(ភ្នំពេញ)៖ ផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា បានធ្វើការបដិសេធទាំងស្រុង មិនទទួលទិញកសិផលរបស់បងប្អូនកសិកររូបណា ដែលត្រូវបានភ្នាក់ងារជំនាញ របស់ផ្សាររកឃើញថា មានផ្ទុះនូវសាធាតុគីមី ដើម្បីយកមកលក់បន្ត ក្នុងផ្សាររបស់ខ្លួនឡើយ។ ជាមួយគ្នានេះ ផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា សូមក្រើនរំឭកទៅដល់កសិករទាំងអស់ ដែលជាដៃគូសហការ មេត្តាអនុវត្តតាមគោលការណ៍ នៃការបណ្ដុះបណ្ដាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងបាត់បង់ចំណូល និងបញ្ឈប់ការបញ្ជាទិញពីផ្សារ។
ផ្សារទំនើបកសិផលឡេង ណាវ៉ាត្រា ដែលលក់តែកសិផលបន្លែផ្លែឈើ ត្រីសាច់ធម្មជាតិផលិតដោយកសិករខ្មែរ បានដាក់ឲ្យដំណើរការសាកល្បងហើយ កាលប៉ុន្មានថ្ងៃមកនេះ ដោយទទួលបានការគាំទ្រជាខ្លាំងពីមហាជន។ ក្រៅតែគុណភាព ផ្សារទំនើបមួយនេះបានសម្រួល ដល់ការកុម្មង់ទិញ របស់អតិថិជនកាន់តែងាយស្រួល គឺលោកអ្នកគ្រាន់តែចុចកុម្ម៉ង់ទិញតាម វិបសាយ ឬ Mobile app ឬទូរស័ព្ទមកលេខ ០១១ ៤៤៤ ៤៤៤ សម្រាប់ប្រព័ន្ធ Cellcard ឥតគិតថ្លៃ នោះខាងភ្នាក់ងារផ្សារ នឹងដឹកទំនិញដែលលោកអ្នកកុម្មង់ ជូនដល់ផ្ទះដោយឥតគិតថ្លៃតែម្ដង ក្នុងរយៈពេលតែ ២០នាទីប៉ុណ្ណោះ។
ជាការពិត សុខភាពប្រចាំថ្ងៃ ពិតជាសំខាន់ណាស់ លោកអ្នកត្រូវតែថែរក្សា និងប្រុងប្រយ័ត្នឲ្យបានមុតមាំ ម៉្យាងជំងឺកូវីត១៩ កំពុងតែវាយលុកស្ទើរពេញពិភពលោកទៅហើយ ដូច្នេះត្រូវតែបំប៉នសុខភាពឲ្យរឹងមាំ តាមរយៈការបរិភោគបន្លែ ផ្លែឈើឲ្យបានច្រើន។ ផ្សាភ្ជាប់ពីតម្រូវការរបស់អតិថិជនបច្ចុប្បន្ន ផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា មានលក់បន្លែ ផ្លែឈើ ធម្មជាតិ គ្មានជាតិគីមី នាំឲ្យប៉ះពាល់សុខភាព។ ដូចនេះសម្រាប់លោកអ្នកដែលមិនចង់ចេញក្រៅផ្ទះ ធ្វើបាយម្ហូបពិសារជុំគ្រួសារ គឺពិតជាងាយស្រួលណាស់ ដែលមានសេវាកម្មដឹកជញ្ជូនដល់ផ្ទះបែបនេះ។
សូមបញ្ជាក់ថា ការប្រកាសបែបនេះ គឺបន្ទាប់ពីមានកសិផលរបស់កសិករពីរគ្រួសារ គឺឈ្មោះ គង់ ធី (ផ្លែស្វាយ) លេខកូដ KPC 057 និងកសិករឈ្មោះ នៅ ផន (ផ្លែត្រសក់) PRV061 ដែលបានយក កសិផលមកលក់ឲ្យផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ហើយត្រូវបានក្រុមជំនាញត្រួតពិនិត្យ ធ្វើតេស្តលើសំណាករកឃើញថា មានសារធាតុហាមឃាត់ប៉ះពាល់សុខភាព ក្នុងកសិផលនោះ។ ផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ត្រួតពិនិត្យយ៉ាងល្អិតល្អន់ ទៅលើកសិផលរបស់បងប្អូនប្រជាកសិករ មុននឹងវេចខ្ចប់ដាក់លក់ ដើម្បីធានាបាននូវសុវត្ថិភាព ចំណីអាហារ១០០%៕