(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីអំពាវនាវដល់ម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អគារ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់មជ្ឈមណ្ឌលសម្រាប់ជួលរៀបចំពិធីទាំងអស់នៅក្នុងរាជធានីភ្នំពេញ កុំកាត់លុយ ឬយកលេសទាមទារសំណង នៃការខូចខាតពីម្ចាស់កម្មវិធីដែលពន្យារពេល ឬលុបចោលនូវការរៀបចំពិធីផ្សេងៗដោយសារ Covid-19។
លិខិតរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ខាងលើ មេត្ដាយោគយល់ និងចៀសវាងការយកឱកាសនេះ ដើម្បីកេងចំណេញពីប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា។
គួរជម្រាបថា ប្រជាពលរដ្ឋ ពិសេសម្ចាស់ពិធីផ្សេងៗមួយចំនួន បានចាប់ផ្ដើមប្រកាសផ្អាកពិធីជួបជុំរបស់ខ្លួនជាបណ្ដើរៗ ដោយសារតែការរីករាលដាល នៃជំងឺឆ្លងកូវីដ១៩៕