(ភ្នំពេញ)៖ រហូតមកដល់ពេលនេះ មេរោគ Covid-19 កំពុងវាយលុកយ៉ាងខ្លាំង ពាសពេញពិភពលោក ជាពិសេសប្រទេសមហាអំណាចធំៗ ដែលកំពុងរងគ្រោះធ្ងន់ជាងគេ។ ប្រសិនបើគេក្រឡេក បែរក្រោយបន្តិចទៅរំលឹកឡើងវិញ នូវអ្វីដែលមេដឹកនាំខ្មែរ បាននិយាយ និងបានធ្វើកន្លងទៅ គេនឹងយល់ច្បាស់ថា ពាក្យសម្តី និងសកម្មភាពរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សុទ្ធតែត្រឹមត្រូវ និងជាគំរូមុនគេ សម្រាប់មេដឹកនាំបណ្តាប្រទេសនានា នៅក្នុងពិភពលោក។
ទស្សនៈដ៏សំខាន់មួយដែលសម្តេច ហ៊ុន សែន បានលើកមកនិយាយមុនគេក្នុងចំណោម មេដឹកនាំនានាគឺ «សិទ្ធិរស់រានមានជីវិត» ដែលត្រូវគិតគូរជាបឋមមុនគេបង្អស់ ក្នុងសម័យ Covid-19។
បុរសខ្លាំងកម្ពុជា ដែលជាមនុស្សមើលឃើញទស្សនៈវិស័យវែងឆ្ងាយ បានលើកបញ្ហានេះមក និយាយពីព្រោះសម្តេចយល់ឃើញថា Covid-19 គឺជាមេរោគដែលនឹងផ្តាច់ជីវិត មនុស្សជាច្រើនលើពិភពលោក។ ដូច្នេះ ដើម្បីកាត់បន្ថយកុំឲ្យមានការស្លាប់បាត់បង់ជីវិតមនុស្សបន្ថែមទៀតកាន់តែច្រើននោះ ពិភពលោកចាំបាច់ត្រូវប្រយុទ្ធប្រឆាំងជាមួយការភ័យខ្លាច និងការរើសអើងជាមុនសិន តាមរយៈការរួមសាមគ្គីគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគនេះ ទើបមានប្រសិទ្ធភាព។
សម្តេច ហ៊ុន សែន យល់ច្បាស់ណាស់ថា «មេរោគភ័យខ្លាច និងមេរោគរើសអើង» មានចរិតសាហាវជាង Covid-19 ទៅទៀត។ ជាមួយគ្នានឹងការផ្ញើសារបែបនេះ ទៅកាន់ពលរដ្ឋខ្មែរក៏ដូចជា ទៅកាន់ពិភពលោកទាំងមូល ដើម្បីជាការពង្រឹងស្មារតីត្រៀមទប់ទល់ជាមួយ Covid-19 នាយករដ្ឋមន្ត្រីខ្មែរ ក៏បានធ្វើសកម្មភាពជាគំរូភ្លាមៗ ដើម្បីបង្ហាញជាឧទាហរណ៍ជាក់ស្តែង ក្នុងការលុបបំបាត់ការភ័យខ្លាច និងការរើសអើង។
ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃទី ៥ កុម្ភៈ ឆ្នាំ ២០២០ បន្ទាប់ពីចិនបានបដិសេធ មិនឲ្យទៅកាន់ទីក្រុងវូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរ និងការទទួលឲ្យនាវា Westerdam ចូលចតក្នុងកំពុងផែខេត្តព្រះសីហនុកាលពីថ្ងៃទី ១៣ កុម្ភៈ បន្ទាប់ពីនាវានេះរសាត់អណ្តែតជាច្រើនសប្តាហ៍លើផ្ទៃសមុទ្រ គឺជាសកម្មភាពដ៏ លេចធ្លោ២ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ដាស់សតិអារម្មណ៍ពិភពលោក ឲ្យភ្ញាក់ខ្លួនពីការលង់ក្នុងការភ័យខ្លាច និងការរើសអើងក្នុងគ្រាដែល ពិភពលោកជួបគ្រោះអាសន្ន ដោយការវាយប្រហាររបស់មេរោគ Covid-19 ។ សកម្មភាពរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលនោះពិតជាបានធ្វើឲ្យកក្រើកពិភពលោកមែន បើទោះបីជាមានខ្មែរជ្រុលនិយមខ្លះ ដែលមិនយល់ពីទស្សនៈវិស័យវែងឆ្ងាយរបស់មេដឹកនាំ បាននាំគ្នារិះគន់ដោយការផ្ចាញ់ផ្ចាលក៏ដោយ។
