(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា សម្តេចកំពុងពិចារណា ក្នុងការផ្អាកជាបណ្តោះអាសន្នចំពោះការចូលសួរសុខទុក្ខអ្នកទោស នៅក្នុងពន្ធនាគារនៅក្នុងប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩។
ថ្លែងក្រោយកិច្ចប្រជុំមួយ នៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «នៅចំពោះមុខ យើងខ្ញុំកំពុងពិចារណាថា តើអាចនឹងសុំផ្អាកជាបណ្តោះអាសន្ន ចំពោះអ្នកដែលទៅសួរសុខទុក្ខ ទោះបីជានរណាទាំងអស់ ត្រូវផ្អាកសួរសុខទុក្ខក្នុងរយៈពេល១៤ថ្ងៃ»។
ដោយឡែកពាក់ព័ន្ធនឹងជនដែលត្រូវឃាត់ខ្លួនថ្មីៗ សម្តេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ដែរថា ក្រសួងក៏បានគិតគូរដើម្បីការពារខ្លាចក្រែងមានការឆ្លងពីពួកគេ ទៅកាន់អ្នកជាប់ឃុំផងដែរ។
គិតរហូតមកដល់ថ្ងៃទី២០ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤៧ករណីហើយ ក្នុងនោះមានប្រុស៤៣នាក់ និងនារីចំនួន៤នាក់ ខណៈដែលក្រសួងសុខាភិបាល កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធផ្សេងទៀត។ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ខណៈក្រសួងស្ថាប័នមួយចំនួន ចាប់ផ្តើមដាក់វិធានការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលកូវីដផងដែរ។
កាលពីថ្ងៃទី០៨ ខែមីនា ក្រសួងមហាផ្ទៃ បានដាក់ចេញនូវវិធានការ៩ចំណុច សម្រាប់ឱ្យអង្គភាពចំណុះអនុវត្ត ដើម្បីទប់ស្កាត់ចំពោះការរីករាលដាលជំងឺកូវីដ។ សម្តេចក្រឡាហោម បានបញ្ជាក់ថា ក្រៅពីវិធានការទាំងនោះ ក្រសួងមហាផ្ទៃ ក៏បានសម្រេចផ្អាកសាលាបណ្តុះបណ្តាលនគរបាលទូទាំងប្រទេស និងបណ្ឌិត្យសភានគរបាលកម្ពុជាផងដែរ៕