(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅឆ្នាំបន្ត២០២០ របស់មន្ទីរសុខាភិបាលខេត្ត។
លោក ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា៖
*បច្ចុប្បន្នយើងមានមន្ទីរពេទ្យបង្អែកខេត្តក្រចេះសរុបចំនួន ៣កន្លែង ប៉ុស្តិ៍សុខភាពចំនួន ១៤កន្លែង កំពុងដំណើរការផ្ដល់សេវាសុខាភិបាលជូនប្រជាជន និងអគារមណ្ឌលសុខភាពចំនួន ៨កំពង់សាងសង់
*អ្នកជំងឺចូលសម្រាកពេទ្យមានចំនួន ២៤.២៨៦នាក់ កើនឡើងជាងឆ្នាំ២០១៨ មាន ២១.០៦១នាក់
*អ្នកជំងឺស្លាប់ចំនួន ១៧៨នាក់ ថយចុះជាងនៅឆ្នាំ២០១៨ មាន ១៧៩នាក់ អត្រាស្លាប់ 0,៧៣% ថយចុះជាងនៅឆ្នាំ២០១៨ មាន 0,៨៥%
*សេវាផ្តល់ឈាមនៅមន្ទីរពេទ្យខេត្ត បានបូមពីរអ្នកស្ម័គ្រចិត្តបានចំនួន ៦៥នាក់ កើនឡើងជាងនៅឆ្នាំ២០១៨ បាន ៣៥នាក់ និងពីក្រុមគ្រួសារអ្នកជម្ងឺបានចំនួន ១.៣០៥នាក់ កើនឡើងជាងឆ្នាំ២០១៨ មាន ១.១៦៧នាក់។
លោកបន្តថា ការប្រើប្រាស់សេវាសុខភាពនៅក្រោមយន្តការហិរញ្ញប្បទាន គាំទ្រជនក្រីក្រដោយមូលនិធិសមធម៌បានអនុវត្តនៅគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក៖ *កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកូនអាយុក្រោម ២ឆ្នាំ នៃគ្រួសារមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព របស់រាជរដ្ឋាភិបាល បានឧបត្ថម្ភប្រាក់ចំនួន ៤ម៉ឺនរៀល ជូនស្ត្រីមកពិនិត្យផ្ទៃពោះបានចំនួន ១.៧៤៤នាក់ ឧបត្ថម្ភប្រាក់ចំនួន ២០ម៉ឺនរៀលជូនស្ត្រីសម្រាលកូន បានចំនួន ១.២១១នាក់ និងឧបត្ថម្ភប្រាក់ចំនួន ៤ម៉ឺនរៀល ជូនស្ត្រីមកពិនិត្យក្រោយសំរាល និងនាំកូនអាយុក្រោម ២ ឆ្នាំមកពិនិត្យសុខភាព និងទទួលថ្នាំបង្ការបានចំនួន ៤.៦២២នាក់
*បេឡាជាតិរបបសន្តិសុខសង្គមបានចុះកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់សេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់ក្នុងខេត្តក្រចេះ គាំទ្រអ្នកជំងឺមកពិនិត្យពិគ្រោះបានចំនួន ១.០៧០នាក់ កើនឡើងជាងឆ្នាំ ២០១៨បាន ២៦៩នាក់ ស្ត្រីសម្រាលកូនបានចំនួន ២៩០នាក់ កើនឡើងជាងឆ្នាំ២០១៨ បាន ២៧១នាក់។
លោកបន្ថែមថា មន្ត្រីសុខាភិបាលក្នុងឆ្នាំ២០១៩ មានចំនួន ៧៣៧នាក់ សេវាសុខាភិបាលឯកជនមានច្បាប់ចំនួន ៣៩៩កន្លែង ថយចុះជាងនៅឆ្នាំ២០១៨ មាន ៤២៤កន្លែង ក្នុងនោះឱសថស្ថាន ចំនួន ២៨កន្លែង ឱសថស្ថានរង(ក)ចំនួន ៣កន្លែង ឱសថស្ថានរង(ខ)ចំនួន ១០កន្លែង។
លោក វ៉ា ថន បានអរគុណចំពោះ មន្រ្តីពេទ្យទាំងអស់ដែលបានយល់ដឹងច្បាស់ចំពោះការកែទម្រង់វិស័យសុខាភិបាល ក្រោមចំណុះរដ្ឋបាលខេត្ត គឺដើម្បីបម្រើសេវា និងបង្ខិតសេវាឲ្យកានតែជិតប្រជាជន មានប្រសិទ្ធភាព និងមានទំនុកចិត្ត និងត្រូវបន្តពង្រឹងសេវារបស់យើង ដើរឲ្យទាន់និងកំណែទម្រង់របស់រាជរដ្ឋាភិបាល។ លោកក៏សាទរចំពោះបងប្អូនស្រ្តី ដែលមានផ្ទៃពោះ ដែលបានចូលរួមជាមួយគោលនយោបាយរបស់ក្រសួង ក្នុងការមកពិនិត្យសុខភាពបានទៀងទាត់ជាប្រចាំ មិនត្រឹមតែប៉ុណ្ណោះ ក៏ទទួលបានការឧបត្ថម្ភពីក្រសួងផងដែរ ក្នុងគោលនយោបាយលើកទឹកចិត្តស្ត្រីមានផ្ទៃពោះ។
អភិបាលខេត្តថែមទាំងកោតសរសើរ ចំពោះអ្នកដែលស្ម័គ្រចិត្តបម្រើការងារជាគ្រូពេទ្យ ដោយតម្រូវឲ្យមានការអត់ធ្មត់ ព្យាយាម និងមានការស្រលាញ់ អាធ្យាស្រ័យ ដល់អ្នកជម្ងឺ និងអ្នកមកទទួលសេវា ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងជំនាញ។ លោកសំណូមពរ សូមបន្តវិជ្ជាជីវៈរបស់ខ្លួន ដើម្បីឲ្យវិស័យសុខាភិបាលនៅកម្ពុជា ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព និងមានទំនុកចិត្តពីប្រជាជន៕