(ភ្នំពេញ)៖ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានសំណេះសំណាលសាកសួរសុខទុក្ខ និងផ្សព្វផ្សាយសេចក្ដីណែនាំ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីវិធានការបន្ទាន់បង្ការ ទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 និងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីផ្អាកជាបណ្ដោះអាសន្ន ក្នុងការធ្វើដំណើរចេញ ចូលរបស់ប្រជាពលរដ្ឋ ទៅកាន់ប្រទេសវៀតណាម ដល់មន្ត្រីនគរបាលជាតិវរសេនាតូច ការពារព្រំដែន លេខ៦០៣ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានក្រើនរំលឹកដល់មន្ដ្រីនគរបាលការពារព្រំដែនទាំងអស់ ត្រូវផ្សព្វផ្សាយណែនាំបន្ដដល់ប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរទៅកាន់ ប្រទេសវៀតណាម ឲ្យផ្អាកជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លង COVID-19។ លោកស្នងការបានបន្ដទៀតថា ការផ្អាកការធ្វើដំណើរធ្វើឡើងរហូតដល់មានការជូនដំណឹងជាថ្មី។
សូមជម្រាបថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានចេញលិខិតមួយផ្ញើជូនស្ថានទូតវៀតណាម ប្រចាំប្រទេសកម្ពុជា ដោយបញ្ជាក់អំពី ការផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែនមួយរយៈ ដោយមិនអនុញ្ញាតឲ្យប្រជាជនប្រទេសទាំងពីរឆ្លងកាត់ឡើយ។ ការអនុវត្តវិធានការនេះ ត្រូវធ្វើឡើងចាប់ពីវេលាម៉ោង២៣៖៥៩យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។
ការសម្រេចរបស់កម្ពុជា ក្នុងការផ្អាកធ្វើដំណើរតាមព្រំដែនកម្ពុជា-វៀតណាម ជាបណ្តោះអាសន្ននេះ បានធ្វើឡើងបន្ទាប់ពីមានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្រោយពេលរដ្ឋាភិបាលវៀតណាម បានសម្រេចបិទច្រកព្រំដែនភ្លាមៗ ដោយមិនបានជូនដំណឹងដល់រាជរដ្ឋាភិបាលកម្ពុជា។
ការសម្រេចផ្អាកការធ្វើដំណើរតាមច្រកព្រំដែនរវាងប្រទេសទាំងពីរនេះ ធ្វើឡើងក្នុងគោលបំណងចៀសវាងមានការលំបាកកើតឡើង នៅតាមច្រកព្រំដែនប្រទេសទាំងពីរ ដោយយោងលើការកើនឡើង យ៉ាងគំហុក នូវការរកឃើញករណីឆ្លងវីរុសកូវីដ១៩ ខណៈដែលប្រទេសវៀតណាម បានដាក់កម្រិតលើការធ្វើដំណើរ ដែលតម្រូវឱ្យមានការដាក់នៅដោយឡែកពីគេរយៈពេល១៤ថ្ងៃ ចំពោះអ្នកដំណើរមកពីប្រទេសសមាជិកអាស៊ាន រួមទាំងជនជាតិវៀតណាមដែលវិលត្រឡប់ចូលស្រុកវិញផងដែរ៕