(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា ក្នុងពិធីជួបប្រជុំជាមួយតំណាងបងប្អូនខ្មែរឥស្លាមប្រចាំខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានថ្លែងថា ពេលថ្មីៗ នេះ ឃើញមានជនបំពុលសង្គម ដើម្បីប្រយោជន៍បុគ្គល និងបក្ខពួក បានយកប្រធានបទ Covid-19 មកផ្សព្វផ្សាយតាមបណ្ដាញសង្គម ក្នុងបំណងបំបែកបំបាក់ឱ្យមានការ រើសអើង រវាងបងប្អូនខ្មែរឥស្លាម និងប្រជាពលរដ្ឋខ្មែរ។
លោកអភិបាលខេត្តបានថ្លែងបន្តថា ដោយមានព័ត៌មានបំពុលបែបនោះ សូមបងប្អូនកុំជឿតាម ការញុះញង់របស់ជនអគតិទាំងនោះ ពោលគ្រប់បញ្ហា សូមបងប្អូនទំនាក់ទំនងព័ត៌មានមកថ្នាក់ដឹក នាំរដ្ឋ ឬថ្នាក់ដឹកនាំក្នុងជួរសាសនាដើម្បីស្វែងរកព័ត៌មានពិត។
ម្យ៉ាងទៀត បងប្អូនត្រូវតាមដានជាប្រចាំរាល់សន្និសីទសារព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានចេញសេចក្តីជូនដំណឹងជាប្រចាំ ហើយព័ត៌មានដែលផ្សាយចេញ ពីក្រសួងសុខាភិបាលទើបជាព័ត៌មានពិត។
លោកអភិបាលខេត្តក៏បានថ្លែង លើកទឹកចិត្តដល់បងប្អូនខ្មែរឥស្លាមនៅក្នុងខេត្តកំពង់ចាម សូមតាំងសតិអារម្មណ៍ឱ្យបានហ្នឹងនរ ព្រោះថា មកដល់ម៉ោងនេះ យើងត្រូវការសាមគ្គី ការលើកទឹកចិត្តគ្នាដើម្បី ឲ្យបងប្អូនយើងចេះប្រមូលផ្តុំកម្លាំងប្រឆាំងនឹង Covid-19 ឲ្យទទួលបានជោគជ័យ។
យ៉ាងណាក៏ដោយ មកដល់ម៉ោងនេះ ប្រទេសកម្ពុជាយើង បានគ្រប់គ្រងស្ថានការណ៍បានជាធម្មតានៅឡើយ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល បានសម្រេចបង្កើតគណៈកម្មការទប់ស្កាត់ Covid-19 ដោយ មានសមាសភាពសម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំជាប្រធានក្នុងប្រតិបត្តិការនេះទៀតផង។ ហើយថ្មីៗនេះ រដ្ឋាភិបាលក៏បានសម្រេចលើកពេលកម្មវិធីជួបជុំធំៗទាំងអស់ និងបិទ ក្លឹបកំសាន្តនានា ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋយើងផងដែរ៕