(ភ្នំពេញ)៖ គណៈកម្មការជំនាញរដ្ឋសភា បានបើកកិច្ចប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់សំខាន់ចំនួន៣។

កិច្ចប្រជុំធ្វើនៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២០ ខែមីនា ក្រោមការដឹកនាំដោយ លោកបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា គណៈកម្មការសាធារណការដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភាដឹកនាំដោយលោស្រី និន សាផុន ប្រធានគណៈកម្មការ ដោយមានការចូលរួមពីសមាជិក សមាជិការគណៈកម្មការជំនាញទាំង១០ និងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ហាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៣រួមមាន៖

១៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាអោយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបអ៊ិនវេសម៉ិនឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មអនុភាព ៧០០មេហ្គាវ៉ាត់ខេត្តកោះកុង។

២៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាអោយក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ត្យុង២៣០គីឡូវ៉ុលតភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្មខេត្តឧត្តរមានជ័យមកអនុស្ថានីយសៀមរាបខាងកើត។

៣៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាននៃព្រះរាជាណាចក្រកម្ពុជាអោយក្រុមហ៊ុនហាន សេង ខូល ម៉ាញសម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គសនីដុតធ្យូងថ្មអានុភាព២៦៥មេហ្គាវ៉ាត់ខេត្តឧត្តរមានជ័យ។

លោកបណ្ឌិតរដ្ឋ ជាម យៀបបានលើកឡើងថាតាមសំណើររបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ដើម្បីបើកសម័យប្រជុំវិសាមញ្ញនៅលើសេចក្តីព្រាងច្បាប់ខាងលើនេះត្រឹមត្រញវតាមច្បាប់ ។ ដូច្នេះរដ្ឋសភានឹងពិភាក្សាអនុម័តនៅពេលខាងមុខនេះក្នុងសម័យប្រជុំវិសាមញ្ញរដ្ឋសភា។

លោកបន្តថា ដោយសេចក្តីព្រាងច្បាប់ទាំង៣ មានតែ៣មាត្រាប៉ុណ្ណោះ។ សេចក្តីព្រាងច្បាប់នេះសុទ្ធតែជាច្បាប់ធ្វើសត្យាប័នតែប៉ុណ្ណោះ។ លោកបន្តថា រដ្ឋសភាបានធ្វើការអនុម័តច្បាប់តាមសំណើររបស់រាជរដ្ឋាភិបាលជាង៣៨ច្បាប់មកហើយ។ សេចក្តីព្រាងច្បាប់មានទម្រង់ដូចគ្នាទាំងអស់តែការអនុវត្តជាក់ស្តែងមិនដូចគ្នាទេ ដូច្នេះក្រុុមហ៊ុននឹងធ្វើការសាងសងខ្សែបណ្តាញ។

លោកបានបន្ថែមថា ការសាងសង់រោងចក្រនេះជាប្រភពអគ្គិសនីសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តផង។ ហេតុនេះការអភិវឌ្ឍន៍ប្រភពថាមពលចម្រុះ គឺជាជម្រើសដ៏ត្រឹមត្រូវបំផុតដែលអាចប៉ះប៉ូវចំណុចខ្វះខាតគ្នាទៅវិញទៅមក ធានាបាននូវសុវត្ថិភាព និរន្តភាព ប្រសិទ្ធសភានិងតម្លៃសមរ្យម។

បើតាមលោកបណ្ឌិតរដ្ឋ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ទាំងនេះ អាចនឹងត្រូវរដ្ឋសភាបើសម័យប្រជុំវិសាមញ្ញាពិភាក្សា នុងអនុម័តនៅសប្តាហ៍ក្រោយ។

បើតាមសេចក្តីថ្លែងហេតុ បានលើកឡើងថា ថាមពលពីវារីអគ្គិសនី ត្រូវពឹងផ្អែកទាំងស្រុងលើរបបទឹកភ្លៀង និងអាចដំណើរការពេញលេញសមត្ថភាពតែក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់គ្រប់គ្រាន់ប៉ុណ្ណោះ។ ប្រភពថាមពលពីពន្លឺព្រះអាទិត្យត្រូវពឹងផ្អែកលើពន្លឺព្រះអាទិត្យ នឹងអាចដំណើរការពេញលេញសមត្ថភាពតែក្នុងវេលាថ្ងៃត្រង់ ផ្ទៃមេឃស្រឡះ មានពន្លឺព្រះអាទិត្យគ្រប់គ្រាន់។ រីឯប្រភពថាមពលពីរោងចក្រអគ្គិសនីដុតឥន្ធនៈនានាដូចជា ធ្យូងថ្ម ប្រេងឆៅ ឬឧស្ម័ន អាចដំណើរការពេញសមត្ថភាពគ្រប់ពេលវេលា និងគ្រប់រដូវ៕