ឥឡូវនេះ នៅពេលដែលមេរោគ Covid-19 រីករាលដាលចូលដល់ជណ្តើរផ្ទះរបស់ខ្លួន មេដឹកនាំពិភពលោកទាំងអស់ រាប់ទាំងបណ្តាប្រទេសមហាអំណាចធំៗផងដូចជា សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ អ៊ីតាលី ស៊ុយអែដ ប៊ែលហ្ស៊ីក អូស្ត្រាលី ជាដើម សុទ្ធតែបានប្រើប្រាស់ភាសា និងទស្សនៈដែលសម្តេចតេជោ ហ៊ុន សែន ធ្លាប់ប្រើដូចៗគ្នា។ នោះគឺជា ភាសាដើម្បីពង្រឹងស្មារតី ប្រជាពលរដ្ឋរបស់ខ្លួន កុំឲ្យតក់ស្លុតស្លន់ស្លោ នៅចំពោះមុខវីរុស Covid-19 និងភាសាសូមឲ្យមានសាមគ្គីភាព និងកុំឲ្យមានការរើសអើង។
ជាក់ស្តែងនៅថ្ងៃទី ១៩ មីនានេះ ប្រធានអង្គការសុខភាពពិភពលោក Tedros បានអំពាវនាវឲ្យបណ្តាប្រទេសទាំងអស់ ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីប្រយុទ្ធប្រឆាំងជាមួយ Covid-19 ដែលលោក ចាត់ទុកជាសត្រូវប្រឆាំងនឹងមនុស្សជាតិ ពោលគឺប្រឆាំងនឹងជីវិតមនុស្សនេះឯង។ បណ្តាមេដឹកនាំពិភពលោកនីមួយៗ ក៏បាននាំគ្នាចាត់វិធានការ ចាំបាច់នានាដើម្បីការពារជីវិត ពលរដ្ឋរបស់ខ្លួនឲ្យរួចផុតពី សេចក្តីស្លាប់ដោយចាត់ទុក «សិទ្ធិរស់រានមានជីវិត» ជាអាទិភាពខ្ពស់បំផុតជាងអ្វីៗ ទាំងអស់ពីព្រោះបើជីវិតមនុស្សស្លាប់ហើយ អ្វីៗក៏ត្រូវចប់ដែរ។
ដល់ពេលទឹកចូលច្រមុះមែនទែន មេដឹកនាំប្រទេសខ្លះបែរជា ភ័យស្លន់ស្លោហើយចាត់វិធានការការពារជីវិតពលរដ្ឋខ្លួន ដោយភ្លេចគិតពីផលប៉ះពាល់ដល់ពលរដ្ឋដទៃថែមទៀតផង និង «បានបំភ្លេចចោលមួយអន្លើសិន ដំណើរការប្រជាធិបតេយ្យ» ជាក់ស្តែង ប្រទេសបារាំងបានលុបចោលការបោះឆ្នោតថ្នាក់ មូលដ្ឋានជុំទី២ ដែលគ្រោងនឹងធ្វើនៅថ្ងៃអាទិត្យសប្តាហ៍នេះ ដើម្បីងាកមកគិតគូរដោះស្រាយបញ្ហា Covid-19 ដែលកំពុងសម្លាប់ជនជាតិបារាំងជាបន្តបន្ទាប់។ ត្រង់នេះហើយដែល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែផ្តល់តម្លៃដល់សន្តិភាព និងសិទ្ធិរស់រានមានជីវិត ដោយលោកតែងតែលើកឡើងម្តងហើយម្តងទៀតថា «បើគ្មានសន្តិភាពទេ បើប្រទេសជាតិវឹកវរ ប្រជាពលរដ្ឋប្រឈមនឹងសេចក្តីស្លាប់ ហើយគ្មានឡើយ ដំណើរការប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»។
សូម្បីសកម្មភាពសង្គម វប្បធម៌ និងសេដ្ឋកិច្ច ជាច្រើនត្រូវបានលុបចោល នៅក្នុងបណ្តាប្រទេសនានា ដើម្បីតែបុព្វហេតុនៃសិទ្ធិរស់រានមានជីវិត។ ប្រទេសខ្លះទៀតដែលគិតតែពីជីវិត ពលរដ្ឋរបស់ខ្លួនក៏ភ្លេចហើយ មិនបានខ្វាយខ្វល់ពីជីវិតជាតិសាសន៍ដទៃឡើយ។ ប៉ុន្តែសម្រាប់មេដឹកនាំខ្មែរឈ្មោះ ហ៊ុន សែន គឺនៅតែប្រកាន់ខ្ជាប់នូវទស្សនៈនៃការផ្តល់តម្លៃដល់ «សិទ្ធិរស់រានមានជីវិត» ជាសាកលដដែល ពោលគឺជាសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋខ្មែរផង និងពលរដ្ឋនៃជាតិសាសន៍ ដទៃផង។
