(ភ្នំពេញ-កំពង់ធំ)៖ ឃាតកដៃឆៅចាក់សម្លាប់បុរសជាសន្ដិសុខម្នាក់ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបានហើយ នៅខេត្តកំពង់ធំ នាល្ងាចថ្ងៃនេះទីដែលជនសង្ស័យកំពុងលាក់ខ្លួន។
លោកឧត្តមសេនីយឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា។
បើតាមលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រតិបត្តិរហូតឈានដល់តាមចាប់ខ្លួនបានជនដៃដល់នេះមានកិច្ចសហការរវាង កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជាមួយអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង, អធិការដ្ឋាននគរបាលស្រុកអង្គស្នួល និងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ឯក ង៉េង ជួ បានបញ្ជាក់ថា ជនដៃដល់ដែលកម្លាំងជំនាញតាមបង្ក្រាបបានឈ្មោះ ឈី ប៊ុនណៃ អាយុ២២ឆ្នាំ មុខរបរសន្តិសុខ ចាក់ជនរងគ្រោះឈ្មោះ ប៊ុន សុខចំរើន អាយុ ៤៦ឆ្នាំ បណ្តាលឲ្យស្លាប់ភ្លាមៗហេីយជនសង្ស័យក៏បានរត់គេចខ្លួនទៅបាត់តែម្តង។ ជនដៃដល់ខាងលេីត្រូវឃាត់ខ្លួនបាន នៅវេលាម៉ោង០៥ល្ងាចមិញនេះ នៅចំណុចភូមិព្រៃពន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្រោយពីសួរចម្លេីយបឋម ជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួនចាក់សម្លាប់ជនរងគ្រោះ ដោយសារជនរងគ្រោះប្រមាថខ្លួនថាជាមនុស្សញៀនថ្នាំ។ បច្ចុប្បន្នជនដៃដល់ត្រូវបានបញ្ជូនពីខេត្តកំពង់ធំ មកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