(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីណែនាំមួយ ស្ដីពីវិធានការបង្ការ និងទប់ស្កាត់ ការរាតត្បាតនៃជំងឺ COVID-19 ដល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់ នៅក្នុងប្រទេសកម្ពុជា។
សេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានធ្វើការណែនាំឲ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន អ្នកដំណើរទាំងអស់ អនុវត្តវិធានការសំខាន់ៗ ដូចខាងក្រោម៖
*ទី១៖ រក្សាកន្លែងផ្ដល់សេវាដល់អតិថិជនឲ្យបានល្អស្អាតជានិច្ច ជាពិសេសនៅកន្លែងលក់សំបុត្រ កន្លែងរង់ចាំ កន្លែងទទួលទានអាហារ បង្គន់អនាម័យ ។ល។
*ទី២៖ ត្រួតពិនិត្យសុខភាពអ្នកបើកបរ និងបុគ្គលិកបម្រើសេវាជាប្រចាំ និងគួរឲ្យពួកគាត់ពាក់ម៉ាសក្នុងពេលបំពេញការងារ។ បើមានការសង្ស័យលើសុខភាពរបស់ពួកគាត់ ត្រូវឲ្យពួកគាត់ឈប់សម្រាកជាបណ្ដោះអាសន្ន ដើម្បីតាមដានសុខភាព។
*ទី៣៖ វាស់កំដៅអ្នកដំណើរ និងប្រើទឹកអាល់កុលសម្រាប់លាងដៃ មុននឹងអនុញ្ញាតឲ្យឡើងលើរថយន្ដ។
*ទី៤៖ ប្រសិនបើពិនិត្យឃើញអ្នកដំណើរមានអាការៈដូចជា៖ ក្ដៅខ្លួនលើសពី ៣៧.២អង្សាសេ, មានក្អក ឬឈឺបំពង់ក ឬមានបញ្ហាក្នុងការដកដង្ហើម មិនត្រូវអនុញ្ញាតឲ្យឡើងជិះរថយន្ដឡើយ និងត្រួវណែនាំឲ្យគាត់នៅមណ្ឌលសុខភាពដែលនៅជិតបំផុតជាបន្ទាន់ ឬទូរស័ព្ទទៅបណ្ដាញទំនាក់ទំនងទាន់ហេតុការណ៍ លេខ១១៥ របស់ក្រសួងសុខាភិបាល។
*ទី៥៖ ម្ចាស់ ឬអ្នកគ្រប់គ្រងរថយន្ដដឹកជញ្ជូនអ្នកដំណើរ ត្រូវប្រើប្រាស់អាល់កុល ឬសារធាតុសម្លាប់មេរោគដើម្បីជូនសំអាតរាល់វត្ថុទាំងឡាយ នៃរថយន្ដ ដែលអ្នកធ្វើដំណើរតែងតែប៉ះពាល់ជាប្រចាំ ដូចជារបារតោង ភ្នាក់ដៃ កៅអី។ល។ ឲ្យបានញឹកញាប់តាមលទ្ធភាពដែលអាចធ្វើទៅបាន។
*ទី៦៖ ចូលរួមផ្សព្វផ្សាយដល់អ្នកដំណើរទាំងអស់ ឲ្យប្រកាន់យកនូវវិធានអនាម័យស្អាតជានិច្ច ដោយឧស្សាហ៍លាងដៃ ក្រោយចាប់កាន់របស់ផ្សេងៗ មុន និងក្រោយបរិភោគអាហារ និងមានម៉ាស់ ឬក្រម៉ា ការពារពេលក្អក ឬកណ្ដាស់ក្នុងពេលធ្វើដំណើរ៕