(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា កំពុងមមាញឹកបញ្ចប់គម្រោងជួសជុលសំណង់ទ្វារទឹកទំនប់បារាំង ដែលស្ថិតនៅដងស្ទឹងសៀមរាប (ខាងជើងប្រាសាទតានៃ) ឱ្យបានរួចរាល់ជាស្ថាពរមុន ពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីស្តុកទឹកនារដូវប្រាំងមិនឱ្យខ្វះខាតក្នុងតំបន់នអង្គរ។
សំណង់ទ្វារទឹកទំនប់បារាំង ជាកន្លែងស្តុកទឹកដ៏សំខាន់នៅក្នុងរមណីយដ្ឋានអង្គរ ដើម្បីទុកទឹកប្រើប្រាស់នារដូវប្រាំងមិនឱ្យខ្វះខាត ដោយការប្រមូលប្រភពទឹកមកពីភ្នំគូលែន និងបន្តចែកចាយទៅកាន់ស្ទឹងសៀមរាប បារាយណ៍ កសិន្ធុក្នុងតំបន់អង្គរ និងប្រព័ន្ធស្រោចស្រពនៅក្រោមបារាណ៍ទាំងអស់ ពិសេសជារបាំងទប់ទឹកជំនន់កុំឱ្យជន់លិចក្រុងសៀមរាបនារដូវវស្សាផងដែរ។
លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២០ថា បច្ចុប្បន្ន ប្រព័ន្ធស្តុកទឹកនេះបានរងនូវការខូចខាត ចាស់ទ្រុឌទ្រោមផ្នែកក្រោមជាខ្លាំង ដោយសារអាយុកាល អាកាសធាតុ ធ្វើឱ្យវត្ថុធាតុដើមនៃសំណង់ និងគ្រឹះសំណង់បាក់ពុកផុយ បាត់បង់គុណភាព បណ្តាលឱ្យទឹកហូរច្រោះមិនអាចរក្សាទឹកបានច្រើននៅរដូវប្រាំង។ ដូច្នេះហើយកាលពីថ្ងៃទី២០ ខែកុម្ភៈ ក្រុមការងារក៏បានជួសជុលគ្រឹះក្រោមជាថ្មី ដោយការចាក់បេតុង ដើម្បីបង្កើនភាពរឹងមាំ និងជួសជុលទ្វារទឹក ការពារទឹកច្រោះនៅរដូវប្រាំង ដើម្បីសន្សំទឹក។ គម្រោងនេះនឹងបញ្ចប់ជាស្ថាពរនៅបំណាច់ខែមិនា ឆ្នាំ២០២០ ខាងមុខនេះ។
ចំពោះប្រវត្តិនៃសំណង់វិញ អ្នកជំនាញរូបនេះ ក៏បានឱ្យដឹងថា តាមការសាកសួរពីកម្មករចំណាស់ម្នាក់ដែលឪពុកក្មេកធ្លាប់ធ្វើជាកម្មករនៅក្នុងការដ្ឋានសំណង់នេះ បានប្រាប់ថា ទ្វារទឹកទំនប់បារាំង បានកសាងឡើងក្នុងសម័យអាណានិគមបារាំង ចន្លោះឆ្នាំ១៩៣០។
ដំណាក់កាលដំបូងនេះបារាំងបានចាក់បេតុងធ្វើជាទ្វារទឹក បន្ទាប់មកក្នុងទសវត្សរ៍ទី៦០ អាមេរិកកាំងបានដាក់ទ្វារដែកសម្រាប់បិទបើកតាមកម្លាំងទឹក ដោយស្វ័យប្រវត្តិ និងសម្រាប់បង្វែរមុខទឹកបញ្ចូលទៅបារាយណ៍ខាងលិច តាមរយៈប្រឡាយទឹកដែលជីកដោយអាមេរិកកាំង (កាណាល់A)។
នៅឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរាក៏បានជួសជុលគ្រឹះដោយបេតុងថ្មីជំនួសគ្រឹះ ដែលសាងសង់ឡើងតាំងពីសម័យបារាំង ដើម្បីលើកតម្លៃនិងពង្រឹងគុណភាពសំណង់ឱ្យប្រសើរឡើងវិញ៕