(ឧត្តរមានជ័យ)៖ លោក តូច សុភក្តី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ត្រូវបានផ្ទេរភារកិច្ចមកកាន់តំណែងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ជំនួសលោក កូយ កាន់យ៉ា ដែលត្រូវផ្ទេរតំណែងថ្មី ជាព្រះរាជអាជ្ញាខេត្តពោធិ៍សាត់។
ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្ត ក្រោមវត្តមានលោក ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមានការអញ្ជើញចូលរួមពីលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ, លោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សំ ប្រជាមានិត អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រមទាំងមន្ត្រីសាលាដំបូងខេត្ត មន្ត្រីយុត្តិធម៌ រួមទាំងភ្ញៀវកិត្តយស តាមបណ្តាមន្ទីរអង្គភាព ក្នុងខេត្តជាច្រើនរូបទៀត។
លោក ព្រហ្ម សិទ្ធត្រា បានថ្លែងថា ការរៀបចំផ្លាស់ប្តូរតួនាទីភារកិច្ចរបស់អាជីពចៅក្រម ព្រះរាជអាជ្ញា ឬមន្ត្រីរាជការនានាៗ គឺជាផ្នែកមួយ នៃកំណែទំរង់ ក្នុងវិស័យប្រព័ន្ធយុត្តិធម៌ ក្នុងការបម្រើសេវាយុត្តិធម៌ ឲ្យកាន់តែប្រសើរឡើងថែមទៀត និងធ្វើយ៉ាងណាបង្កើននូវជំនឿទុកចិត្ត ពីសំណាក់សាធារណៈជន និងប្រជាពលរដ្ឋ ក្នុងវិស័យយុត្តិធម៌។
លោករដ្ឋលេខាធិការ ក៏បានជំរុញឲ្យលោកព្រះរាជអាជ្ញា ដែលទើបមកកាន់តំណែងថ្មី ត្រូវបង្កើនកិច្ចសហការជាមួយអាជ្ញាធរដែនដី និងមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីបង្កើនប្រសិទ្ធភាព នៃការគោរពច្បាប់ ឲ្យបានតឹងរឹងបំផុត ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ដែលកើតមានផ្សេងៗ ក្នុងរដ្ឋបាលខេត្តឧត្តរមានជ័យ៖ ដូចជាបទល្មើសនេសាទ បទល្មើសព្រៃឈើ ជាពិសេសគ្រឿងញៀន ជាអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងតែចាត់វិធានការ ទប់ស្កាត់យ៉ាងតឹងរឹង។
លោករដ្ឋលេខាធិការ ក៏បានស្នើដល់ចៅក្រម និងព្រះរាជអាជ្ញា ត្រូវប្រកាន់ភ្ជាប់នូវ សម្បជញ្ញៈ មនសិការខ្ពស់ ក្នុងការផ្តល់សេវាយុត្តិធម៌ និងស្វែងរកយុត្តិធម៌ ប្រកបដោយតម្លាភាព សមភាព និងយុត្តិធម៌ ស្របតាមច្បាប់ គឺសំដៅធ្វើយ៉ាងណា ឲ្យមនសិការកាន់តែទទួលនូវជំនឿទុកចិត្ត ពីប្រជាពលរដ្ឋ។ ចូលរួមយ៉ាងសកម្ម ក្នុងដំណើរការក្រមនិតិវិធីព្រហ្មទណ្ឌ និងប្រើប្រាស់អំណាច ក្នុងក្របខណ្ឌ័ដែលមានបញ្ញត្តិ ក្នុងច្បាប់ លើការដឹកនាំសម្របសម្រួលណែនាំ ដល់មន្ត្រីនគរបាលយុត្តិធម៌ ក្នុងការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ។
ជាមួយគ្នានោះ ត្រូវអនុវត្តក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនយ៉ាងម៉ឹងមាត់ ព្រោះក្រមសីលធម៌នេះ ជាត្រីវិស័យសម្រាប់ជួយតម្រង់ផ្លូវឲ្យចៅក្រម និងព្រះរាជអាជ្ញា បានក្លាយខ្លួនគោរពច្បាប់ ដែលជាសកម្មភាពខ្ពស់ ក្នុងគោលបំណង ពង្រឹងសេចក្តីថ្លៃថ្នូរ ក្នុងការអនុវត្តភារកិច្ចតុលាការ។ ត្រូវជំរុញលើកកម្ពស់ឯករាជ្យភាព របស់តុលាការ ដើម្បីធ្វើយ៉ាងណាឲ្យខ្លួនក្លាយជាបុគ្គល ដែលមានចរិតយុត្តិធម៌។ ត្រូវរៀបចំទុកដាក់បញ្ជីរឿងក្តី ឲ្យបានត្រឹមត្រូវប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបន្តចាត់ការ ឲ្យបានទាន់ពេលវេលា ទៅតាមនីតីវិធី ដែលច្បាប់បានកំណត់ ជៀសវាងទុកសំណុំរឿងចោល ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិសេរីភាព នៃការឃុំខ្លួនជនសង្ស័យ ឬជនល្មើស លើសការកំណត់នៃច្បាប់៕