ជាក់ស្តែងទន្ទឹមនឹងការការពារជីវិតពលរដ្ឋខ្លួនឯង ដែលមកដល់ម៉ោងនេះ មិនទាន់មានពលរដ្ឋខ្មែរណាម្នាក់ បានស្លាប់ដោយ Covid-19 នៅឡើយ មេដឹកនាំខ្មែរក៏មិនភ្លេចការពារជីវិតពលរដ្ឋនៃជាតិសាសន៍ដទៃ ដែលផ្ទុកវីរុសនេះនៅលើទឹកដីកម្ពុជាដែរ។ ជាក់ស្តែង ពលរដ្ឋចិនម្នាក់បានជាសះស្បើយពី Covid-19 នៅកម្ពុជា ហើយបច្ចុប្បន្ននេះ មានអ្នកផ្ទុកវីរុសនេះជាច្រើននាក់ទៀត ជាជនបរទេសដែលកំពុងទទួលបានការថែទាំ និងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យខ្មែរ។ នេះជាចំណុចខ្លាំងដ៏លេចធ្លោ របស់នាយករដ្ឋមន្ត្រីខ្មែរ។
ម្យ៉ាងទៀត «ទស្សនៈនៃការសាមគ្គីភាពមិនរត់ចោលគ្នាក្នុងគ្រាអាសន្ន» ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើក្នុងរឿងប្រយុទ្ធប្រឆាំង Covid-19 ក៍បានស្តែងចេញជា លទ្ធផលជាក់ស្តែងហើយដែរ។ ចិនដែលពីមុនជាអ្នករងគ្រោះខ្លាំងជាងគេ តែពេលនេះអាចគ្រប់គ្រងស្ថានការណ៍បានហើយនោះ ក៏បានសម្តែងកាយវិការ សាមគ្គីភាពជាមួយកម្ពុជាវិញ តាមរយៈការផ្តល់ជំនួយជាសម្ភារៈវេជ្ជសាស្ត្រជាច្រើនដល់កម្ពុជា សម្រាប់ប្រឆាំងជាមួយ Covid-19 ក៏ដូចជាការជួយ សម្រួលឲ្យវត្ថុធាតុដើម សម្រាប់បម្រើឲ្យវិស័យកាត់ដេរ បានមកដល់កម្ពុជាទាន់ពេលវេលា ដើម្បីបញ្ចៀសការបិទព្យូរ រោងចក្រ។ នេះហើយជាផ្លែផ្កានៃការដឹកនាំប្រកប ដោយភាពឈ្លាសវៃ និងទស្សនៈវិស័យវែងឆ្ងាយរបស់មេដឹកនាំខ្មែរ។
ចិនក៏បានសម្តែងការសាមគ្គីភាព ជួយបណ្តាប្រទេសជាច្រើនផ្សេងទៀត ក្នុងការប្រយុទ្ធប្រឆាំងជាមួយ Covid-19 ផងដែរដូចជា ហ្វីលីពីន អ៊ីរ៉ង់ និងបារាំងជាដើម។ នេះហើយជាផ្លែផ្កានៃ «ទស្សនៈជួយគ្នាក្នុងគ្រាអាសន្ន» ដែលមេដឹកនាំខ្មែរ បានបង្ហាញមុនគេក្នុងគ្រាដែល ពិភពលោកជួបគ្រោះអាសន្ន Covid-19។
សរុបមកវិញ ទស្សនៈនៃការផ្តល់តម្លៃដល់ «សិទ្ធិរស់រានមានជីវិត» ជាអាទិភាពចម្បងដែល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញជាគំរូកំពុង ស្តែងឲ្យឃើញជាលទ្ធផលជាក់ស្តែង សម្រាប់ពិភពលោកទាំងមូលដែលគ្មានអ្នកណាអាចមើល រំលងបានឡើយ។ ហេតុអ្វីបានជា មេដឹកនាំខ្មែររូបនេះយល់ច្បាស់ពីបញ្ហានេះ ហើយផ្តល់តម្លៃមុនគេដល់សិទ្ធិរស់រានមានជីវិតជាធំ នៅគ្រាដែលពិភពលោកជួបគ្រោះអាសន្ន? ពីព្រោះនោះ គឺជាតម្លៃដែលបុរសខ្លាំងកម្ពុជា មានជាប់នឹងខ្លួនជាស្រេច និងធ្លាប់បានធ្វើជាច្រើនលើករួចមកហើយ សម្រាប់ប្រជាពលរដ្ឋខ្មែរ។
ជាក់ស្តែងការយកជីវិតខ្លួនឯង ទៅធ្វើដើមទុនដើម្បីរំដោះជីវិតខ្មែររាប់លាននាក់ចេញពីសេចក្តីស្លាប់ ក្រោមរបបអាវខ្មៅ ប៉ុល ពត និងការយកជីវិតធ្វើដើមទុន
ដើម្បីស្វែងរកសុខសន្តិភាព ជូនប្រទេសជាតិ និងប្រជាជនខ្មែរ គឺជាតិតតាងជាក់ស្តែងមិនអាច ប្រកែកបានដែលបញ្ជាក់ថា មេដឹកនាំខ្មែរឈ្មោះ ហ៊ុន សែន តែងតែចាត់ទុក «សិទ្ធិរស់រានមានជីវិត និងសន្តិភាព» ជារឿងសំខាន់ចាំបាច់បំផុតជាងអ្វីៗទាំងអស់។ ហើយពេលនេះ ទស្សនៈនេះបាន និងកំពុងមានតម្លៃកាន់តែខ្ពស់ ក្នុងសម័យដែលពិភពលោកកំពុងរងគ្រោះដោយ Covid-19៕
ដោយ៖ អ្នកនយោបាយតុកាហ្វេ