(ភ្នំពេញ)៖ រយៈពេល៣ខែហើយ ចាប់តាំងពីពេលសណ្ឋាគារផ្កាយ៥ Great Duke (អតីតសណ្ឋាគារ Inter-Continental) ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មកដល់ពេលនេះ កម្មករ-បុគ្គលិកចំនួន១៥៦នាក់របស់សណ្ឋាគារនេះ មិនទាន់ទទួលបានសំណងពីម្ចាស់សណ្ឋាគារ នៅឡើយនោះទេ។
លោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករនិយោជិត វិស័យទេសចរណ៍កម្ពុជា (CTWUF) បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ថា កម្មកររបស់សណ្ឋាគារ Great Duke រហូតមកដល់ពេលនេះ មិនទាន់ទទួលប្រាក់សំណងឡើយទេ ដែលធ្វើឲ្យពួកគាត់ជួបការលំបាកជីវភាពយ៉ាងខ្លាំង។
លោក ទូច កុសល បានបញ្ជាក់ថា ចំពោះការទាមទារសំណងនេះ កម្មករបានប្តឹងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាមទារនូវលក្ខខណ្ឌការងារចំនួន៤ចំណុច ទី១៖ ប្រាក់បំណាច់អតីតភាពការងារ មុនឆ្នាំ២០១៩ ដែលស្នើសុំឲ្យទូទាត់យកប្រាក់ឈ្នួលគោល បូកនឹងប្រាក់បន្ទាប់បន្សំ, ទី២៖ ប្រាក់សំណងជំងឺចិត្ត, ទី៣៖ប្រាក់ជួសឲ្យការជូនដំណឹង និងទី៤៖ ប្រាក់ឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសេសសល់។
លោកបន្តថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានចេញសេចក្តីបង្គាប់ ឲ្យម្ចាស់សណ្ឋាគារទូទាត់ដល់កម្មករ៣ចំណុច៖ ទី១៖ ទូទាត់ប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ២០១៩ ដោយប្រាក់ឈ្នួលគោល បូកប្រាក់បន្ទាប់បន្សំ, ទី២៖ប្រាក់ជួសឲ្យការជូនដំណឹង និងទី៣៖ ប្រាក់ជួសឲ្យការឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសេសសល់។ ចំណែកសំណងជំងឺចិត្ត ក្រុមប្រឹក្សាអាជ្ញាកណ្តាលជំទាស់ នឹងការទាមទាររបស់កម្មករ។
លោក ទូច កុសល បានឲ្យដឹងទៀតថា សេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអជ្ញាធរកណ្តាលនេះ បានទុកពេលឲ្យភាគីទី២ ប្តឹងជំទាស់។ ប្រសិនបើភាគីទាំង២ មិនមានការប្តឹងជំទាស់ទេ គឺសេចក្តីបង្គាប់ ក្លាយជាសេចក្តីបង្គាប់ជាប់កាតព្វកិច្ច ហើយចំពោះសេចក្តីបង្គាប់នេះ ទាំងខាងកម្មករ និងខាងម្ចាស់សណ្ឋាគារ មិនបានប្តឹងជំទាស់ទេ ដែលធ្វើសេចក្តីបង្គាប់ ក្លាយទៅជាសេចក្តីបង្គាប់ជាប់កាតព្វកិច្ច ដោយស្វ័យប្រវត្តិ តម្រូវឲ្យយកមកអនុវត្តន៍។
តំណាងកម្មកររូបនេះបន្ថែមថា «ក្រោយពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលចេញមក យើងរង់ចាំ៨ថ្ងៃ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ យើងអត់ជំទាស់ ដូច្នេះក្រុមប្រឹក្សាអាជ្ញាកណ្តាល គេចេញលិខិតមួយដាក់ថា សេចក្តីបង្គាប់ជាប់កាតព្វកិច្ច ប៉ុន្តែចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ មកដល់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ហើយ ជិត១ខែហើយ គឺខាងសណ្ឋាគារមិនបានអើពើ ប្រាប់អំពីការទូទាត់ប្រាក់សំណងដល់កម្មករ ដែលកំពុងជួបការលំបាកនោះឡើយ ធ្វើឲ្យកម្មករមានការព្រួយបារម្ភយ៉ាងខ្លាំង»។
លោកបន្ថែមថា «ដោយសារគ្មានការអើពើ ចំពោះការផ្តល់ប្រាក់សំណងដល់កម្មករនេះ ពួកកម្មករគ្រោងនឹងធ្វើការតវ៉ាបន្តទៀត។ យើងរង់ចាំមើលចេតនា របស់សណ្ឋាគារសិន បើសិនថ្ងៃចន្ទ ឬថ្ងៃអង្គារ៍ ក្រោយមិនមានព័ត៌មានអ្វីឆ្លើយតប អាចនឹងមានការធ្វើកូដកម្មតវ៉ាជាថ្មី។ ដូច្នេះហើយសូមអំពាវនាវដល់រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធមេត្តា ជួយជំរុញការផ្តល់សំណងដល់ពួកកម្មករ ដែលកំពុងជួបការលំបាក អ្នកខ្លះត្រូវដោះស្រាយបំណុលធនាគារ ចិញ្ចឹមសមាជិកគ្រួសារ»។
សូមរំលឹកថា សណ្ឋាគារផ្កាយ៥ ដែលមានវ័យចំណាស់មួយ នៅរាជធានីភ្នំពេញ ដែលជាអតីតសណ្ឋាគារ Inter-Continental Hotel ក្រោយមកប្តូរឈ្មោះទៅជា The Great Duke Phnom Penh នៅដើមឆ្នាំ២០១៨ បានប្រកាសបិទទ្វារឈប់ដំណើរការចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ សណ្ឋាគារមួយនេះបើកនៅឆ្នាំ១៩៩៦ ជាកេរ្តិ៍តំណែលរបស់មហាសេដ្ឋី ថេង ប៊ុនម៉ា៕