(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានសេចក្ដីជូនដំណឹងស្ដីពី ការលើកពេលរៀបចំ វគ្គបណ្ដុះបណ្ដាលបន្ដនៅតាមរាជធានី-ខេត្ដ និងការងារចែកលិខិតអញ្ជើញអ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៩ សម្រាប់បម្រើឲ្យការពិនិត្យ បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។
លិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន គ.ជ.ប បញ្ជាក់ថា ផែនការអនុវត្តការងារបណ្ដុះបណ្ដាលបន្ដនៅតាមរាជធានី-ខេត្ត គ្រោងនឹងធ្វើនៅចន្លោះ ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២០ និងការងារចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៩ នៅតាមភូមិ ឃុំ សង្កាត់ ដែលនឹងត្រៀម អនុវត្តចាប់ពីថ្ងៃទី១៩ ខែមីនា រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ សម្រាប់បម្រើការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ខាងមុខត្រូវបានលើកពេលវេលារហូតដល់មានការសម្រេចជាថ្មី។
ការសម្រេចលើកពេលរបស់ គ.ជ.ប ដោយសារតែស្ថានការណ៍បច្ចុប្បន្ន នៃការរីករាលដាលជាសកលមេរោគ COVID-19 និងដើម្បីចូលរួមទប់ស្កាត់ និងបង្ការការចម្លងមេរោគនេះ៕