្នុងខេត្តសុរិន្ទ។ ដូចនេះ ដើម្បីទប់ស្កាត់រោគឆ្លង ឲ្យមានប្រសិទ្ធិភាព ខេត្តសុរិន្ទ មានសេចក្ដីចាំបាច់ ដើម្បីកាត់ផ្ដាច់ការរាតត្បាតជំងឺ COVID-19 កុំឲ្យឆ្លងពីកន្លែងមួយទៅកន្លែងមួយ»។
ក្នុងលិខិតបានបន្ថែមទៀតថា «ដូចនេះ គណៈកម្មការទប់ស្កាត់ជំងឺឆ្លង របស់ខេត្តសុរិន្ទ និងស្ថាប័នពាក់ព័ន្ធ បានសម្រេចផ្អាកការចេញចូល របស់មនុស្ស យានយន្ដ និងទំនិញ នៅច្រកទ្វារអន្ដរជាតិឆងចម ស្រុកកាប់ជើង ខេត្តសុរិន្ទ-អូរស្មាច់ក្រុងសំរោង ខេត្តឧត្ដរមានជ័យ»៕