(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានឯកភាពផ្តល់ថវិកាសរុប ៣១២,៤១៧ដុល្លារ ដល់អង្គភាពចំនួន៤ របស់កម្ពុជា សម្រាប់ការសាងសង់បរិក្ខាសុខាភិបាល ស្តារប្រព័ន្ធធារាសាស្ត្រឡើងវិញ និងដំឡើងឧបករណ៍ជំនួយ ដើម្បីផ្តល់ភាពងាយស្រួល ដល់ជនមានពិការភាពរាងកាយ ក្រោមជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ)។
ពិធីចុះកិច្ចសន្យាផ្តល់ជំនួយនេះ បានធ្វើឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ដោយ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទាំង៤។
គម្រោងបែបផ្ដល់ជំនួយ ដោយរដ្ឋាភិបាលជប៉ុននេះព្រោះរួមមាន៖
*ទី១៖ គម្រោងសាងសង់អគារសម្ភពក្នុងមណ្ឌលសុខភាពកំពង់ល្ពៅ ខេត្តបាត់ដំបង មានថវិកាចំនួន ៨៥,៧៩៩ដុល្លារ ដល់មន្ទីរសុខាភិបាលខេត្តបាត់ដំបង។ ក្នុងគម្រោងអគារសម្ភព នឹងត្រូវបានសាងសង់ក្នុងមណ្ឌលសុខភាពកំពង់ល្ពៅ ខេត្តបាត់ដំបង។ បច្ចុប្បន្ន ស្ត្រីមានផ្ទៃពោះក្នុងតំបន់គម្រោងមិនអាចស្នាក់នៅក្នុងមណ្ឌលសុខភាព មុននឹងក្រោយសម្រាល ដោយសារខ្វះកន្លែងសុវត្ថិភាព។ គម្រោងនេះនឹងធនាឱ្យបាននូវបរិស្ថានសម្រាលដែលមានសុវត្ថិភាព និងសមស្របជាងមុន។ ដោយរំពឹងថាគម្រោងនេះនឹងផ្តល់ផល ប្រយោជន៍ដល់ស្ត្រីមានផ្ទៃពោះជាង ១០០នាក់ ដែលនឹងទទួលសេវាសម្ភពដែលល្អប្រសើរនៅក្នុងតំបន់ជារៀងរាល់ឆ្នាំ។
*ទី២៖ គម្រោងសាងសង់មណ្ឌលសុខភាពល្បាំងមួយ ក្នុងខេត្តរតនគិរី មានថវិកាចំនួន ៩០,៥១៨ដុល្លារ ដល់មន្ទីរសុខាភិបាល ខេត្តរតនគិរី។
នៅក្នុងគម្រោងនេះ អគារមណ្ឌលសុខភាព ១ខ្នង ដែលរួមបញ្ចូលបន្ទប់សេវាសុខភាព ចំនួន១០បន្ទប់នឹងត្រូវបានសាងសង់នៅមណ្ឌលសុខភាពល្បាំងមួយ ក្នុងខេត្តរតនគិរី។ បច្ចុប្បន្ន មណ្ឌលសុខភាពនេះមានតែ ៣បន្ទប់តែប៉ុណ្ណោះ ហើយសេវាវេជ្ជសាស្ត្រនៅមានកម្រិត។
តាមរយៈគម្រោងនេះ ប្រជាជនប្រមាណ ៣,៥០០នាក់ ក្នុងតំបន់គ្រប់ដណ្តប់ នឹងទទួលបានសេវាវេជ្ជសាស្ត្រដែលល្អប្រសើរជាងមុន ហើយមណ្ឌលសុខភាពនឹងផ្គត់ផ្គង់សេវាវេជ្ជសាស្ត្រដែលមានគុណភាពទៅដល់អ្នកជំងឺរបស់ពួកគេ។
*ទី៣៖ គម្រោងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រពញាលាង ខេត្តព្រៃវែង នូវថវិកាចំនួន ៨៨,៣៧០ដុល្លារ ដល់មន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តព្រៃវែង។
គម្រោងនេះ ប្រឡាយរងមួយដែលមានស្រាប់នឹងត្រូវបានស្តារឡើងវិញ លើសពីនេះសំណង់ឆ្លងកាត់ចំនួន ៣ និងលូបង្ហូរទឹកចំនួន ៤នឹងត្រូវបានសាងសង់ថ្មី ក្នុងឃុំអង្គរ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ គម្រោងនេះនឹងធានាឱ្យបាននូវការផ្គត់ផ្គង់ទឹកប្រកបដោយប្រសិទ្ធភាពសម្រាប់វាលស្រែ និងពង្រីកដីកសិកម្មស្រោចស្រព។ ដោយរំពឹងថាគម្រោងនេះនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ច្រើនជាង ១០០០នាក់ ពីការបង្កើនផលិតកម្មដំណាំស្រូវ ហើយទំបន់ដែលត្រូវបានស្តារឡើងវិញនឹងរួមចំណែកដល់ការដឹកជញ្ជូនដំណាំកសិកម្មយ៉ាងងាយស្រួល នៅក្នុងតំបន់គម្រោង។
*ទី៤៖ គម្រោងដំឡើងឧបករណ៍នៅ ស.រ.ស.អ ដើម្បីផ្តល់ភាពងាយស្រួល ដល់ជនមានពិការភាពរាងកាយនៅកម្ពុជា នូវថវិកាចំនួន ៤៧,៧៣០ដុល្លារ ដល់សមាគមជំនួយ និងជំនួយសង្គ្រោះរទេះរុញសម្រាប់អភិវឌ្ឍន៍។
នៅក្នុងគម្រោងនេះ បរិក្ខាសម្រាប់ផលិតឧបករណ៍ជំនួយសម្រាប់ជនមានពិកាភាពនឹងត្រូវបានតម្លើងនៅ ស.រ.ស.អ ដើម្បីធ្វើការកែលម្អលើសមត្ថភាព ក្នុងការផលិតរបស់ពួកគាត់។ សមាគមជំនួយ និងជំនួយសង្គ្រោះរទេះរុញសម្រាប់អភិវឌ្ឍន៍ បាននឹងកំពុងជួយគាំទ្រដល់ជនមានពិការភាពរាងកាយ ជាពិសេសអ្នកដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះ ដើម្បីផ្គត់ផ្គង់នូវឧបករណ៍ជំនួយ។ តាមរយៈគម្រោងនេះ មានមនុស្សជាង ៧០០នាក់នឹងអាចទទួលបានឧបករណ៍ជំនួយរបស់ពួកគេ ហើយវានឹងចូលរួមចំណែកក្នុងការកែលម្អជីវភាពរស់នៅរបស់ពួកគេគាត់។
គួរជម្រាបថា ជំនួយឥតសំណង គូសាណូណិ របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា នៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងការអភិវឌ្ឍន៍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។
គម្រោងជំនួយនេះ មានទិសដៅការពារជនងាយរងគ្រោះ ពីកត្តាធម្មមួយចំនួនដូចជា៖ ភាពក្រីក្រ និងភាពអកុសល ដែលអាចគំរាមកំហែងដោយផ្ទាល់ដោល់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត និងសេចក្តីថ្លៃថ្នូររបស់ពួកគាត់ ក៏ដូចជាជួយជំរុញនូវភាពជាម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។
ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង៦០លានដុល្លារ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង គូសាណូណិ ចំនួន៦៣២គម្រោង នៅទូទាំងប្រទេសកម្ពុជា៕