(បាត់ដំបង)៖ សាកលវិទ្យាល័យបាត់ដំបង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូ របស់គម្រោងកែលម្អគុណភាពអប់រំឧត្តមសិក្សា ក្រោមអធិបតីភាព លោក យក់ ង៉ុយ រដ្ឋលេខាធិការ និងជានាយកគម្រោង នៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០ នៅសាកលវិទ្យាល័យបាត់ដំបង។
លោកស្រី សៀង ឯមទទឹម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបាត់ដំបង លោក អ៊ុម រម្យណី នាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងថ្នាក់ដឹកនាំនៃគ្រឹះស្ថានឧត្តមសិក្សាទាំងពីរបាន ចូលរួមចុះហត្ថលេខា និងធ្វើជាសាក្សីក្នុងពិធីដ៏មានសារៈសំខាន់នេះ។
កិច្ចព្រមព្រៀងភាពជាដៃគូ រវាងសាកលវិទ្យាល័យបាត់ដំបង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានផ្តោតទៅលើកិច្ចសហប្រតិបត្តិការ ចំនួនបួនសំខាន់ៗដូចជា៖
១៖ ផ្តល់ការបណ្តុះបណ្តាល ដល់មន្រ្តីនៃសាកលវិទ្យាល័យបាត់ដំបង លើការរៀបចំការកែលម្អកម្មសិក្សាលើជំនាញ វិស្វកម្មសំណង់ស៊ីវិល (Civil Engineering) បច្ចេកវិទ្យាព័ត៌មាន(Information Technology) និងការបង្កើតមុខវិជ្ជាថ្មីមួយ ដែលមានឈ្មោះថា វិស្វកម្មអេឡិចត្រូនិក និងម៉ាស៊ីនស្វ័យប្រវត្តិកម្ម (Electronics and Automation Engineering) ។
២៖ ផ្តល់ការគាំទ្របច្ចេកទេសរៀន និងបង្រៀនរួមមាន ការជួយកំណត់អត្តសញ្ញាណកម្មសម្រាប់សម្ភារៈបរិក្ខាបន្ទប់ពិសោធន៍ទាក់ទងនឹងជំនាញ វិស្វកម្មសំណង់ស៊ីវិល បច្ចេកវិទ្យាព័ត៌មាន វិស្វកម្មអេឡិចត្រូនិក និងម៉ាស៊ីនស្វ័យប្រវត្តិកម្ម ។
៣៖ ផ្តល់ការជួយគាំទ្រដល់សាកលវិទ្យាល័យបាត់ដំបង លើការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ធនធានមនុស្ស នៅក្នុងដេប៉ាតឺម៉ង់ទាំង៣ នៃមហាវិទ្យាល័យវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា។ ការគាំទ្រនេះរួមមាន ការបង្កើនគុណវុឌ្ឍិគ្រូបង្រៀន ដល់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
៤៖ ជួយគាំទ្របុគ្គលិកអប់រំនៃសាកលវិទ្យាល័យបាត់ដំបងលើវិធីសាស្រ្តបង្រៀនលើការអប់រំផ្នែក វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងការអនុវត្តមន្ទីរពិសោធន៍។
លោកយក់ ង៉ុយ បានសម្តែងនូវការកោតសរសើរ ចំពោះគ្រឹះស្ថានអប់រំទាំងពីរ ដែលបានខិតខំប្រឹងប្រែងរៀបចំកិច្ចព្រមព្រៀង រហូតសម្រេចបានការចុះហត្ថលេខានៅពេលនេះ។
លោកក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាយើង បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ ២០១៥-២០២៥ តាមរយៈការលើកកម្ពស់គុណភាពអប់រំនៅថ្នាក់ឧត្តមសិក្សា ដើម្បីឆ្លើយតាមនឹងបដិវត្តឧស្សាហកម្ម ៤.០។ ហេតុដូច្នេះហើយ គម្រោងកែលម្អគុណភាពអប់រំឧត្តមសិក្សា បានជួយគាំទ្រគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដោយផ្តោតសំខាន់ទៅលើការអប់រំផ្នែក វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងកសិកម្ម។
លោកស្រី សៀង ឯមទទឹម បានលើកឡើងពីគោលបំណងសំខាន់ៗ របស់កិច្ចព្រមព្រៀងភាពជាដៃគូនេះ និងសមិទ្ធិផលនានាដែលសាកលវិទ្យាល័យបាត់ដំបង សម្រេចបាន ក្នុងគោលបំណងរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកស្ទួយកំណើនសេដ្ឋកិច្ច ក្នុងភាគពាយព្យនៃប្រទេសកម្ពុជា។
លោក អ៊ុម រម្យណី ក៏បានមានចំណាប់អារម្មណ៍ ពីកិច្ចសហប្រតិបត្តិការល្អ លើការអប់រំផ្នែកវិស្វកម្មរវាងគ្រឹះស្ថានអប់រំទាំងពីរនាគ្រាកន្លងមក។
លោកបានបន្ថែមទៀតថា កិច្ចព្រមព្រៀងភាពជាដៃគូនេះ នឹងជួយសាកលវិទ្យាល័យបាត់ដំបង លើការអភិវឌ្ឍន៍ធនធានមនុស្ស ការពង្រឹងគុណភាពនៃការរៀន ការបង្រៀន និងការស្រាវជ្រាវ សំដៅការផលិតធនធានមនុស្សប្រកបដោយគុណវុឌ្ឍិ និងជំនាញច្បាស់សម្រាប់បំពេញតម្រូវការទីផ្សារការងារ ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសក្នុងភាគពាយព្យនៃប្រទេសកម្ពុជា។
កិច្ចព្រមព្រៀងភាពជាដៃគូនេះ មានរយៈពេល៥ ឆ្នាំគិតចាប់ពីខែមីនាឆ្នាំ ២០២០ ដល់ ខែមិថុនា២០២៤ ដែលមានទឹកប្រាក់សរុបចំនួន ១៨៦៨៩២ ដុល្លារ។
សូមបញ្ជាក់ដែរថា សាកលវិទ្យាល័យបាត់ដំបង ត្រូវចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយសាកលវិទ្យាល័យល្បីៗចំនួន០៥រួមមាន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (កម្ពុជា) សាកលវិទ្យាល័យរដ្ឋផែនស៊ីលវិញ្ញា (សហរដ្ឋអាមេរិក) សាកលវិទ្យាល័យស៊ីដនី (អូស្រ្តាលី) សាកលវិទ្យាល័យឧប៊ុនរាធានី (ថៃ) និងសាកលវិទ្យាល័យ ទូលូ (បារាំង) ដែលមានទឹកប្រាក់សរុបប្រមាណជា ៨០ ០០០០ ដុល្លាអាមេរិក (ប៉ែតសិបមឺនដុល្លាអាមេរិក) នៅក្នុងសមាសភាគទីមួយស្តីពីការកែលម្អការរៀន និងការបង្រៀននៃគម្រោងកែលម្អគុណភាពអប់រំឧត្តមសិក្សា ដែលផ្តល់ហិរញ្ញប្បទាន ដោយធនាគារពិភពលោក៕