(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋជិត ៥០នាក់ រស់នៅក្នុងភូមិតានៃ ឃុំជៀប ស្រុកទឹកផុស នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានលើកគ្នាមកកាន់ផ្នែករដ្ឋបាលព្រៃឈើរមាស ស្រុកទឹកផុស ដើម្បីសំណូមពរដល់លោកអភិបាលខេត្ត ក៏ដូចជា លោកអភិបាលស្រុក និងមន្ត្រីជំនាញ សូមជួយដោះស្រាយគោយន្តចំនួន ៥គ្រឿង របស់ពួកគាត់ដែលបានដឹកឈើ ហើយត្រូវបានក្រុមសមត្ថកិច្ចចម្រុះ ចាប់ទុកកាលពីយប់ថ្ងៃទី១៧ ខែមីនា កន្លងមកយកទៅប្រើប្រាស់វិញ។
លោក សាំង សុឃឿន អភិបាលរងស្រុកទឹកផុស ដែលបានជួបជាមួយប្រជាពលរដ្ឋក្នុងរឿងនេះ បានសួរទៅប្រជាពលរដ្ឋថា តើគេចាប់គោយន្តដឹកឈើរបស់បងប្អូន ព្រោះតែអ្វីដឹងទេ គឺមកពីយើងដឹកឈើគ្មានច្បាប់អនុញ្ញាត និងបើកាប់ឈើទាំងអស់នោះពីគំរបព្រៃរដ្ឋ ឬពីតំបន់ដែនជំរកសត្វព្រៃមែននោះ គឺសុទ្ធតែជារឿងខុសច្បាប់ ដែលមិនគួរធ្វើឡើយ។
ដូច្នេះសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរស្រុក នឹងទទួលយកស្នើសុំទៅថ្នាក់ លើដើម្បីពិនិត្យដោះស្រាយ ប៉ុន្តែបាន ឬមិនបានយ៉ាងណានោះ ស្ថិតនៅលើអាជ្ញាធរខេត្ត និងមន្ត្រីជំនាញស្រាវជ្រាវ និងសម្រេចដោះស្រាយ ដូច្នេះសូមប្រជាពលរដ្ឋយើងរង់ចាំមួយរយៈសិន មិនអាចដោះស្រាយភ្លាមបានឡើយ។
ដោយឡែក ប្រជាពលរដ្ឋជាម្ចាស់គោកយន្តបានលើកឡើងថា ពួកគាត់កាប់ និងដឹកឈើតាមគោយន្តទាំង ៥គ្រឿងនេះ គឺជាឈើកាប់តាមក្បាលស្រែរបស់ពួកគាត់ ដោយសារតែមានជីវភាពខ្វះខាត ទើបគាត់កាប់ឈឺទាំងនេះ ដឹកយកទៅលក់ ប៉ុន្តែគាត់ពិតជាដឹងថា ការដឹកជញ្ជូនឈើទាំងអស់នេះដោយគ្មានច្បាប់អនុញ្ញាតពិតជាខុសច្បាប់។
ដូចនេះហើយពួកគាត់សំណូមពរដល់លោកអភិបាលខេត្ត ក៏ដូចជា លោកអភិបាលស្រុក និងមន្ត្រីជំនាញ មេត្តាជួយដោះស្រាយប្រគល់គោយន្តទាំង ៥គ្រឿង មកឲ្យពួកគាត់វិញ ដោយកុំធ្វើការផាកពិន័យអី ព្រោះពួកគាត់ក្រីក្រជំពាក់លុយធនាគារគ្រប់ៗគ្នា ពុំមានលទ្ធភាពបង់ការផាកពិន័យនោះឡើយ ។
ករណីនេះ លោក កែ រិទ្ធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ការចាប់គោយន្តដឹកឈើខាងនេះ គឺសមត្ថកិច្ចចម្រុះថ្នាក់ខេត្ត ជាអ្នកចាប់ប្រគល់ឱ្យផ្នែករដ្ឋបាលព្រៃឈើរមាសរក្សាទុកនិងកសាងសំណុំរឿង។ ដូចនេះការសម្រេចដោះលែងតាមសំណូមពរប្រជាពលរដ្ឋនោះ គឺតែត្រូវឆ្លងកាត់ការពិភាក្សា និងការឯកភាពពីសមត្ថ កិច្ចចម្រុះ ថ្នាក់ខេត្ត និងលោកអភិបាលខេត្តផងដែរទើបធ្វើទៅបាន។ ដូចនេះប្រជាពលរដ្ឋម្ចាស់គោយន្ត ត្រូវរង់ចាំការប្រជុំដោះស្រាយពីក្រុមការងារចំរុះថ្នាក់ខេត្តសិន ។
ចំណែក លោក សំ រិទ្ធី ប្រធានផ្នែករដ្ឋបាលព្រៃឈើរមាស បានលើកឡើងដែរថា បទល្មើសដឹកជញ្ជូនឈើ ឆ្លងកាត់ស្រុកទឹកផុស ភាគច្រើនពុំមានលិខិតអនុញ្ញាតនោះទេ គឺជាទង្វើខុសច្បាប់ដែលប្រជាពលរដ្ឋគួរតែចៀសវាង ប្រសិនបើប្រជាពលរដ្ឋ ពិតជាមានដើមឈើនៅក្បាលស្រែរបស់ពួកគាត់ ដែលកាប់យកទៅលក់ដូរមែននោះ គឺត្រូវរាយការណ៍សុំច្បាប់ពីអាជ្ញាធរភូមិឃុំ ឆ្លងកាត់អាជ្ញាធរស្រុក និងជំនាញ ទើបដឹកជញ្ជូនយកទៅលក់ដូរបាន ដូច្នេះប្រជាពលរដ្ឋ គួរតែយល់ដឹង និងត្រូវតែចៀសវាងឲ្យឆ្ងាយ កុំឲ្យសមត្ថកិច្ចចាប់បានថ្ងៃក្រោយទៀត។
ទាក់ទងនិងរឿងនេះ ប្រជាពលរដ្ឋជាម្ចាស់គោយន្ត ដែលត្រូវបានសមត្ថកិច្ចចំរុះចាប់ កាលពីយប់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២០កន្លងទៅនេះ បានឆ្លើយនូវចំពោះមុខសមត្ថ កិច្ចចំរុះ និងអ្នកយកព័ត៌មានយើងដែលបានថតសម្លេងគាត់ទុកជាភ័ស្តុតាង ដោយពេលនោះគាត់បាននិយាយថា គាត់បានកាប់ដើម ឈើចំរុះនេះមកពីភ្នំតោម ( គឺនៅក្នុងតំបន់អភិរក្សដែនជំរកសត្វព្រៃ ជាដើមឈើដែលច្បាប់ហាមឃាត់ ) រយះពេលពីកន្លះខែទៅ១ ខែ ទើបបាន១គោយយន្ត ហើយនៅពេលដឹកយកទៅលក់នៅឃុំក្រាំងល្វា ក៏បានបង់លុយ អោយសមត្ថកិច្ចគ្រប់ជំនាញជាង២០កន្លែង ទើបដឹកទៅលក់បាន។ ដូច្នេះការសំណូមពររបស់ពួកគាត់ខាងលើនេះ ស្នើសុំអាជ្ញាធរខេត្ត និងមន្ត្រីជំនាញ ពិនិត្យនិងស្រាវជ្រាវអោយបានច្បាស់លាស់ផង៕