(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងមួយ រំឮកដល់រោងចក្រ សហគ្រាស គ្រឹះស្ថាន ជាពិសេសរោងចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ត្រូវតែអនុវត្តនូវវិធានការចំនួន១២ចំណុច ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅតាមរោងចក្រ។ បើយោងតាមសេចក្តីជូនដំណឹងដែលអង្គភាព Fresh News ទទួលបានមុននេះបន្តិច។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានប្រាប់អង្គភាព Fresh News ឱ្យដឹងថា មូលហេតុដែលក្រសួងចេញសេចក្តីជូនដំណឹងនេះ គឺដើម្បីបង្កើនការយកចិត្តទុកដាក់របស់ម្ចាស់រោងចក្រ សហគ្រាស លើការទប់ស្កាត់ជំងឺកូវីដ និងដើម្បីពង្រឹងប្រសិទ្ធភាព សេចក្តីជូនដំណឹងដែលក្រសួងបានចេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ នៅតាមរោងចក្រ ព្រមទាំងសេចក្តីណែនាំ ឬវិធាននានាដែលបានចេញផ្សាយដោយក្រសួងសុខាភិបាលនាពេលកន្លងមក។

លោកបន្តថា សេចក្តីជូនដំណឹងនេះក៏ជាការឆ្លើយតប ឬរំឮក ដល់បុគ្គលមួយចំនួនដែលមិនបានតាមដានការខិតខំយកចិត្តទុកដាក់របស់ក្រសួង ចំពោះសុខទុក្ខកម្មករ​និយោជិត តាមរោងចក្រនាពេលកន្លងមក។ តាមពិតក្រសួងបានចាត់វិធានការ តាំងពីចុងខែមករា និងបានសហការយ៉ាងជិតស្និតជាមួយ សមាគមរោងចក្រកាត់ដេរនៅ​កម្ពុជា និងម្ចាស់រោងចក្រនានា ដើម្បីអនុវត្តវិធានការការពារ រហូតធ្វើឱ្យកម្មករនិយោជិតក្នុងវិស័យនេះមិនមានការ​ឆ្លងណាមួយពីខាងក្រៅនោះឡើយ។

លោក ហេង សួរ បានបញ្ជាក់ថា ក្រសួងក៏ចង់យកឱកាសនេះថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ម្ចាស់រោងចក្រ និងកម្មករនិយោជិត ដែលបានសហការ និងយោគយល់គ្នាបានល្អនៅក្នុងការដោះស្រាយបញ្ហាប្រឈមនេះ។ ក្រសួងសង្ឃឹមថាទាំងម្ចាស់រោងចក្រ និងកម្មករនឹងបន្តវប្បធម៌សន្ទនាគ្នាប្រកបដោយភាពស្មោះត្រង់ និងយោគយល់គ្នាបន្តទៀត៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